គ្រោះថ្នាក់ចរាចរណ៍របួសមនុស្ស៥នាក់ នៅតាមកំណាត់ផ្លូវជាតិលេខ៤ ខេត្តព្រះសីហនុ..

ខេត្តព្រះសីហនុ៖ សមត្ថកិច្ចនគរបាលស្រុកកំពង់សីលា បានឲ្យដឹងថា នៅរសៀលថ្ងៃទី២២ ខែសីហា ឆ្នាំ២០២០នេះ មានករណីរថយន្ត ០២គ្រឿង បានបុកគ្នានៅតាមផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ១៥៣-១៥៤ ស្ថិតក្នុងភូមិស្ទឹងឆាយខាងត្បូង ឃុំស្ទឹងឆាយ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។

សមត្ថកិច្ចបន្តថា រថយន្តជួបគ្រោះថ្នាក់ខាងលើនេះមានម៉ាក ហាយប្រ៊ីត ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2AA-8909 បានបុកប៉ះជាមួយរថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ក្រហមលាយស្វាយ ពាក់ស្លាកលេខ ព្រះសីហនុ3A-6088។

សមត្ថកិច្ចបញ្ជាក់ថា អ្នកបើកបររថយន្ដហាយប្រ៊ីត មានឈ្មោះ ប៉ុក សី ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរលក់ចាប់ហួយ និងមានទីលំនៅភូមិសាមគ្គី៥ សង្កាត់ត្រពាំងក្រសាំង ខ័ណ្ឌមានជ័យ រាជធានីភ្នំពេញ ហើយមានអ្នករួមដំណើរ ០៤នាក់(ប្រុស) បានរងរបួសទាំងអស់គ្នា។ រថយន្តនេះ បើបរមានទិសដៅពីរាជធានីភ្នំពេញ ឆ្ពោះមកខេត្តព្រះសីហនុ។

ចំណែកអ្នកបើកបររថយន្ដម៉ាកហ៊ីយ៉ាន់ដាយ ឈ្មោះ ស៊ីម ឆ ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅភូមិដូនដៀវ ឃុំត្របែក ស្រុកកំចាយមា ខេត្ដព្រៃវែង បើកបរមានទិសដៅចេញពីខេត្តព្រះសីហនុ ឆ្ពោះទៅភ្នំពេញ
ប៉ុន្តែអ្នកបើកបរមិនរងរបួសទេ។

បច្ចុប្បន្នសមត្ថកិច្ចស្រុកកំពង់សីលា បាននាំយករថយន្តទាំងពីរគ្រឿងនោះ យកទៅរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុក ដើម្បីរកដំណោះស្រាយនៅពេលក្រោយទៀត៕

អត្ថបទដែលជាប់ទាក់ទង