ប្រជាពលរដ្ឋក្រីក្រ៥៤២គ្រួសារ នៅស្រុកស្ទឹងហាវ ទទួលជំនួយពីសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ៖ ប្រជាពលរដ្ឋក្រីក្រ ជួបការលំបាកចំនួន ៥៤២គ្រួសារ រស់នៅស្រុកស្ទឹងហាវ បានទទួលជំនួយមនុស្សធម៌ពីកាកបាទក្រហមកម្ពុជា តាមរយៈសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ ដើម្បីជួយសម្រាលទុក្ខលំបាកប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋ ក្នុងអំឡុងពេល ពិភពលោក ក៏ដូចជាប្រទេសកម្ពុជា កំពុងជួបវិបត្តិជំងឺវីដ-១៩ ដ៏គួរឲ្យព្រួយបារម្ភមួយនេះ..។

កម្មវិធីនេះ រៀបចំឡើងនៅព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២០ ដោយមានវត្តមាន លោក ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ, លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត, លោកឧកញ៉ា ទៀ វិចិត្រ អនុប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ, លោកឧកញ៉ា ស៊ុន រី សមាជិកសាខាកាកបាទក្រហមខេត្ត ព្រមទាំងលោកឧកញ៉ា-លោក-លោកស្រី ដែលជាសមាជិកគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត និងកាកបាទក្រហមស្រុកស្ទឹងហាវ បានចូលរួមយ៉ាងច្រើនកុះករផងដែរ។

នាឱកាសនោះដែរ លោក ឆាយ សុគន្ធដា អភិបាលស្រុកស្ទឹងហាវ បានឲ្យដឹងថា ប្រជាពលរដ្ឋក្រីក្ររស់នៅមូលដ្ឋានស្រុកស្ទឹងហាវ ដែលពួកគាត់ បានជួបបញ្ហាខ្វះខាតជីវភាពប្រចាំថ្ងៃ ក្នុងអំឡុងពេលជំងឺកូវីដ-១៩ ចូលមករាតត្បាតប្រទេសកម្ពុជា ក៏ដូចជាខេត្តព្រះសីហនុ មានចំនួនសរុប ៥៤២គ្រួសារ។

 

ចំណែក លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្ដព្រះសីហនុ បានឲ្យដឹងដែរថា ជំនួយមនុស្សធម៌ ដែលកាកបាទក្រហមកម្ពុជា នាំយកមកចែកជូនពលរដ្ឋក្រីក្រជួបការលំបាក ក្នុងអំឡុងពេលជំងឺកូវីដ-១៩ រាតត្បាតនេះរួមមាន៖ ឃីត១សម្រាប់ (ភួយ១ មុង១ ក្រមា១ សារុង១), អង្ករ ២៥គីឡូក្រាម, មី ១កេស, ត្រីខ, ទឹកស៊ីអីវ, ទឹកសុទ្ធ, ម៉ាស់ និង ថវិកា ៥០,០០០ ៛ (ប្រាំម៉ឺនរៀល) ក្នុងមួយគ្រួសារៗ។

បន្ថែមលើនេះ លោក គួច ចំរើន ក៏បានផ្សព្វផ្សាយពីការអនុវត្ត​កម្មវិធី “ឧបត្ថម្ភសាច់ប្រាក់ ជូនពលរដ្ឋមានជីវភាពក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលជំងឺកូវីដ-១៩” របស់​រាជរដ្ឋាភិបាល​ ក្រោមការដឹកនាំ របស់សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជា ជូនដល់បងប្អូនប្រជាពលរដ្ឋក្រីក្រ ដែលបានទទួលកាតវីង ហើយត្រូវបានអាជ្ញាធរប្រគល់ជូនរួចហើយនោះ ដើម្បីយកទៅបើកប្រាក់ឧបត្ថម្ភ សម្រាប់ផ្គត់ផ្គង់ជីវភាពរស់នៅប្រចាំថ្ងៃ ដែលរាជរដ្ឋាភិបាលប្រគល់ជូនដល់បងប្អូនប្រជាពលរដ្ឋ ក្នុងឱកាសនៃជំងឺកូវី-១៩ កំពុងឆ្លងរាតត្បាត។

 

ព្រមជាមួយគ្នានេះ លោក គួច ចំរើន ក៏បានផ្សព្វផ្សាយឲ្យស្ត្រី ដែលមានផ្ទៃពោះ ត្រូវទៅពិនិត្យនៅតាមមណ្ឌលសុខភាពនានា ឲ្យបានទៀងទាត់ ប្រយោជន៍ដើម្បីឲ្យប្រាកដថា ទាំងម្ដាយនិងទារក នៅក្នុងផ្ទៃ ត្រូវតែមានសុខភាពល្អ។ ហើយថា ចំពោះការទៅពិនិត្យសុខភាពឲ្យបានទៀងទាត់ គឺរាជរដ្ឋាភិបាលកម្ពុជា ក៏មានកញ្ចប់ថវិកា សម្រាប់ជួយសម្រួលដល់ប្រជាពលរដ្ឋ ពេលធ្វើដំណើរទៅពិនិត្យផ្ទៃពោះ នៅតាមមណ្ឌលសុខភាព នានា តាមការកំណត់ របស់គ្រូពេទ្យផងដែរ៕

អត្ថបទដែលជាប់ទាក់ទង