សភាពាណិជ្ជកម្មខេត្តព្រះសីហនុ កំពុងយកចិត្តទុកដាក់ក្នុងការភ្ជាប់ទំនាក់ទំនង រវាងសហគ្រាសខ្នាតតូច-មធ្យម និងវិស័យធនាគារ

ខេត្តព្រះសីហនុ៖ លោកឧកញ្ញ៉ា វណ្ណសុខ ហេង ប្រធានសភាពាណិជ្ជកម្ម សាខាខេត្តព្រះសីហនុ មានប្រសាសន៍ថា សហគ្រាសខ្នាត តូច និង មធ្យម គឺជាចលករមួយដ៏សំខាន់ ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច ក្នុងចំណោមវិស័យសំខាន់ៗជាច្រើន ដែលទាំងអស់គ្នា ត្រូវតែបង្កើនការគាំទ្រ និងស្វែងយល់ នូវចំណុចខ្វះខាត ជាពិសេសការទទួលបាននូវហិរញ្ញបទាន ពីវិស័យពាក់ព័ន្ឋ។

លោកឧកញ្ញ៉ា ឲ្យដឹងដូច្នេះ ធ្វើឡើងនៅក្នុងសិក្ខាសាលាស្តីពីការទទួលបាន ហិរញ្ញបទាន របស់សហគ្រាសធុនតូច និង មធ្យម កាលពីរសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០ នៅសណ្ឋាគារសុខា ខេត្តព្រះសីហនុ។

លោកឧកញ៉ាបន្តថា តាមរយៈសិក្ខាសាលានេះ បានឆ្លុះបញ្ចាំងអំពីការសហការណ៍គ្នា ក្នុងវិស័យឯកជន រវាងធនាគា និង ពាណិជ្ជករ អាជីវករ សហគ្រាសខ្នាតតូច និង មធ្យម ដើម្បីរួមគ្នាបង្កើនល្បឿន នៃការកសាង និង អភិវឌ្ឍន៍ប្រទេសជាតិ។

តាមរយៈសិក្ខាសាលានេះ លោកឧកញ្ញ៉ា វណ្ណសុខហេង រំពឹងថា វាជាប្រទីមមួយ ជាស្ពានមួយ ដ៏មានតម្លៃ ក៏ដូចជាវេទិកាមួយ ដ៏មានអត្ថប្រយោជន៍ ក្នុងការផ្លាស់ប្តូរយោបល់ និង បទពិសោធន៍ ទាំងភាពងាយស្រួល និង បញ្ហាប្រឈម រវាងវិស័យធនាគារ និងពាណិជ្ជករ អាជីវករ សហគ្រាសខ្នាតតូច និង មធ្យម។

ជាការឆ្លើយតប ក្រុមអាជីវករ ឬពាណិជ្ជករ ក៏បានស្នើឲ្យវិស័យធនាគារ មេត្តាជួយបង្កការងាយស្រួលដល់ពួកគាត់ផង ខណៈបច្ចុប្បន្ននេះ ទាំងពិភពលោក ក៏ដូចកម្ពុជា កំពុងមានវិបត្តិសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ បណ្តាលមកពីជំងឺកូវិត-១៩។

ជាងនេះទៀត តំណាង អាជីវករ ពាណិជ្ជករ ក៏បានស្នើឲ្យវិស័យធនាគារ គ្រឹះស្ថានមិក្រូហិរញ្ញវត្ថុ ជួយសម្របសម្រួលដល់ បងប្អូនប្រជាពលរដ្ឋ អាជីវករ ដែលមានបំណងប្រកបរបរកសិកម្ម និង វារីវប្បកម្ម ដែលកន្លងមកវិស័យធនាគារ គ្រឹះស្ថានមិក្រូហិរញ្ញវត្ថុ ពុំសូវមានការចាប់អារម្មណ៍ ដោយមុខរបរនេះ ការទទួលប្រាក់ចំណូលមានរយៈពេលយូ ជាមុខរបរផ្សេងៗ។

នាឱកាសនោះដែរ ក៏មានការចែក នូវវិញ្ញាបនប័ត្រ ជូនដល់សមាជិកសកម្ម នៃសភាពាណិជ្ជកម្ម ខេត្តព្រះសីហនុ ចំនួន៣០ នាក់ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង