លោកឧកញ៉ា ទៀ វិចិត្រ បន្តធ្វើមនុស្សធម៌ដោយបាន បញ្ជូនអូប័រល្បឿនលឿន២គ្រឿង ចុះល្បាតស្វែងរកបុរសរងគ្រោះម្នាក់ ដែលបាត់ខ្លួនក្នុងសមុទ្រទឹកជ្រៅនាខេត្តព្រះសីហនុ..

ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃអាទិត្យ ទី២៣ ខែសីហា ឆ្នាំ២០២០នេះ លោកឧកញ៉ា ទៀ វិចិត្រ ប្រធានក្រុមហ៊ុន ជី.ធី.វី.ស៊ី, ស្ពីដបូតកម្ពុជា (G.T.V.C, SPEED BOAT CAMBODIA) បានបញ្ជូនអូប័រល្បឿនលឿនចំនួន០២គ្រឿង ដើម្បីតាមល្បាតស្វែងរកជនរងគ្រោះម្នាក់ ដែលបាត់ខ្លួនក្នុងសមុទ្រទឹកជ្រៅ ពេលជនរងគ្រោះចេញទៅធ្វើនេសាទ នៅខាងក្រៅកោះរ៉ុង តាំងពីយប់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២០មកម៉្លេះ។

សកម្មភាពចុះស្វែងរកជនរងគ្រោះនៅព្រឹកនេះ ក៏មានការចូលរួមពី កងកម្លាំងមានសមត្ថកិច្ច បានចូលរួមជាមួយផងដែរ។

សមត្ថកិច្ចនគរបាល ឲ្យដឹងថា ជនរងគ្រោះ មានឈ្មោះ ឈឹម ឆេង ភេទប្រុស អាយុ ៣១ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិ៣ សង្កាត់១ ក្រុងព្រះសីហនុ បានធ្លាក់ចូលក្នុងទឹក​បាត់ខ្លួន ក្នុងសមុទ្រ កាលពី
យប់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២០ នៅចំណុច Lat 10°27’00” N, Long 103°16’00” E ខាងត្បូងឈៀងខាងលិចពយភ្លើងសុីញ៉ូ (កោះរ៉ុងសន្លឹម) ស្ថិតក្នុងភូមិកោះរ៉ុងសន្លឹម សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។

សាក្សីអ្នករួមដំណើរជាមួយបុរសបាត់ខ្លួន បានរៀបរាប់ប្រាប់សមត្ថកិច្ចថា ជនរងគ្រោះបានលោតចេញពីទូក ពេលបោះយុថ្កា ដើម្បីរៀបចំដាំបាយហូប ហើយក៏បានបាត់ខ្លួនរហូតមក។

យ៉ាងណាក៏ដោយចុះ សមត្ថកិច្ចនគរបាល កំពុងបន្តចុះស្រាវជ្រាវលើករណីបាត់ខ្លួនបុរសម្នាក់ខាងលើនេះ ដោយយកចិត្តទុកដាក់ ដោយអមដោយបុគ្គលិកក្រុមហ៊ុន ជី.ធី.វី.ស៊ី, ស្ពីដបូតកម្ពុជា (G.T.V.C, SPEED BOAT CAMBODIA) ប៉ុន្តែរហូតមកដល់ម៉ោងជាង ០៨ព្រឹកថ្ងៃទី២៣ ខែសីហានេះ គេមិនទាន់ដឹងពីជោគវាសនា របស់ជនរងគ្រោះ ស្លាប់ ឬនៅមានជីវិតរស់នៅបែបណានោះទេ។

យ៉ាងនេះក្តី បុគ្គលិកក្រុមហ៊ុន ជី.ធី.វី.ស៊ី របស់ លោកឧកញ៉ា ទៀ វិចិត្រ និងសមត្ថកិច្ច នៅលម្ហសមុទ្រ បានចុះល្បាតស្វែងរកជនរងគ្រោះ ចាប់ពីចន្លោះកោះរ៉ុង ទៅកោះតាង រហូតទៅដល់កោះស្តេចនៅឡើយ..៕

អត្ថបទដែលជាប់ទាក់ទង