នគរបាលខេត្តព្រះសីហនុ ចាប់ខ្លួនជនសង្ស័យជនជាតិចិន៣នាក់ ពាក់ព័ន្ធបទល្មើសចាប់ជំរិតចិនដូចគ្នា បញ្ចូនទៅកាន់តុលាការផ្តន្ទាទោស

ខេត្តព្រះសីហនុ ៖ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ មានប្រសាសន៍ថា កាលពីវេលាម៉ោង ១៧ និង៣០នាទី ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២០ កម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌ បានទទួលព័ត៌មានពីប្រជាពលរដ្ឋផ្តល់ព័ត៌មានមកថា នៅចំណុចធនាគារ ABA ស្ថិតនៅភូមិ២ សង្កាត់២ ក្រុង-ខេត្តព្រះសីហនុ មានជនជាតិចិន ០៣នាក់ កំពុងធ្វើសកម្មភាពប្រើកាំប៉ិតភ្ជុងប្លន់បុរសជនជាតិចិនម្នាក់។

លោកស្នងការបន្តថា ក្រោយទទួលព័ត៌មាននេះភ្លាម រូបលោកក៏បានបញ្ជាទៅកម្លាំងជំនាញ ដែលកំពុងជិះល្បាតនៅចំណុចគោលដៅនោះស្រាប់ បានចុះប្រតិបត្តិការភ្លាមៗ ដើម្បីរំដោះជនរងគ្រោះ ប៉ុន្តែភ្លាមៗនោះ ជនសង្ស័យពេលឃើញកម្លាំងសមត្ថកិច្ច ចុះទៅដល់គោលដៅនោះ ក៏បាននាំគ្នារត់គេចខ្លួនអស់។ ហើយ បន្ទាប់មកកម្លាំងជំនាញ ក៏បាននាំជនរងគ្រោះមកការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ដើម្បីដាក់ពាក្យបណ្តឹង និងបន្តចុះស្រាវជ្រាវយ៉ាងតាមចាប់ខ្លួនជនសង្ស័យ ដោយយកចិត្តទុកដាក់។

លោក ជួន ណារិន្ទ បន្តថា រហូតដល់វេលាម៉ោង ១៩ និង០០នាទីថ្ងៃដដែលនេះ ទើបកម្លាំងជំនាញបានស្រាវជ្រាវដឹងថា ជនសង្ស័យកំពុងលាក់ខ្លួននៅចំណុចកាស៊ីណូ ប៉ាវជីន ស្ថិតនៅក្រុមទី១៧ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ រួចក៏បានសហការ ជាមួយកម្លាំងអធិកាដ្ឋាននគរបាលក្រុងព្រះសីហនុ និងកម្លាំងអន្តរាគមន៍ពិសេសចុះប្រតិបត្តការចាប់ឃាត់ខ្លួនបានជនសង្ស័យ ០១នាក់ នៅមុខកាស៊ីណូប៉ាវជីន និងបន្តស្រាវជ្រាវចាប់ខ្លួនបានជនសង្ស័យបាន ០២នាក់បន្ថែមទៀត ដែលកំពុងលាក់ ខ្លួននៅក្នុងកាស៊ីណូប៉ាវជីន។

របាយការណ៍នគរបាលខេត្តព្រះសីហនុ បង្ហាញថា ជនរងគ្រោះក្នុងបទល្មើសចាប់ជំរិតខាងលើនេះមានឈ្មោះ HE JIN ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិចិន មុខរបរម៉ៅការសាងសង់ ស្នាក់នៅភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ។

ចំណែកជនសង្ស័យទាំង ០៣នាក់ រួមមាន៖
១- ឈ្មោះ NANG LIFU ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិចិន មុខរបរបុគ្គលិកសណ្ឋាគារ ផ្នែកគិតលុយ គ្មានលិខិតឆ្លងដែនជាប់ខ្លួន ស្នាក់នៅរាជធានីភ្នំពេញ ។
២- ឈ្មោះ CHENG LIANG PING ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិចិន មុខរបរ បុគ្គលិកហាងបាយ គ្មានលិខិតឆ្លងដែនជាប់ខ្លួន ស្នាក់នៅរាជធានីភ្នំពេញ ។
៣- ឈ្មោះ ZHENG XIAN JIN ភេទប្រុស អាយុ ៣៨ឆ្នាំ ជន ជាតិចិន មុខរបរបុគ្គលិកផ្សារទំនើប គ្មានលិខិតឆ្លងដែនជាប់ខ្លួន ស្នាក់នៅកោះពេជ្រ រាជធានីភ្នំពេញ ។

ចំពោះវត្ថុតាង សមត្ថកិច្ចចាប់យកបានមាន៖
– កូនកាំប៉ិតស្នៀត ០២ដើម (ឧបករណ៍ប្រព្រឹត្តិបទល្មើស)
– ទូរស័ព្ទដៃ ០៤គ្រឿង

បច្ចុប្បន្ននេះ កម្លាំងជំនាញនគរបាល នៃស្នងការដ្ឋានខេត្តព្រះសីហនុ កំពុងសាកសួរជនសង្ស័យឈានដល់កសាងសំណុំរឿង ដើម្បីបញ្ជូនទៅកាន់សាលាដំបូងខេត្តព្រះសីហនុ បន្តនីតិវិធីតាមច្បាប់៕

អត្ថបទដែលជាប់ទាក់ទង