ជនជាតិចិនមួយក្រុម ធ្វើសកម្មភាពល្មើសបង្កការភ័យខ្លាច កក្រើកក្រុងព្រះសីហនុទៀតហើយ..

ខេត្តព្រះសីហនុ៖ កម្លាំងសមត្ថកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានបើកយុទ្ធនាការចុះបង្ក្រាប ករណីជនសង្ស័យជនជាតិចិនមួយក្រុម បានធ្វើសកម្មភាពដាក់ថ្នាំសណ្តំចូលទៅក្នុងស្រាបៀរ ឲ្យជនរងគ្រោះ ជាជនជាតិចិនដូចគ្នាផឹក ដើម្បីឲ្យវង្វេងស្មារតី ហើយបង្ខំឲ្យវេលុយតាមវីឆាត (Wchat) ចូលទៅក្នុងគណនី របស់ជនសង្ស័យ អស់ទឹកប្រាក់ជិត ៦ម៉ឺន ៥ពាន់ដុល្លារសហរដ្ឋអាមេរិក (៦៤,៨៩០ដុល្លារ)។

សមត្ថកិច្ចនគរបាល ឲ្យដឹងថា បទល្មើសនេះ កម្លាំងជំនាញ បានចុះបង្ក្រាប និងចាប់ខ្លួនជនល្មើសចំនួន ០៤នាក់ នៅយប់ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២០ ក្រោយសមត្ថកិច្ច ទទួលបានពាក្យបណ្តឹងពីជនរងគ្រោះ ក្នុងរយៈពេលមួយសប្តាហ៍ក្រោយថ្ងៃកើតហេតុ។

សមត្ថកិច្ចបន្តទៀតថា ករណីដាក់ថ្នាំសណ្តំក្នុងស្រាបៀរ ឲ្យជនរងគ្រោះជនជាតិចិន ដែលមានជនល្មើសជាជនជាតិចិនដូចគ្នា រួចបំភ័ន្តឲ្យជនរងគ្រោះវេលុយតាមវីឆាត ទៅកាន់គណនី របស់ជនសង្ស័យខាងលើនេះ មានទឹកប្រាក់ចំនួន ៦៤,៨៩០ដុល្លារសហរដ្ឋអាមេរិក (ប្រាំមួយម៉ឺនបួនពាន់ប្រាំបីរយកៅសិបដុល្លាអាមេរិក)។ ហើយថា បទល្មើសនេះ បានកើតឡើងនៅអាហារដ្ឋាន ឬហាងបាយជប៉ុន មួយកន្លែង ស្ថិតក្នុងសង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ កាលពីល្ងាចថ្ងៃទី០២ ខែសីហា ឆ្នាំ២០២០។

សមត្ថកិច្ចបន្តថា ជនរងគ្រោះក្នុងសំណុំរឿងដាក់ថ្នាំសណ្តំនេះឈ្មោះ Lie Hua Sen ភេទ ប្រុស អាយុ៣៩ឆ្នាំ ជនជាតិចិន មុខរបរអ្នកសាងសង់សំណង់ ស្នាក់នៅផ្ទះជួលជិតឧតុនិយម សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ បានបាត់បង់ប្រាក់អស់ចំនួន ៤៥០,៩៩២យ័ន ឬស្មើ ៦៤,៨៩០ដុល្លារអាមេរិក។

យ៉ាងណាក៏ដោយចុះ ក្រោយទទួលបានពាក្យបណ្តឹងពីជនរងគ្រោះ សមត្ថកិច្ចជំនាញ ក៏បានបើកយុទ្ធនាការចុះស្រាវជ្រាវវែករកមុខជនសង្ស័យ រហូតឈានដល់កំណត់មុខសញ្ញាចាប់ខ្លួនជនសង្ស័យបានចំនួន ០៤នាក់ រួមមាន៖

១- ឈ្មោះ Wang Bin ភេទ ប្រុស អាយុ ៣០ឆ្នាំ ជនជាតិចិន មុខរបរមិនពិតប្រាកដ ស្នាក់នៅមិនពិត ប្រាកដ។

២- ឈ្មោះ Li Zhi Shun ភេទ ប្រុស អាយុ ២១ឆ្នាំ ជនជាតិចិន មុខរបរលក់សាច់អាំង ស្នាក់នៅមិនពិតប្រាកដ។

៣- ឈ្មោះ Zhou Wei You ភេទ ប្រុស អាយុ៤៤ ឆ្នាំ ជនជាតិ ចិន មុខរបរមិនពិតប្រាកដ ស្នាក់នៅ មិនពិតប្រាកដ។

៤- ឈ្មោះ Pei Quay ភេទ ប្រុស អាយុ ២៣ឆ្នាំ ជនជាតិចិន មុខរបរមិនពិតប្រាកដ ស្នាក់នៅមិនពិត ប្រាកដ។

សមត្ថកិច្ចបន្តថា ការចាប់ខ្លួនជនសង្ស័យទាំង០៤នាក់នេះ ធ្វើឡើង ដោយយោងតាមលទ្ធផល ដែលទទួលបានពីការធ្វើពិសោធន៍ នៃមន្ទីរពេទ្យចិន “ថៃខាង” និង យោងតាមរូបភាព នៃកាមេរ៉ាសុវត្ថិភាព នៅក្នុងអាហារដ្ឋាន ជប៉ុន ទើបឈានដល់កម្លាំងជំនាញ បានចុះស្រាវជ្រាវ និងកំណត់មុខសញ្ញាឈានដល់ចាប់ឃាត់ខ្លួនជនសង្ស័យបានចំនួន ០៤នាក់។

បច្ចុប្បន្ន ជនសង្ស័យទាំង ០៤នាក់ ត្រូវបានកម្លាំងនគរបាលជំនាញ នៃស្នងការដ្ឋានខេត្តព្រះសីហនុ ធ្វើការសាកសួរ ដើម្បីឈានទៅកសាងសំណុំរឿង បញ្ចូនទៅកាន់សាលាដំបូងខេត្តព្រះសីហនុ ចាត់ការតាមនីតិវិធីច្បាប់ជាបន្តទៀត។

ទាក់ទិនបទល្មើសនេះ សម្រាប់មន្ត្រីឃ្លាំមើលសិទ្ធិមនុស្ស និងប្រជាពលរដ្ឋរស់នៅក្រុងព្រះសីហនុ ថ្លែងចាត់ទុកសំណុំរឿងខាងលើនេះ ថាជាបទល្មើសថ្មីមួយទៀត បង្កឲ្យមានការព្រួយបារម្ភពីបញ្ហាអសន្តិសុខ ដល់ការរស់នៅ របស់ប្រជាពលរដ្ឋ, អាជីវករ, អ្នកវិនិយោគទុន និងភ្ញៀវទេសចរជាតិ-អន្តរជាតិ ដែលបង្កឡើងដោយជនសង្ស័យ ឬជនល្មើសជាជនជាតិចិន ក្នុងមូលដ្ឋានខេត្តព្រះសីហនុ៕

អត្ថបទដែលជាប់ទាក់ទង