អភិបាលក្រុងព្រះសីហនុ រំលឹកដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ត្រូវបន្តវេចខ្ចប់ទុកដាក់សំរាមឲ្យបានត្រឹមត្រូវ ដើម្បីរក្សាសោភ័ណភាពក្រុង..

ខេត្តព្រះសីហនុ៖ អភិបាលក្រុងព្រះសីហនុ លោក អុី សុខឡេង បានអំពាវនាវ និងរំលឹកដល់ប្រជាពលរដ្ឋ ជាពិសេសភ្ញៀវទេសចរជាតិ-អន្តរជាតិ ត្រូវចូលរួមវេចខ្ចប់ និងទុកដាក់កាកសំណល់សំរាម ឲ្យបានត្រឹមត្រូវ ប្រយោជន៍ដើម្បីការពារអនាម័យបរិស្ថាន និងសោភ័ណភាពក្រុងទេសចរណ៍ជាប់ឆ្នេរសមុទ្រមួយនេះ ឲ្យបានល្អប្រសើរថែមទៀត។

សារអំពាវនាវ របស់ លោក អ៊ី សុខឡេង បានធ្វើឡើងនៅក្នុងឱកាសរូបលោក បានដឹកនាំមន្រ្តីរាជការក្រោមឱវាទ នៃរដ្ឋបាលក្រុងព្រះសីហនុ ចូលរួមសំអាតអនាម័យបរិស្ថាននៅតាមឆ្នេរសមុទ្រមួយចំនួន នាក្រុងព្រះសីហនុ កាលពីព្រឹកថ្ងៃចន្ទ ទី២៤ ខែសីហា ឆ្នាំ២០២០នេះ។

សកម្មភាពចុះដឹកនាំមន្ត្រីរាជការ ចុះសំអាតកាកសំណល់សំរាម ដឹកនាំដោយលោក អ៊ី សុខឡេង កាលពីព្រឹកមិញនេះ គេសង្កេតឃើញមានវត្តមានមន្ត្រីរាជការរាប់រយនាក់បានចូលរួម មានដូចជា៖ កងកម្លាំងនគរបាល និងកម្លាំងរាជអាវុធហត្ថក្រុងជាដើមក្រុង, មន្ត្រីតាមសង្កាត់ទាំង០៤, ប្រជាការពារក្រុង-សង្កាត់, បុគ្គលិកអនាម័យ រួមជាមួយមន្ត្រីមន្ទីរបរិស្ថាន, មន្ទីរទេសចរណ៍, យុវជន សសយក និងក្រុមហ៊ុនប្រមូលសំណល់សំណង់ សេង ទិត្យ បានរួមគ្នា ចុះសំអាតអនាម័យបរិស្ថាននៅតាមឆ្នេរសមុទ្រមួយចំនួន ចាប់ពីចំណុចឆ្នេរអូរឈើទាល១ បន្តរហូតដល់ចុងឆ្នេរអូត្រេះ២ មានទីតាំងស្ថិតក្នុងសង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ៕

អត្ថបទដែលជាប់ទាក់ទង