កម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ចុះបង្ក្រាបជនសង្ស័យជនជាតិចិន២៩នាក់ ពាក់ព័ន្ធបទល្មើសចាប់ជំរិតមនុស្សទារប្រាក់

រាជធានីភ្នំពេញ៖ កម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានចុះបង្ក្រាបជនសង្ស័យជនជាតិចិនចំនួន ២៩នាក់ កាលពីម៉ោង ១២ និង៣០នាទី រសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ នៅចំណុច សណ្ឋាគារឈ្មោះ “កណ្តាលសួនច្បារ” ស្ថិតក្នុងសង្កាត់ចតុមុខ រាជធានីភ្នំពេញ។

លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ មានប្រសាសន៍ថា ក្រោមការសម្របសម្រួលពីព្រះរាជអាជ្ញារងរាជធានីភ្នំពេញ ឆាយ ហុង និងអាជ្ញាធរពាក់ព័ន្ធខណ្ឌដូនពេញ បានចុះបង្ក្រាបជនជាតិចិនមួយក្រុម ដោយឃាត់ខ្លួនជនជាតិចិនចំនួន ២៩នាក់ (ស្រី០៣នាក់) ពាក់ព័ន្ធបទល្មើសចាប់ជនជាតិចិនដូចគ្នា ជំរិតទារប្រាក់។

ប្រតិបត្តិការខាងលើនេះ ធ្វើឡើងបន្ទាប់ពីសមត្ថកិច្ចទទួលបានព័ត៌មានមកថា មានក្រុមជនសង្ស័យជនជាតិចិនមួយក្រុម បានជាប់ពាក់ព័ន្ធករណីចាប់ជំរិតមនុស្សទារប្រាក់លើជនជាតិចិនដូចគ្នា។ ប្រតិបត្តិការនេះ កម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ក៏បានរំដោះជនរងគ្រោះចំនួន ០៣នាក់ផងដែរ។

លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បញ្ជាក់ថា បច្ចុប្បន្ន សមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ កំពុងសួរនាំជនសង្ស័យទាំង ២៩នាក់ ដើម្បីឈានដល់កសាងសំណុំរឿង បញ្ចូនជនសង្ស័យទាំងនោះ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ បន្តនីតិវិធីតាមផ្លូវច្បាប់៕

អត្ថបទដែលជាប់ទាក់ទង