យប់មិញនេះ មានករណីជនល្មើសមួយក្រុម ចាប់មនុស្សស្រីញាត់ចូលរថយន្តបើកចេញបាត់ និងបង្កការភ្ញាក់ផ្អើលកក្រើកក្រុងព្រះសីហនុ

ខេត្តព្រះសីហនុ៖ សមត្ថកិច្ចនគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា នៅ​ម៉ោងជាង១០ យប់ថ្ងៃ​ទី១៣ ខែសីហា ឆ្នាំ២០២០ មានករណីជនល្មើសមួយក្រុម បានធ្វើសកម្មភាពចាប់មនុស្សបញ្ជូល ក្នុងរថយន្តនៅចំណុចហាង លក់សម្លៀកបំពាក់ “កូកូ” ផ្លូវកែងអរីមហោស្រព ស្ថិតក្នុងសង្កាត់លេខ២ ក្រុងព្រះសីហនុ។

របាយការណ៍របស់សមត្ថកិច្ចនគរបាល ឲ្យដឹងថា ករណីចាប់មនុស្សញាត់ចូលក្នុងរថយន្តខាងលើនេះ ជនសង្ស័យមានគ្នាចំនួន ០៣នាក់ និងមានភិនភាគដូចខាងក្រោម៖

១- មនុស្សប្រុស ពាក់អាវយឺតដៃខ្លី ពណ៌ខៀវចាស់, ស្លៀកខោខ្មៅជើងវែង និងពាក់មួកខ្មៅ

២- មនុស្សប្រុស ពាក់អាវយឺតដៃខ្លី ពណ៌ខ្មៅ, ស្លៀកខោខ្មៅជើងវែង និងពាក់មួកខ្មៅ

៣- តៃកុងឡាន មិនចុះពីលើឡាន
ទេ។

របាយការណ៍ដដែលបញ្ជាក់ថា រថយន្តបើកធ្វើសកម្មភាព របស់ជនល្មើស ម៉ាកហាយឡេនឌ័រ (HIGHLANDER)​ ពណ៌ទឹកមាស មិនចាំស្លាកលេខ ហើយបានធ្វើសកម្មភាពចាប់មនុស្សស្រីម្នាក់ពាក់រូបពណ៌ខ្មៅ សែងដាក់ចូលទៅក្នុងរថយន្ត រួចបើកចេញទៅតាមផ្លូវជាតិលេខ៤។

បច្ចុប្បន្ននេះ កម្លាំង​សមត្ថកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ កំពុងចុះស្រាវជ្រាវ និងបានសហការជាមួយសមត្ថកិច្ចស្ថាប័នពាក់ព័ន្ធ នៅតាមមូលដ្ឋាន និងបណ្តាខេត្តនានា ដើម្បីឈានទៅស្ទាក់ចាប់ជនល្មើស យកមកផ្តន្ទាទោស ក្នុងពេលឆាប់ៗនេះ៕

អត្ថបទដែលជាប់ទាក់ទង