លោកឧកញ៉ា ទៀ វិចិត្រ បញ្ជូនអូប័រល្បឿនលឿន៤គ្រឿងទៀត ដើម្បីជួយស្វែងរកបុរសនេសាទម្នាក់ កំពុងបាត់ខ្លួនក្នុងលម្ហសមុទ្រ

ខេត្តព្រះសីហនុ៖ មិនមែនជារឿងថ្មីនោះទេ ដែលលោកឧកញ៉ា ទៀ វិចិត្រ ដែលប្រជាពលរដ្ឋមានជីវភាពក្រីក្រ, ជនរងគ្រោះធ្លាប់លិចទូកកណ្តាលសមុទ្រ, គ្រួសារក៏ដូចជាកងកម្លាំងកងទ័ពប្រចាំការនៅតាមកោះបណ្តាកោះនានា ក្នុងខេត្តជាប់សមុទ្រទាំង០៤ មានដូចជា៖ កោះតាង និងកោះប៉ូឡូវ៉ៃ និងមន្ត្រីរាជការចូលនិវត្តន៍ធ្លាក់ខ្លួនឈឺខ្វះថវិកាព្យាបាលជាដើម បានផ្តល់រហ័សនាមជា “ឧកញ៉ាចិត្តធម៌ៗ” មិនដាច់ពីមាត់នោះ គឺលោកឧកញ៉ា ទៀ វិចិត្រ ជាបន្តបន្ទាប់មកនេះ តែងចុះធ្វើសកម្មភាពមនុស្សធម៌ ជាប្រចាំ ដើម្បីជួយសង្គ្រោះជីវិតមនុស្ស នៅគ្រប់កាលទេស ដោយបានចំណាយធនធាន និងពេលវេលាផ្ទាល់ខ្លួនជាច្រើន ដើម្បីជួយដល់ប្រជាពលរដ្ឋខ្មែរ ក៏ដូចជាជនបរទេសទាំងឡាយណា ដែលចូកមកដល់ប្រទេសកម្ពុជា ហើយដង្ហោយរកកិច្ចអន្តរាគមន៍ពីរូបលោកឧកញ៉ា ក៏ដូចជាបានផ្តល់ដំណឹងមករូបលោកបានដឹង ដើម្បីស្នើការជួយសង្គ្រោះ..។

ជាក់ស្តែងនៅព្រឹកថ្ងៃចន្ទ ទី២៤ ខែសីហា ឆ្នាំ២០២០នេះ លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា រូបលោកបានបញ្ជូនបុគ្គលិកជំនាញ អមដោយអូប័រល្បឿនលឿនចំនួន០២គ្រឿងបន្ថែមទៀត សរុបមានចំនួន ០៤គ្រឿង ឲ្យទៅសហការជាមួយកងកម្លាំងសមត្ថកិច្ចនគរបាល នៃស្នងការដ្ឋានខេត្តព្រះសីហនុ និងសមត្ថកិច្ចស្ថាប័នពាក់ព័ន្ធផ្សេងទៀត ដើម្បីចុះជួយស្វែងរកបុរសរងគ្រោះម្នាក់ ដែលកំពុងបាត់ខ្លួន នៅក្នុងសមុទ្រទឹកជ្រៅពេលចេញទៅធ្វើនេសាទ នៅលើលម្ហសមុទ្រខាងក្រៅកោះរ៉ុង ដោយបានបាត់ខ្លួន ចាប់តាំងពីយប់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២០មកម៉្លេះ។

សមត្ថកិច្ចបញ្ជាក់ថា ជនរងគ្រោះ មានឈ្មោះ ឈឹម ឆេង ភេទប្រុស អាយុ ៣១ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិ៣ សង្កាត់១ ក្រុងព្រះសីហនុ បានធ្លាក់ចូលក្នុងទឹក​សមុទ្រ បាត់ខ្លួន កាលពី
យប់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២០ នៅចំណុច Lat 10°27’00” N, Long 103°16’00” E ខាងត្បូងឈៀងខាងលិច ពយភ្លើងសុីញ៉ូ (កោះរ៉ុងសន្លឹម) ស្ថិតក្នុងភូមិកោះរ៉ុងសន្លឹម សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។

សាក្សីអ្នករួមដំណើរជាមួយជនរងគ្រោះ បានរៀបរាប់ប្រាប់សមត្ថកិច្ចថា គេឃើញបុរសរងគ្រោះរូបនេះ បានលោតចេញពីទូក ពេលបោះយុថ្កា រៀបចំដាំបាយចំអិនម្ហូបសម្រាប់ទទួលទាន ដូចរាល់ដង ហើយក៏បានបាត់ខ្លួន រហូត ដោយមិនឃើញជនរងគ្រោះឡើងមកលើទូកវិញទេ។

ចំពោះករណីនេះ សមត្ថកិច្ចស្ថាប័នជំនាញ កំពុងបន្តចុះស្រាវជ្រាវ ដើម្បីស្វែងរកបុរសរងគ្រោះខាងលើដោយយកចិត្តទុកដាក់។

ដោយឡែកសម្រាប់ លោកឧកញ៉ា ទៀ វិចិត្រ ប្រធានក្រុមហ៊ុន ជី.ធី.វី.ស៊ី, ស្ពីដបូតកម្ពុជា (G.T.V.C, SPEED BOAT CAMBODIA) ក៏បានចុះពិនិត្យផ្ទាល់ ហើយបានបែងចែកក្រុមអូប័រល្បឿនលឿនចែកចេញជា ០៤គោលដៅផ្សេងគ្នា ដើម្បីស្វែងរកជនរងគ្រោះជាបន្តទៀត នៅព្រឹកថ្ងៃចន្ទ ទី២៤ ខែសីហានេះ៖
– គោលដៅទី១ កោះរ៉ុង
– គោលដៅទី២ កោះរ៉ុងសន្លឹម
– គោលដៅទី៣ កោះថាស កោះពស់
– គោលដៅទី៤ តាមអូឈើទាល រហូតដល់មកោះស្រមោច

យ៉ាងនេះក្តី គេមិនទាន់ដឹងពីជោគវាសនា របស់ជនរងគ្រោះ នឹងអាចនៅមានជីវិតរស់នៅ ឬក៏បែបណានៅឡើយទេ៕

អត្ថបទដែលជាប់ទាក់ទង