រាជរដ្ឋាភិបាលកម្ពុជា សម្រេចផ្អាកប្រារព្ធព្រះរាជពិធីបុណ្យអុំទូក សម្រាប់ឆ្នាំ២០២០នេះ..

រាជធានីភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចផ្អាក មិនប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅឆ្នាំ២០២០នេះទេ ហើយក៏មិនបានបញ្ជាក់ពីមូលហេតុ នៃការផ្អាក ឲ្យបានពិស្តារនោះដែរ។

យោងតាមលិខិតរបស់ទីស្តីការគណៈរដ្ឋមន្ត្រី ផ្ញើជូនសម្តេចចៅហ្វាវាំង គង់ សំអុល រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង និងជាប្រធានគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ និងអន្តរជាតិ ចុះថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០ ឲ្យដឹងថា ការសម្រេចនេះធ្វើឡើងតាមសំណើ របស់គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ និងអន្តរជាតិ។

យ៉ាងនេះក្តី មន្ត្រីគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ និងអន្តរជាតិ បញ្ជាក់ថា ការសម្រេចផ្អាកពិធីបុណ្យអុំទូកឆ្នាំនេះ ដោយយោងទៅលើស្ថានភាព នៃការរីករាលដាលជំងឺកូវីដ-១៩។

មន្ត្រីដដែលបន្តថា ពិធីបុណ្យនេះ នឹងមានការប្រមូលផ្តុំមនុស្សច្រើន គឺអាចមានហានិភ័យខ្ពស់ ក្នុងការឆ្លងជំងឺកូវីដ-១៩។

គួររំលឹកថា ជារាល់ឆ្នាំ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក តែងប្រារព្ធធ្វើឡើងនៅតាមដងទន្លេសាប មុខព្រះបរមរាជវាំង ក្នុងរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី៣០, ៣១ ខែតុលា ដល់ថ្ងៃទី០១ ខែវិច្ឆិកា នៅតាមដងទន្លេសាប។

ប៉ុន្តែព្រះរាជពិធីបុណ្យនេះ ក៏ធ្លាប់បានផ្អាកជាបន្តបន្ទាប់មកដែរ ពោលគឺ ឆ្នាំដែល សម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ យាងសោយទិវង្គត និងពេល ប្រទេសកម្ពុជា ជួបនឹងវិបត្តិទឹកជំនន់ ឬវិបត្តិសង្គមផ្សេងៗ៕

អត្ថបទដែលជាប់ទាក់ទង