សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមប្រជុំកំពូលមេគង្គ-ឡានឆាងលើកទី៣

រាជធានីភ្នំពេញ៖ កាលពីព្រឹកស្អែកថ្ងៃចន្ទ ទី២៤ ខែសីហា ឆ្នាំ២០២០នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលមេគង្គ-ឡានឆាងលើកទី៣ (3rd Mekong-Lancang Cooperation Summit) ដែលប្រព្រឹត្តទៅតាមប្រព័ន្ធវីដេអូ (Video Conference) នៅវិមានសន្តិភាព។

កិច្ចប្រជុំកំពូលមេគង្គ-ឡានឆាងលើកទី៣ ឆ្នាំ២០២០ នេះ គឺប្រទេសឡាវ ធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំ ដែលមាន លោក ថងលូន ស៊ីស៊ូលីត នាយករដ្ឋមន្ត្រីឡាវ និង លោក លី ខឺឈាង នាយករដ្ឋមន្ត្រីចិន ធ្វើជាសហប្រធាននៃកិច្ចប្រជុំ។

ប្រទេសជាសមាជិក នៃឡានឆាងមេគង្គ គឺមាន០៦ប្រទេស រួមមាន៖ កម្ពុជា, ឡាវ, មីយ៉ាន់ម៉ា, ថៃ, វៀតណាម និង ប្រទេសចិន។

កិច្ចប្រជុំតាមប្រព័ន្ធ Video Conferen
ce ក្រោមមូលបទ «ពង្រឹងភាពជាដៃគូ ដើម្បីវិបុលភាពរួម»។ ថ្នាក់ដឹកនាំទាំងអស់ នឹងពិនិត្យឡើងវិញនូវវឌ្ឍនភាព ដែលសម្រេចបានស្របតាមទិសដៅ នៃសេចក្ដីថ្លែងការណ៍សាន់យ៉ាឆ្នាំ២០១៦, សេចក្ដីថ្លែងការណ៍ទីក្រុងភ្នំពេញឆ្នាំ២០១៨ និងផែនការសកម្មភាពសម្រាប់រយៈពេល០៥ឆ្នាំ ស្តីពីកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង (២០១៨-២០២២) កំណត់ទិសដៅអនាគតសម្រាប់ការពង្រីកវិស័យ នៃកិច្ចសហប្រតិបត្តិការ និងជំរុញបន្ថែម នូវទំនុកចិត្តទៅវិញទៅមក ក៏ដូចជាការពង្រឹងភាពជាដៃគូ ក្នុងចំណោមបណ្តាប្រទេសមេគង្គ-ឡានឆាង។

នៅក្នុងកិច្ចប្រជុំនេះដែរ ថ្នាក់ដឹកនាំប្រទេសសមាជិកមេគង្គ-ឡានឆាង បានផ្តោតការយកចិត្តទុកដាក់ផងដែរលើកិច្ចខិតខំប្រឹងប្រែងរួម របស់បណ្តាប្រទេសមេគង្គ-ឡានឆាង ក្នុងការប្រយុទ្ធប្រឆាំង និងដោះស្រាយជំងឺរាតត្បាតជាសកលកូវីដ-១៩ និងការលើកកម្ពស់ការស្តារសេដ្ឋកិច្ច-សង្គម ក្រោយជំងឺកូវីដ-១៩។

កិច្ចប្រជុំកំពូលមេគង្គ-ឡានឆាងលើកទី៣នេះ បានបញ្ជាក់ផងដែរ អំពីសារៈសំខាន់ នៃសន្តិភាពប្រកបដោយនិរន្តភាព និងការអភិវឌ្ឍប្រកបដោយចីរភាពយូរអង្វែង នៅតំបន់មេគង្គ-ឡានឆាង ក៏ដូចជាការលើកកម្ពស់សន្តិសហវិជ្ជមាន ក្នុងចំណោមបណ្តាប្រទេសមេគង្គ-ឡានឆាង៕

អត្ថបទដែលជាប់ទាក់ទង