នាឱកាសឈប់សម្រាក៥ថ្ងៃ ភ្ញៀវទេសចរដើរកម្សាន្តទូទាំងប្រទេស សរុបជិត១លាន៥សែននាក់

ខេត្តព្រះសីហនុ៖ យោងតាមរបាយការណ៍បឋម របស់មន្ទីរទេសចរណ៍រាជធានី-ខេត្ត បង្ហាញថា ចំនួនភ្ញៀវទេសចរ ដែលបានធ្វើដំណើរកម្សាន្តនៅតាមគោលដៅទេសចរណ៍នានាទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី ១៧-២១ ខែសីហា ឆ្នាំ២០២០ មានចំនួនប្រមាណ ១.៤៥៩.៣៨៦នាក់ ក្នុងនោះ៖
− ភ្ញៀវជាតិ មានចំនួនប្រមាណ ១.៤៤៥.២៣៨នាក់
− ភ្ញៀវអន្តរជាតិ មានចំនួនប្រមាណ ១៤.១៤៨នាក់

របាយការណ៍ដដែលបញ្ជាក់ថា ចំនួនភ្ញៀវទេសចរតាមថ្ងៃនីមួយៗ មានដូចខាងក្រោម៖
− ថ្ងៃទី១ ប្រមាណ ២៣៣.៣២៩នាក់
− ថ្ងៃទី២ ប្រមាណ ២៨១.៨៥៥នាក់
− ថ្ងៃទី៣ ប្រមាណ ៣២៥.០៧៧នាក់
− ថ្ងៃទី៤ ប្រមាណ ៣៣៤.៣៩១នាក់
− ថ្ងៃទី៥ ប្រមាណ ២៨៤.៧៣៤នាក់

តាមការកត់សម្គាល់ និងការវាយតម្លៃបឋម យើងសង្កេតឃើញថា៖
− រាជធានី-ខេត្តទាំងអស់ បានខិតខំរៀបចំគោលដៅទេសចរណ៍ និងបង្ហាញផលិតផលទេសចរណ៍ថ្មីៗ ដូចនៅខេត្តសៀមរាប រដ្ឋបាលខេត្តនេះ បានខិតខំរៀបចំបង្កើតឲ្យមានព្រឹត្តិការណ៍ “សម្រាកសៀមរាប” ទាំងព្រឹត្តិការណ៍កីឡា, ទេសចរណ៍, វប្បធម៍ ប្រពៃណី។ល។ ដែលបានទាក់ទាញទេសចររាប់ម៉ឺននាក់ ចូលទៅកម្សាន្តនៅខេត្តសៀមរាប។

ក្នុងដំណើរការរៀបចំនេះ រដ្ឋបាលខេត្តសៀមរាប បានសហការជាមួយគ្រប់ផ្នែកពាក់ពាន់ និងវិស័យឯកជន ខិតខំអនុវត្តតាមការណែនាំ របស់រាជរដ្ឋាភិបាល ក៏ដូចជាការណែនាំ របស់ក្រសួងសុខាភិបាល និងវិធានសុវត្ថិភាពទេសចរណ៍ ក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ ពិសេសនៅកន្លែងប្រារព្វពិធី។

− ភ្ញៀវទេសចរភាគច្រើន បានដើរកម្សាន្តជាក្រុមគ្រួសារ និងជាច្រើនគោលដៅដោយភ្ជាប់គ្នាពីខេត្តមួយទៅខេត្តមួយ ហើយខ្លះបានរៀបចំម្ហូបអាហារដោយខ្លួនឯង សម្រាប់ហូបចុកក្នុងដំណើរកម្សាន្ត។

− តាមការអង្កេតជាក់ស្តែង មិនមានបញ្ហាធំដុំណាមួយកើតឡើងទេ មិនមានការតំឡើងថ្លៃហួសហេតុលើសេវាស្នាក់នៅ និងម្ហូបអាហារទេ ទោះបីនៅតាមគោលដៅទេសចរណ៍មួយចំនួន មានការខ្វះខាតបន្ទប់ស្នាក់នៅ ដោយសារលំហូរភ្ញៀវមានច្រើន ក្នុងពេលតែមួយក៏ដោយ។

ភ្ញៀវទេសចរមួយចំនួន បានជ្រើសរើសការបោះតង់ និងការស្នាក់នៅផ្ទះ របស់បងប្អូន ឬជួលផ្ទះរបស់បងប្អូនប្រជាជនក្នុងខេត្តផ្ទាល់។

− ប៉ុន្តែបញ្ហាសំរាម ទោះបីរដ្ឋបាលខេត្ត និងជំនាញពាក់ព័ន្ធមានការខិតខំច្រើន តែនៅតែជាបញ្ហាស្មុគ្រស្មាញនៅឡើយ ដោយនៅតាមគោលដៅមួយចំនួន ភ្ញៀវទេសចរមានការទុកដាក់សំរាមមិនបានត្រឹមត្រូវ ជាពិសេសបោះចោលសំរាម ឬទុកចោលនៅកន្លែងដែលពួកគាត់បានទទួលទានអាហារ។

− គ្រប់គោលដៅទេសចរណ៍ បានខិតខំអនុវត្តតាមគោលណែនាំ របស់ក្រសួងសុខាភិបាល និងវិធានសុវត្ថិភាពទេសចរណ៍ របស់ក្រសួងទេសចរណ៍ ដើម្បីទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩ ក្រោមការណែនាំ និងចុះពិនិត្យផ្ទាល់ដល់មូលដ្ឋាន របស់គណៈអភិបាលរាជធានី-ខេត្ត ដែលមានមន្ទីរទេសចរណ៍ជាសេនាធិការ ជាពិសេសការស្កេនកំដៅ លាងដៃ និងការកត់ត្រាពត៌មានភ្ញៀវ។

យ៉ាងណាក៏ដោយ ការពាក់ម៉ាស់ របស់ភ្ញៀវនៅមិនទាន់មានភាពពេញលេញ ហើយការរក្សាគំលាតសុវត្ថិភាពនៅពុំទាន់អនុវត្តបានល្អប្រសើរ ជាពិសេសនៅតាមគោលដៅទេសចរណ៍ ដែលមានលក្ខណៈប្រមូលផ្តុំច្រើន។

ជារួមប្រជាជននៅតាមមូលដ្ឋាន និងវិស័យឯកជន មានភាពរីករាយជាមួយលំហូរភ្ញៀវទេសចរនៅគ្រប់គោលដៅទេសចរណ៍ ខណៈដែលការចំណាយ របស់ភ្ញៀវបានហូរចូលដោយផ្ទាល់ទៅក្នុងចរន្តសេដ្ឋកិច្ចមូលដ្ឋាន។ មូលដ្ឋានអាជីវកម្មទេសចរណ៍ភាគច្រើនបានបើកទទួលភ្ញៀវ រាប់តាំងពីសេវាស្នាក់នៅ និងម្ហូបអាហារ ខណៈដែលមគ្គុទេ្ទសក៏ទេសចរណ៍មួយចំនួន ក៏បានទទួលការងារពីលំហូរភ្ញៀវទេសចរដ៏ច្រើននេះ ប៉ុន្តែសណ្ឋាគារកំរិតខ្ពស់ ដែលធ្លាប់ទទួលភ្ញៀវអន្តរជាតិ ពុំទាន់បើកដំណើរការនៅឡើយ ជាពិសេសនៅខេត្តសៀមរាប៕

អត្ថបទដែលជាប់ទាក់ទង