ភ្ញៀវទេសចរចូលទៅកម្សាន្តខេត្តមណ្ឌលគិរី រយៈពេល៥ថ្ងៃមានជាង៤ម៉ឺននាក់..

ខេត្តមណ្ឌលគិរី៖ ប្រធានមន្ទីរទេសចរណ៍ ខេត្តមណ្ឌលគិរី បានឲ្យដឹងថា នាឱកាសថ្ងៃឈប់សម្រាកសងជំនួសថ្ងៃចូលឆ្នាំខ្មែរ រយៈពេល ០៥ថ្ងៃ សម្រាប់ខេត្តមណ្ឌលគិរី ដែលស្ថិតនៅភាគឦសាន្ត នៃប្រទេសកម្ពុជា មានភ្ញៀវទេសចរក្នុងស្រុកច្រើនកុះករ បានសម្រុកចូលមកកម្សាន្តនៅក្នុងខេត្តនេះ ព្រោះតែអាកាសធាតុត្រជាក់, ធម្មជាតិស្រស់បំព្រង និងហេដ្ឋារចនាសម្ពន្ធផ្លូវល្អប្រសើរ ជាពិសេសកន្លែងស្នាក់នៅដូចជា៖ សណ្ឋាគារ ផ្ទះសំណាក់ គឺត្រូវបានភ្ញៀវជួលអស់ ហើយភ្ញៀវទេសចរមួយចំនួនទៀត បានស្នាកអាស្រ័យតាមផ្ទះបងប្អូន, ផ្ទះប្រជាពលរដ្ឋ និងនៅតាមវត្តអារាមជាដើម។

បន្ថែមលើនេះ នៅគ្រប់គោលដៅទេសចរណ៍ រមណីយដ្ឋានទេសចរណ៍ អាជីវកម្ម និងសេវាកម្មទេសចរណ៍ទាំងអស់ ត្រូវបានយកចិត្តទុកដាក់ខ្ពស់ពី លោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី ក៏ដូចជាមន្ទីរអង្គភាពជំនាញ បានអនុវត្តនូវវិធានសុវត្ថិភាពទេសចរណ៍ និងតាមការណែនាំ របស់ក្រសួងសុខាភិបាល ដើម្បីការពារ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ដោយតម្រូវឲ្យមានការពិនិត្យវាស់កំដៅ, ការលាងសំអាតដៃ ដោយអាកុល, ការពាក់ម៉ាស់ និងការរក្សាគម្លាតសុវត្ថិភាព។

លោក ងិន សុវិមាន ប្រធានមន្ទីរទេសចរណ៍ខេត្តមណ្ឌលគិរី បានឲ្យដឹងដែរថា គិតរយៈពេល ០៥ថ្ងៃ នៃឱកាសឈប់សម្រាកសង់ជំនួសថ្ងៃចូលឆ្នាំខ្មែរ ពោលគឺ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២១ ខែសីហា មានភ្ញៀវទេសចរចូលមកកម្សាន្តនៅខេត្តមណ្ឌលគិរីមានចំនួន ៤៣.៧១៤នាក់។ ក្នុងនោះទេសចរជាតិចំនួន ៤៣.៥១០នាក់ ភ្ញៀវទេសចរបរទេសចំនួន ២០៤នាក់ ហើយតួលេខនេះបើធៀបរយៈពេល ដូចគ្នាកាលពីឱកាសបុណ្យចូលឆ្នាំខ្មែរឆ្នាំ២០១៩ ចំនួនមានការកើនឡើង ៦៨,៥៨%។

លោក ងិន សុវិមាន បានឲ្យដឹងថា កំណើនភ្ញៀវទេសចរច្រើនកុះករ បានចូលទៅកម្សាន្តប្រកបដោយភាពសប្បាយរីករាយ ចំណែកគោលដៅទេសចរណ៍ ដែលមានភ្ញៀវចូលទៅកម្សាន្តច្រើនជាងគេរួមមាន៖ មានរមណីយដ្ឋាន ទឹកជ្រោះប៊ូស្រា ទឹកអូរផ្លាយ ទឹកជ្រោះលែងឃិន សមុទ្រឈើ ភ្នំដោះក្រមុំ និងភ្នំអណ្ដូងស្នេហ៍ជាដើម។

លោកប្រធានមន្ទីរបន្តថា កត្តាជំរុញឲ្យភ្ញៀវទេសចរចូលមកកម្សាន្តខេត្តមណ្ឌលគិរី កើនឡើងពីមួយ ឆ្នាំទៅមួយឆ្នាំ ព្រោះតែខេត្តមណ្ឌលគិរី មានសក្តានុពលទេសចរណ៍ល្អប្រសើរ មានតំបន់រមណីយដ្ឋានជាច្រើនកន្លែង ជាពិសេស រមណីយដ្ឋានទឹកជ្រោះប៊ូស្រា ដែលអាចទាក់ទាញភ្ញៀវ ទេសចរចូលទស្សនាកម្សាន្តច្រើនជាងគេ និងសន្តិសុខសណ្តាប់ធ្នាប់មានលក្ខណៈល្អប្រសើរ។

សូមបញ្ជាក់ថា នៅទូទាំងខេត្តមណ្ឌលគិរី មានធនធាន និងតំបន់ទាក់ទាញទេសចរណ៍ ដែលភ្ញៀវទេសចរណ៍អាចទៅដល់មានចំនួន ៣៦កន្លែងមានដូចជា៖ មានតំបន់រមណីយដ្ឋានទឹកធ្លាក់, តំបន់រមណីយដ្ឋានវប្បធម៌ជនជាតិដើមភាគតិច, តំបន់ភ្នំ, តំបន់ទេសភាព ភូមិជនជាតិ, សមុទ្រឈើ, សហគមន៍ទេសចរណ៍, ដែនជម្រកសត្វព្រៃ ជាពិសេសខេត្តមណ្ឌលគិរី មានអាកាសធាតុត្រជាក់ជាដើម៕

អត្ថបទដែលជាប់ទាក់ទង