បទល្មើសព្រៃឈើ បន្តធ្វើសកម្មភាពយ៉ាងអនាធិបតេយ្យ នាខេត្តមណ្ឌលគិរី សមត្ថកិច្ចបន្តឆ្លើយដាក់គ្នា..

ខេត្តមណ្ឌលគិរី៖ កម្លាំងសមត្ថកិច្ច ចម្រុះ និងអាជ្ញាធរខេត្តមណ្ឌលគិរី ថ្លែងថា កំពុងស៊ើបអង្កេតរកមេខ្លោង និងជនសង្ស័យពាក់ព័ន្ធករណីបង្កប់ឈើចងបណ្តែតទឹកក្រោមក្បួន ត្រៀមនាំចេញពីខេត្តមណ្ឌលគិរី ឆ្ពោះទៅកាន់ ប្រទេសវៀតណាម ដោយខុសច្បាប់។

ក្បូនឈើទំាងនោះ ត្រូវបានគេប្រទះឃើញម្ចាស់បណ្តែតមកទុក នៅចំណុចភូមិសាស្ត្រអូរហ៊ុច ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។

សមត្ថកិច្ចបានឲ្យដឹងថា ក្បូនឈើខាងលើសរុបមានចំនួន ១០ក្បូន ហើយជាប្រភេទឈើហ៊ុបមូលជាប់សម្បក និងមានដើមទំហំធំៗ..។

យ៉ាងនេះក្តី កម្លាំងសមត្ថកិច្ចចម្រុះ នៅមិនទាន់បានវាស់បរិមាណឈើទាំងនោះ ដើម្បីឲ្យដឹងពីចំនួនឈើមានប៉ុន្មានគីប ឲ្យពិតប្រាកដនោះទេ។

ចំពោះបទល្មើសនាំឈើមូលតាមក្វូនខាងលើនេះ ប្រភពមួយចំនួនបានឲ្យដឹងនៅល្ងាចថ្ងៃទី៥ ខែសីហា ឆ្នាំ២០២០ថា មន្ត្រីគណៈកម្មការចម្រុះ បានត្រៀមកោះហៅមេប៉ុស្តិ៍ចំនួនបួនកន្លែងមកសួរនាំរឿងនេះ រួមមាន៖ មេប៉ុស្តិ៍នគរបាលអូរហ៊ុច, មេប៉ុស្ដិ៍អូររ៉ាលែរ , មេប៉ុស្តិ៍អូរជុំ និងមេបញ្ជាការ គ២ នៃកងអនុសេនាធំទី២ ឈរជើងការពារព្រំដែន..។

ប្រភពបន្តទៀតថា បទល្មើសនាំឈើចេញទៅប្រទេសវៀតណាម ដែលកំពុងធ្វើសកម្មភាព នៅក្នុងខេត្តមណ្ឌលគិរី សព្វថ្ងៃនេះ គឺសមត្ថកិច្ចស្ថាប័នពាក់ព័ន្ធ ប្រចាំការនៅតាមច្រកព្រំដែនកម្ពុជា-វៀតណាម បានដឹងច្បាស់ដូចថ្ងៃ ថា ម្ចាស់ក្បូនឈើទាំង ១០ក្បូននោះជានរណានោះ ប៉ុន្តែមន្ត្រីស្ថាប័នជំនាញមួយចំនួននោះហាក់ធ្វើមិនដឹងខ្យល់អី..?។

បច្ចុប្បន្នក្បូនឈើខុសច្បាប់ទាំង ១០ខ្សែខាងលើនេះ កំពុងស្ថិតនៅ
ចំណុចអូរហ៊ុច នៃព្រំដែនកម្ពុជា-វៀតណាម។ ហើយថា ភូមិសាស្ត្រទីតាំងនោះ ពិបាកក្នុងការធ្វើដំណើរបំផុត ព្រោះសព្វថ្ងៃនេះ ខាងកងវិស្វកម្ម កំពុងតែស្ថាបនាផ្លូវតាមក្រវាត់ព្រំដែន។

ទាក់ទិនបញ្ហានេះ លោកឧត្តមសេនីយ៍ត្រី ហែម បូណារ៉ែល មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ខេត្តមណ្ឌលគិរី និងជាប្រធានគណៈកម្មាធិការបង្ក្រាបបទល្មើសធនធានធម្មជាតិថ្នាក់ជាតិ បានឲ្យប្រព័ន្ធផ្សព្វផ្សាយដឹង នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២០ថា ភ្លាមៗក្រោយប្រទះឃើញបទល្មើសលួចលាក់ និងដឹកជញ្ជូនឈើខុសច្បាប់ ចងបណ្តែតទឹកតាមក្បូនក្នុងភូមិសាស្ត្រខាងលើនេះ រូបលោកក៏បានបញ្ជាទៅមន្ត្រីជំនាញ ចុះស្រាវជ្រាវស្វែងរកម្ចាស់ឈើ ឬម្ចាស់ក្បូនទាំងនោះ ជាពិសេសអ្នកនៅពីក្រោយខ្នង នៃបទល្មើសកាប់បំផ្លាញព្រៃឈើទាំងនេះ ដើម្បីឈានទៅមានវិធានការផ្លូវច្បាប់។

បញ្ហានេះដែរ លោក កែវ សុភគ៌ ប្រធានមន្ទីរបរិស្ថាន ខេត្តមណ្ឌលគិរី បានឲ្យដឹងដែរថា កម្លាំងសមត្ថកិច្ចចម្រុះ នឹងបន្តស្វែងរកប្រភពជនពាក់ព័ន្ធ បទល្មើសកាប់បំផ្លាញឈើទាំងនោះ ឲ្យបានល្អិតល្អន់។ ព្រោះសង្ស័យថា អាចមានជាប់ពាក់ព័ន្ធ កម្លាំងយោធាការពារព្រំដែន ដែលមានតួនាទី ជាមេបញ្ជាការរងកងអនុសេនាធំទី២
ឈរជើងមើលការងារនេះ ដោយផ្ទាល់ ក្រោមការបញ្ជាពីប្រធាន និងមានមន្ត្រីចំនួនពីរនាក់ផ្សេងទៀត..។

ចំណែក លោក នួន សារ៉ន អភិបាលស្រុកកែវសីមា ដែលបានចុះពិនិត្យក្បូនបង្កប់ឈើនេះដែរ បានឲ្យដឹងថា ក្បូនឈើ ទាំង១០ខ្សែនោះ បានចត
អែបច្រាំង នៃអូរហ៊ុច លើដីនៃ ប្រទេសវៀតណាម នៅត្រង់ចំណុចបង្គោលព្រំដែនលេខ៦១ លើ២ (១) និយាមការ ០៧១៧៩៦៣, ១៣៣៩៥០៨ ស្ថិតនៅត្រង់ ភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។

លោកអភិបាលបន្តថា ក្រោយសមត្ថកិច្ចប្រទះឃើញបទល្មើសព្រៃឈើទាំងនេះភ្លាម គឺបានរាយការណ៍ជាបន្ទាន់ ស្នើសុំគោលការណ៍ពី លោកអភិបាលខេត្តមណ្ឌលគិរី និងសុំកិច្ច សហការបង្ក្រាបពីភាគីវៀតណាមផងដែរ។

អភិបាលរូបនេះ អះអាងបន្តថា ឈើបណ្តែតតាមក្បូនទាំងនេះ គឺបណ្តែតមកពីភូមិសាស្ត្រអូរហ៊ុច និងមកចតនៅចំណុចខាងលើនេះ ព្រោះពុំអាចបណ្តែតទៅមុខទៀតកើតទេ..។

លោក នួន សារ៉ន អភិបាលស្រុកកែវសីមា បន្តថា ជាជំហ៊ានដំបូង លោកបានបញ្ជាឲ្យ ដែនជម្រកសត្វព្រៃកែវសីមា សហការជាមួយ ប៉ុស្តិ៍ការពារព្រំដែន បន្តយាមកាមក្បូនឈើទាំង១០ខ្សែខាងលើនេះ ដោយប្រុងប្រយ័ត្ន និងបន្តចុះស្រាវជ្រាវវែករកមុខមហចាស់ និងអ្នកជាប់ពាក់ព័ន្ធ បទល្មើសព្រៃឈើខុសច្បាប់ទាំងនោះ ដើម្បីឈានទៅនាំខ្លួនជនល្មើស ទៅកាន់តុលាការផ្តន្ទាទោសតាមច្បាប់៕

អត្ថបទដែលជាប់ទាក់ទង