មន្ត្រីនគរបាលនិយាយថា គ្រោះថ្នាក់ចរាចរណ៍ស្លាប់មនុស្សស្ទើររាល់ថ្ងៃ នៅខេត្តព្រះសីហនុ ទាមទារឲ្យអ្នកបើកបរប្រុងប្រយ័ត្ន

ខេត្តព្រះសីហនុ៖ សមត្ថកិច្ចនគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ បានបន្តកើតឡើងស្ទើរជារៀងរាល់ថ្ងៃ
ដែលទាមទារឲ្យអ្នកប្រើប្រាស់ផ្លូវ ជាពិសេសអ្នកបើកបរយានយន្តគ្រប់ប្រភេទ ត្រូវប្រុងប្រយ័ត្ន និងគោរពច្បាប់ចរាចរណ៍ផ្លូវគោកឲ្យបានទាំងអស់គ្នាជាប្រចាំ..។

សមត្ថកិច្ចនគរបាលចរាចរណ៍ បានឲ្យដឹងទៀតថា គ្រោះចរាចរណ៍ ដែលកើតឡើងនៅក្នុងមូលដ្ឋានខេត្តព្រះសីហនុ ជាពិសេសនៅតាមផ្លូវក្នុងទីប្រជុំជនក្រុងព្រះសីហនុ និងនៅតាមផ្លូវជាតិលេខ៤ តែងបណ្តាលឲ្យមានមនុស្សស្លាប់ និងរងរបួសស្ទើរជារៀងរាល់លើក
នៅពេលមានគ្រោះថ្នាក់ចរាចរណ៍កើតឡើងម្តងៗ..។

ជាក់ស្តែង កាលពីម៉ោងជាង ០១រសៀល​​ថ្ងៃ​ទី​០៦​ ខែសីហា​ ឆ្នាំ​២០២០​ គឺនៅចន្លោះ​គីឡូម៉េត្រ​លេខ​១១៥-១១៦​ ស្ថិតក្នុងភូមិស្ទឹងសំរោង ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ មានគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត និងម៉ូតូ បើបរក្នុងទិសដៅស្របគ្នា ចេញពីខេត្តព្រះសីហនុ​ ឆ្ពោះទៅ រាជធានីភ្នំពេញ។

គ្រោះថ្នាក់នេះ សមត្ថកិច្ចបញ្ជាក់ថា រថយន្តបង្កគ្រោះថ្នាក់ចរាចរណ៍ខាងលើម៉ាក ម៉ាស់ស្ដាពណ៌ស ពាក់ស្លាកលេខ​ ព្រះសីហនុ 2B-0097 ជិះគ្នា០៤នាក់​ បើកបរដោយឈ្មោះ​ គុយ រតនៈ​ ភេទប្រុស អាយុ៣៨ឆ្នាំ​ មានទីលំនៅភូមិ៣ សង្កាត់៤ ក្រុងព្រះសីហនុ បានបុកប៉ះពីក្រោយម៉ូតូម៉ាក C125 ពាក់​ស្លាក​លេខ​ ​ព្រះសីហនុ​ 1F-2374 បណ្ដាលឲ្យ អ្នកបើកបរម៉ូតូឈ្មោះ ជា វណ្ណនាង ភេទប្រុស​ អាយុ១៩ឆ្នាំ មានទីលំនៅភូមិស្ទឹងសំរោង ឃុំអូរបាក់រទេះ ស្រុកំពង់សីលា ខេត្តព្រះសីហនុស្លាប់។

ក្រោយកើតហេតុរថយន្ត និងម៉ូតូត្រូវបានកម្លាំងសមត្ថកិច្ចជំនាញ បាននាំយកទៅរក្សាទុកនៅ អធិការដ្ឋាននគរបាលស្រុកកំពង់សីលា​ ដេីម្បី​បន្តនីតិវិធីនៅពេលក្រោយ៕

អត្ថបទដែលជាប់ទាក់ទង