លោក ខៀវ កាញារីទ្ធ៖ មន្រ្តីរដ្ឋាភិបាល មិនត្រូវចាត់ទុកអ្នកកាសែត សរសេររិះគន់សុទ្ធតែ ពួកប្រឆាំងទាំងអស់ទេ..

រាជធានីភ្នំពេញ៖​​ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន មានប្រសាសន៍ថា មន្រ្តីរាជរដ្ឋាភិបាលទាំងអស់ គួរតែលុបបំបាត់ចោលគំនិត ដែលថា ឲ្យតែអ្នកកាសែត សរសេរអត្ថបទ ចុះផ្សាយព័ត៌មានអវិជ្ជមាន គឺសុទ្ធតែពួកប្រឆាំងឲ្យសោះ ព្រោះជួនកាលគេនិយាយត្រូវដែរ។

ថ្លែងក្នុងវេទិកាពិភាក្សា វាយតម្លៃសកម្មភាព សន្និសីទសារព័ត៌មាន ស្ដីពីវឌ្ឍនភាពការងារឆ្នាំ២០១៩ និងទិសដៅការងារបន្ដឆ្នាំ២០២០ របស់ក្រសួងស្ថាប័ន និងរដ្ឋបាលរាជធានី-ខេត្ត កាលពីថ្ងៃទី០៤ សីហា ឆ្នាំ២០២០ លោក ខៀវ កាញារីទ្ធ បញ្ជាក់ថា លោកមិនមានកង្វល់ខ្លាំងទេ ជុំវិញបញ្ហាព័ត៌មាន ក្លែងក្លាយ ហើយក៏មិនអាចយកអ្នកសរសេរព័ត៌មានក្លែងក្លាយទាំងអស់ ទៅដាក់ទោសបានដែរ សំខាន់បំផុត គឺស្ថាប័នដែលរង នូវព័ត៌មានមិនពិតទាំងអស់នោះ មិនត្រូវដេកលក់ និងត្រូវបំភ្លឺដោយព័ត៌មានពិត ឲ្យបានឆាប់រហ័ស។

លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន ឲ្យដឹងដូច្នេះ រួចបញ្ជាក់ថា “មន្ត្រីគឺចៀសដាច់ខាត ឲ្យតែគេសរសេរអាក្រក់ សុទ្ធតែពួកប្រឆាំង ឈប់អាហ្នឹងមួយ ត្រូវចោលកន្លែងហ្នឹង ត្រូវមើលថា គេសរសេរហ្នឹងវាពិតទេ ហើយវាពិត ពិតដល់ត្រឹមណា យើងដោះស្រាយយ៉ាងម៉េចវាជាការសំខាន់ មិនមែនរឿង គ្រាន់តែស្វ័យប្រវត្តិភ្លាម នរណាសរសេរអាក្រក់ សុទ្ធតែអ្នកប្រឆាំង ជួនកាលប្រឆាំងខ្លះគេនិយាយត្រូវដែរ”។

លោកបន្ថែមថា ការងារជាអ្នកនាំពាក្យរាជរដ្ឋាភិបាល , អ្នកនាំពាក្យតាមក្រសួង និងអ្នកនាំពាក្យនៅតាមអង្គភាពនីមួយៗ សុទ្ធតែជាការងារហត់នឿយ ប៉ុន្តែធ្វើជាអ្នកនាំពាក្យ កុំចាត់ទុកអ្នកការសែតជាសត្រូវឲ្យសោះ។

លោក ខៀវ កាញារីទ្ធ បន្តទៀតថា “ការងារជាអ្នកនាំពាក្យរាជរដ្ឋាភិបាល អ្នកនាំពាក្យតាមក្រសួង អ្នកនាំពាក្យតាមអង្គភាពនីមួយៗ សុទ្ធតែជាការងារហត់នឿយ ប៉ុន្តែទី១ ធ្វើជាអ្នកនាំពាក្យ កុំចាត់ទុកអ្នកការសែតជាសត្រូវនេះសំខាន់បំផុតហើយ, ទី២ធ្វើជាអ្នកនាំពាក្យកុំខឹងអ្នកការសែតអោយសោះ បើខឹងគឺចាញ់អ្នកការសែតហើយ”។

លោករដ្ឋមន្ត្រីបន្ថែមថា នៅលើពិភពលោក គ្មានកាសែតណាឯករាជ្យសុទ្ធនោះទេ ដូច្នេះកុំអួតខ្លួនថា ឯករាជ្យឲ្យសោះព្រោះឯករាជ្យក្នុងន័យនេះ គឺឯករាជ្យក្នុងការគិតរបស់យើង គ្មានអ្នកណាមកគាបសង្កត់ ឲ្យនិយាយ ឬសរសេរពីនេះពីនោះឡើយ។

លោក ខៀវ កាញារីទ្ធ លើកឡើងថា យើងកុំភ្លេចថា គោលការណ៍ របស់ក្រុមប្រឆាំងគឺមាន ២ជាប់ជានិច្ច ទី១- ធ្វើយ៉ាងណាឱ្យខ្សោយកិត្យានុភាព នៃគណបក្សកាន់អំណាច បានន័យថា វៃយកចំណុចខ្សោយ និងទី២- គេឆ្កឹះរឿងនេះ ឆ្កឹះរឿងនោះ ដើម្បីឲ្យយើងប្រតិកម្ម ហើយពេលដែលយើងប្រតិកម្ម ដូចជួយផ្សាយឲ្យគេវិញអីចឹង៕

ដោយ៖ ទូច សត្យា

អត្ថបទដែលជាប់ទាក់ទង