អភិបាលខេត្តសៀមរាប និងឧកញ៉ា ទៀ វិចិត្រ អំពាវនាវដល់ប្រជាពលរដ្ឋ ជាពិសេសភ្ញៀវទេសចរ ត្រូវចូលរួមការពារជំងឺកូវីដ-១៩ ឲ្យបានទាំងអស់គ្នា..

ខេត្តសៀមរាប៖ អភិបាលខេត្តសៀមរាប លោក ទៀ សីហា បានអំពាវនាវដល់ប្រជាពលរដ្ឋ ជាពិសេសភ្ញៀវទេសជាតិ-អន្តរជាតិ ដែលចូលមកទ្សនាខេត្តទេសចរណ៍បុរាណមួយនេះ ត្រូវប្រុងប្រយ័ត្ន និងចូលរួមការពារទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ឲ្យបានទាំងអស់គ្នា។

ត្រង់ចំណុចនេះ លោក ទៀ សីហា សំណូមពរថា ទាំងប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរទាំងអស់ ដែលចូលមកទស្សនាខេត្តសៀមរាប នាឱកាសថ្ងៃឈប់សម្រាកសង ថ្ងៃបុណ្យចូលឆ្នាំខ្មែរ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២១ ខែសីហា ហើយបានចូលចូលមកទស្សនាខេត្តនេះ ស្នើឲ្យបន្តគោរពតាមការណែនាំ របស់ក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩ ឲ្យបានទាំងអស់គ្នា តាមរយៈត្រូវធ្វើអនាម័យ លាងដៃជាមួយអាកុល, ជែល, រក្សាគម្លាតឆ្ងាយពីគ្នា និងត្រូវពាក់ម៉ាស់ពេលធ្វើដំណើរនៅតាមទីសាធារណៈជាដើម..។

លោក ទៀ សីហា បានអំពាវនាវដូច្នេះ ធ្វើឡើងនាឱកាសចូលរួមជាអធិបតី ក្នុងកម្មវិធី “ជិះកង់សប្បុរសធម៌ ដើម្បីកាកបាទក្រហមកម្ពុជា”  កាលពីព្រឹកថ្ងៃ ទី១៨ ខែសីហា ឆ្នាំ២០២០ ដែលរៀបចំឡើងដោយ សាខាកាកបាទក្រហមខេត្តសៀមរាប។

ក្រសួងទេសចរណ៍ បានឲ្យដឹងថា នៅថ្ងៃដំបូង នៃថ្ងៃឈប់សម្រាកសងបុណ្យចូលឆ្នាំខ្មែរ ថ្ងៃទី១៧ ខែសីហា ឃើញវត្តមានភ្ញៀវទេសចរជាតិច្រើនកុះករ រហូតដល់រាប់ម៉ឺននាក់ បានចូលមកទស្សនា នៅតាមប្រសាទបុរាណនានា ក្នុងខេត្តសៀមរាប។

ផ្តើមពីបញ្ហានេះ លោកស្រី ទាង អេង ទៀ សីហា អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ក៏បានអំពាវនាវ និងរំលឹកដល់ប្រជាពលរដ្ឋ រស់នៅខេត្តសៀមរាប ជាពិសេសភ្ញៀវទេសចរជាតិ-អន្តរជាតិ ដែលចូលមកទស្សនាខេត្តទេសចរណ៍បុរាណមួយនេះ ត្រូវចូលរួមការពារជំងឺកូវីដ-១៩ ឲ្យបានជាប្រចាំទាំងអស់គ្នា តាមរយៈអនុវត្តតាមការណែនាំ របស់ក្រសួងសុខាភិបាល..។

សូមបញ្ជាក់ថា រដ្ឋបាលខេត្តសៀមរាប បានរៀបចំទីតាំងជាច្រើនកន្លែង ដើម្បីផ្តល់ជម្រើសកម្សាន្តជូនភ្ញៀវជាតិ និងអន្តរជាតិ នាឱកាសថ្ងៃឈប់សម្រាកសងបុណ្យចូលឆ្នាំខ្មែរ នាពេលកន្លងទៅនេះ រួមមាន៖

– ទៅលេងប្រាសាទបុរាណ ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រខ្មែរ

– ជិះកង់ដើរមើលប្រសាទបុរាណ្យនានា ក្នុងខេត្តសៀមរាប

– ជិះកង់មើលថ្ងៃរះ នៅពេលព្រឹកព្រលឹម ជាមួយមនុស្សជាទីស្រឡាញ់ ឬគូសង្សាដ៏ផ្អែមល្ហែម

– ជិះទូកកម្សាន្តតាមដងស្ទឹងបុរាណខេត្តសៀមរាប

– ញាំម្ហូបអាហារឆ្ងាញ់ៗ ប្រចាំខេត្តសៀមរាប

– ទស្សនាកម្មវិធីពិព័រណ៍ផលិតផលខ្មែរ ដែលមានលក់ផលិតផល ផលិតដោយសិប្បករខ្មែរ

– មានការប្រកួតសាច់មាន់អាំងឆ្ងាញ់ជាងគេ ក្នុងខេត្តសៀមរាប និងម្ហូបល្បីៗ ប្រចាំស្រុក-ក្រុងទាំង១២ ក្នុងខេត្តសៀមរាបជាដើម..។

តាមរបាយការណ៍ របស់ក្រសួងទេសចរណ៍ បង្ហាញថា កាលពីថ្ងៃទី១៧ ខែសីហាម្សិលមិញនេះ ខេត្តសៀមរាប ទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិ ជិត ០៣ម៉ឺននាក់ (២៨,១៤០​) ចូលមកទស្សនាខេត្តបុរាណមួយនេះ។

ងាកមក កញ្ញា មាស សុខសោភា សិល្បៈការិនីចម្រៀង ដ៏ល្បីនៅកម្ពុជា ដែលបានចូលរួម ក្នុងកម្មវិធីជិះកង់សប្បុរសធម៌ ដើម្បីកាកបាទក្រហមកម្ពុជា នាខេត្តសៀមរាបនេះដែរ ក៏បានរំលឹកដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេសភ្ញៀវទេសចរជាតិ សូមបន្តប្រុងប្រយ័ត្ន ធ្វើយ៉ាងណាកុំឲ្យឆ្លងជំងឺកូវីដ-១៩ ឲ្យបានទាំងអស់គ្នា ដោយត្រូវធ្វើអនាម័យលាងដៃដោយអាល់កុល ជែល និងត្រូវពាក់ម៉ាស់ការពារពេលចេញតាមទីសាធារណៈជាដើម ឲ្យបានជាប្រចាំ..។

ស្រដៀងគ្នាដែរ លោឧកញ៉ា ទៀ វិចិត្រ ប្រធានក្រុមកង់មនុស្សធម៌ខេត្តព្រះសីហនុ និងជាប្រធានក្រុមហ៊ុន ជី.ធី.វី.ស៊ី, ស្ពីដបូតកម្ពុជា (G.T.V.C SPEED BOAT CAMBODIA) ដែលបានចូលរួមក្នុងកម្មវិធីជិះកង់សប្បុរសធម៌ ដើម្បីកាកបាទក្រហម កម្ពុជា រៀបចំឡើងនៅខេត្តសៀមរាប និងបាននាំយកថវិកាសរុបជាងមួយម៉ឺនដុល្លារសហរដ្ឋអាមេរិក យកទៅផ្តល់ជូនសាខាកាកបាទក្រហមខេត្តសៀមរាប កាលពីព្រឹកថ្ងៃអង្គារ ទី១៨ ខែសីហានេះដែរ។ លោកឧកញ៉ា ក៏បានរំលឹក និងអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ នៅទូទាំងប្រទសកម្ពុជា ក៏ដូចជាប្រជាពលរដ្ឋរស់នៅខេត្តសៀមរាប ជាពិសេសភ្ញៀវទេសចរជាតិ ដែលចូលមកទស្សនាខេត្តសៀមរាប ស្នើឲ្យប្រុងប្រយ័ត្នការពារទប់ស្កាត់កុំឲ្យឆ្លងជំថឺកូវីដ-១៩ទាំងអស់គ្នា ដោយត្រូវបន្តចូលរួមអនុវត្តតាមការណែនាំ របស់ក្រសួងសុខាភិបាលបានដាក់ចេញ ឲ្យបានជាប្រចាំ។

នាឱកាសថ្ងៃឈប់សម្រាកនេះដែរ លោក ឧកញ៉ា ទៀ វិចិត្រ ដែលជាប្រធានក្រុមមនុស្សធម៌អូរបី (O3) ប្រចាំខេត្តព្រះសីហនុផងនោះ ក៏បានជូនពរដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេសកម្ពុជា និងភ្ញៀវចូលមកកម្សាន្តខេត្តសៀមរាប សូមមានភាពសប្បាយរីករាយ, មានសុខភាពល្អ និងមានសុវត្ថិភាព ក្នុងការធ្វើដំណើរ គ្រប់ក្រុមគ្រួសារទាំងអស់គ្នា។

សេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល បង្ហាញថា គិតត្រឹមម៉ោង ០៧ព្រឹកថ្ងៃអង្គារ ទី១៨ ខែសីហានេះ ប្រទេសកម្ពុជា បានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុបមានចំនួន ២៧៣នាក់។ ក្នុងនោះ បានព្យាបាលជាសះស្បើយចំនួន ២៣៨នាក់ និងកំពុងតែសម្រាកព្យាបាលនៅមន្ទីពេទ្យរដ្ឋ និងឯកជនមានចំនួន ៣៥នាក់។

ដោយឡែកគិតត្រឹមម៉ោង ០៧ព្រឹកថ្ងៃទី១៨ ខែសីហានេះ ក្រសួងសុខាភិបាលបញ្ជាក់ថា មិនមានអ្នកជំងឺកូវីដ-១៩ ឆ្លងថ្មីទៀតទេ។ ហើយក៏មិនមានអ្នកជំងឺកូវី-២៩ ជាសះស្បើយនោះដែរ៕

អត្ថបទដែលជាប់ទាក់ទង