កម្លាំងនគរបាលខេត្តព្រះសីហនុ បានរំដោះស្ត្រីចិនម្នាក់ ដែលជនល្មើសចាប់ញាត់ចូលរថយន្ត កាលពីយប់មិញនោះបានហើយ ប៉ុន្តែជនល្មើស..

ខេត្តព្រះសីហនុ៖ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានឲ្យប្រព័ន្ធផ្សព្វផ្សាយដឹងថា ព្រឹកថ្ងៃសុក្រ ទី១៤ ខែសីហានេះ កម្លាំងសមត្ថកិច្ចជំនាញ របស់លោក បានចុះស្រាវជ្រាវមុខសញ្ញាជនល្មើសមួយក្រុម ដែលកាលពីរាត្រីថ្ងៃ​ទី១៣ ខែសីហា ឆ្នាំ២០២០ ចន្លោះម៉ោង ១០ ទៅម៉ោង ១១យប់ បានធ្វើសកម្មភាពចាប់មនុស្សស្រីម្នាក់ សែងញាត់បញ្ជូល ក្នុងរថយន្តនៅមុខហាង លក់សម្លៀកបំពាក់យីហោ “កូកូ” មានទីតាំងនៅចំណុចផ្លូវកែងអតីតមហោស្រពចាស់ ស្ថិតក្នុងសង្កាត់លេខ២ ក្រុងព្រះសីហនុ។

លោក ជួន ណារិន្ទ បន្តថា ករណីខាងលើនេះ ជនសង្ស័យមានគ្នាចំនួន ០៣នាក់ និងមានភិនភាគដូចខាងក្រោម៖

១- មនុស្សប្រុស ពាក់អាវយឺតដៃខ្លី ពណ៌ខៀវចាស់, ស្លៀកខោខ្មៅជើងវែង និងពាក់មួកខ្មៅ

២- មនុស្សប្រុស ពាក់អាវយឺតដៃខ្លី ពណ៌ខ្មៅ, ស្លៀកខោខ្មៅជើងវែង និងពាក់មួកខ្មៅ

៣- តៃកុងឡាន មិនចុះពីលើឡាន
ទេ។

លោកស្នងការបន្តថា ករណីចាប់ជំរិតនេះ ជនល្មើសបានប្រើប្រាស់រថយន្ត ម៉ាកហាយឡេនឌ័រ (HIGHLANDER)​ ពណ៌ទឹកមាស មិនចាំស្លាកលេខ សម្រាប់ធ្វើសកម្មភាព ដោយបានចាប់មនុស្សស្រីម្នាក់ពាក់រូបពណ៌ខ្មៅ សែងញាត់ចូលទៅក្នុងរថយន្ត រួចបើកចេញ ឆ្ពោះទៅតាមផ្លូវជាតិលេខ៤។

លោក ជួន ណារុន្ទ បន្តថា ក្រោយកើតហេតុ ភ្លាមៗ រូបលោក ក៏បានបញ្ជាឲ្យកម្លាំងសមត្ថកិច្ចជំនាញព្រហ្មទណ្ឌកម្រិតស្រាល បើកការស៊ើបអង្កេត និងចុះស្រាវជ្រាវជាបន្ទាន់ រហូតដល់វេលាម៉ោង ០៦ព្រឹកថ្ងៃសុក្រ ទី១៤ ខែសីហានេះ ទើបក្រុមសមត្ថកិច្ចជំនាញ បានកំណត់មុខសញ្ញាឈានទៅរំដោះស្ត្រីរងគ្រោះម្នាក់ ពីណ្រាប់ដៃជនល្មើស នៅម្តុំឆ្នេរព្រែកត្រែង ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។

ដោយឡែក ចំពោះជនសង្ស័យ បានរត់គេចខ្លួនអស់ ហើយបច្ចុប្បន្ន កម្លាំង​សមត្ថកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ក៏កំពុងបន្តចុះស្រាវជ្រាវ និងបានសហការជាមួយសមត្ថកិច្ចស្ថាប័នពាក់ព័ន្ធ នៅតាមមូលដ្ឋាន និងបណ្តាខេត្តនានា ដើម្បីឈានទៅស្ទាក់ចាប់ជនល្មើសយកមកផ្តន្ទាទោសតាមច្បាប់។

ទាក់ទិនបទល្មើសនេះដែរ សម្រាប់អាណាព្យាបាល និងអាជីវកររស់នៅក្រុងព្រះសីហនុ ក៏មានការព្រួយបារម្ភ និងភ័យខ្លាចពីសុវត្ថិភាព ក្នុងការដើរហើរ និងប្រកបរបរទទួលទានប្រចាំថ្ងៃ ដោយសារបទល្មើសចាប់ជំរិតមនុស្ស, ប្លន់ប្រដាប់អាវុធ និងចោរលួចឆក់ជាដើម បានបន្តធ្វើសកម្មភាព ហាក់មិនទាន់មានសញ្ញាថយចុះនោះទេ។ ហើយថា បទល្មើសភាគច្រើន គឺកម្លាំងសមត្ថកិច្ចជំនាញពាក់ព័ន្ធរួមមាន៖ កម្លាំងស្នងការនគរបាលខេត្ត និងកម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ ចុះជួយអន្តរាគមន៍មិនបានទាន់ពេលទេ៕

អត្ថបទដែលជាប់ទាក់ទង