ក្រសួងពាក់ព័ន្ធចំនួន៣ រួមគ្នាពិនិត្យពិភាក្សា ត្រៀមបើកឲ្យដំណើរការគ្រឹះស្ថានសិក្សាឡើងវិញ..

រាជធានីភ្នំពេញ៖ ក្រសួងពាក់ព័ន្ធចំនួន ០៣ បានរួមគ្នាពិនិត្យ និងពិភាក្សា ត្រៀមបើកឲ្យដំណើរការគ្រឹះស្ថានសិក្សាឡើងវិញ ខណៈគ្រឹះស្ថានសិក្សានៅទូទាំងប្រទេសកម្ពុជា ត្រូវបានផ្អាកដំណើរការចាប់តាំងពីថ្ងៃទី១៦ ខែមីនា ឆ្នាំ ២០២០មកម៉្លេះ។

សេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានដឹងថា លោក អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង ជាប្រធានគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (គ.ស.ប) បានដឹកនាំកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិនិត្យ និងពិភាក្សាលើ “សេចក្តីព្រាងយុទ្ធសាស្ត្រស្តីពី ការបើកដំណើរការគ្រឹះស្ថានសិក្សាឡើងវិញ ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា, លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ព្រមទាំងថ្នាក់ដឹកនាំជាន់ខ្ពស់មកពីតាមបណ្តាក្រសួង-ស្ថាប័នពាក់ព័ន្ធមួយចំនួនទៀត។

ក្នុងកិច្ចពិភាក្សាគ្នានោះ អង្គប្រជុំបានសំរេចថា នៅក្នុងឆ្នាំ២០២០-២០២១នេះ គ្រឹះស្ថានសិក្សាគ្រប់ប្រភេទ នឹងមិនអាចមានដំណើរការបានដូចមុនពេលមានវិបត្តិ នៃជំងឺកូវី-១៩ បានឡើយ។ មានន័យថា គ្រឹះស្ថាន-សិក្សា ត្រូវសម្របសម្រួលទៅតាម ជីវិតរស់នៅធម្មតាតាមគន្លងបែបថ្មី (New Normal Life) តាមរយៈការអនុវត្តវិធានការសុវត្ថិភាពសិក្សា ដើម្បីការពារសុវត្ថិភាពអ្នកសិក្សា, បុគ្គលិកសិក្សា, បុគ្គលិកបម្រើការផ្សេងទៀត និងផ្តល់ទំនុកចិត្តដល់មាតាបិតា។

ក្នុងបរិការណ៍នេះ, ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំយុទ្ធសាស្ត្រស្តីពី ការបើកដំណើរការគ្រឹះស្ថានសិក្សាឡើងវិញ ដោយឈរលើអភិក្រម ០២ គឺ៖

១- ការបើកដំណើរការឡើងវិញតាមដំណាក់កាល នូវគ្រឹះស្ថានសិក្សា ដែលអាចអនុវត្តបានត្រឹមត្រូវតាមស្តង់ដាសុវត្ថិភាពសុខភាព

២- ការបន្តអនុវត្តវិធីសាស្រ្ត នៃការសិក្សាតាមបែបចម្រុះ គឺការសិក្សាក្នុងថ្នាក់រៀន ការសិក្សាពីចម្ងាយតាមប្រព័ន្ធអេឡិចត្រូនិក (distance and e-learning) និងតាមបែបប្រពៃណី (សន្លឹកកិច្ចការជំនួយ) រួមទាំងការធ្វើស្វ័យសិក្សា (សម្រាប់សិស្សនៅទីជនបទ)។

ប្រភពដដែលបន្តថា ដោយឈរលើអភិក្រមទាំង០២ខាងលើនេះ យុទ្ធសាស្ត្រស្តីពីការបើកដំណើរការគ្រឹះស្ថានសិក្សាឡើងវិញ ត្រូវបានរៀបចំឡើងដោយឈរលើគោលការណ៍ ចំនួន ០៥ចំណុច រួមមាន៖

១- ក្រសួងរៀបចំការបើក ដំណើរការគ្រឹះស្ថានសិក្សាឡើងវិញជា ០៣ ដំណាក់កាលជាបន្តបន្ទាប់គ្នា

២- គ្រឹះស្ថានសិក្សាមិនទាន់អាចដំណើរការឡើងវិញ ពេញលេញនៅឡើយ និងត្រូវអនុវត្ត នូវវិធីសាស្ត្រចម្រុះ គឺការសិក្សាពីចម្ងាយតាមប្រព័ន្ធអេឡិចត្រូនិក និងតាមប្រព័ន្ធប្រពៃណី (សម្រាប់ទីជនបទ) រួមជាមួយនឹងការសិក្សានៅក្នុងថ្នាក់រៀន

៣- ការអនុញ្ញាតឱ្យបើកដំណើរការគ្រឹះស្ថានសិក្សាឡើងវិញតាមដំណាក់កាលនីមួយៗ បន្ទាប់ពីគ្រឹះស្ថានសិក្សាទាំងនោះបានត្រៀមខ្លួនរួចរាល់ និងអនុវត្តបានត្រឹមត្រូវតាមលក្ខខណ្ឌតម្រូវសុវត្ថិភាពដែលកំណត់ដោយក្រសួងសុខាភិបាល និងលក្ខខណ្ឌតម្រូវបច្ចេកទេសនៃការសិក្សា និងការបង្រៀន ដែលកំណត់ដោយក្រសួងអប់រំ យុវជន និងកីឡា

៤- ការបើកដំណើរការគ្រឹះស្ថានសិក្សាឡើងវិញ គឺឈរលើគោលការណ៍ស្ម័គ្រចិត្ត ដោយមានការទទួលខុសត្រូវខ្ពស់ និងការប្តេជ្ញាចិត្ត ក្នុងការអនុវត្តវិធានការសុវត្ថិភាព សុខភាព របស់ក្រសួង សុខាភិបាល និងអង្គការសុខភាពពិភពលោក ព្រមទាំងមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់

៥- ការបើកដំណើរការគ្រឹះស្ថានសិក្សាឡើងវិញ ក៏ឈរលើគោលការណ៍ នៃទីតាំងភូមិសាស្ត្រនិងកម្រិតហានិភ័យ របស់ការរាលដាល នៃជំងឺកូវី-១៩៕

ប្រភព៖ ក្រសួងព័ត៌មាន

 

អត្ថបទដែលជាប់ទាក់ទង