ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំ​រៀបចំ​ខ្លឹមសារ ដើម្បីឈានទៅជួបពិភាក្សា​ការងារ​ជាមួយ​ អ្នកបច្ចេក​ទេស​ក្រសួង​ប្រៃសណីយ៍ ពាក់ព័ន្ធ​ប្រព័ន្ធ​បច្ចេកវិទ្យាឌីជីថល

រាជធានីភ្នំពេញ​៖ ក្រសួងមហាផ្ទៃ បាន​បើក​កិច្ចប្រជុំ​ក្រុមការងារ​បច្ចេកទេស ដើម្បី​រៀបចំ​ខ្លឹមសារ​ជួបពិភាក្សា​ការងារ​ជាមួយ ក្រុមការងារ​បច្ចេកទេស​ របស់​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ពាក់ព័ន្ធ​នឹង​ប្រព័ន្ធ​បច្ចេកវិទ្យា ឌីជីថល​។

កិច្ចប្រជុំនេះរៀបចំឡើង នៅ​ទីស្តីការ​ក្រសួងមហាផ្ទៃ កាលពីរសៀល​ថ្ងៃទី​២៤ ខែសីហា ឆ្នាំ២០២០ ក្រោម​អ​ធីប​តី​ភាព​ លោក ហ៊ុយ វណ្ណៈ រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ ដោយមាន​ការចូលរួម​ពី​អគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ, អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ, អគ្គនាយកដ្ឋាន នាយកដ្ឋាន​នានា ចំណុះ​ក្រសួងមហាផ្ទៃ និងភាគី​ពាក់ព័ន្ធ​ជាច្រើនរូប​ទៀត​។​

​នាឱកាស​នោះ លោក ហ៊ុយ វណ្ណៈ បានបញ្ជាក់ថា កិច្ចប្រជុំ​នេះ ដើម្បី​ត្រៀម​សម្រាប់​កិច្ចប្រជុំ​ជាមួយ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ នៅ​ថ្ងៃ​ពុធ​ទី​២៦ ខែសីហា ឆ្នាំ​២០២០​។ លោក ហ៊ុយ វណ្ណៈ ចាត់ទុកកិច្ចប្រជុំ​ខាងលើនេះ ថាមាន​សារៈសំខាន់ ដើម្បី​ប្រមូល​ព័ត៌មាន​ពាក់ព័ន្ធ​មួយចំនួន​ របស់​ក្រសួងមហាផ្ទៃ ឲ្យទៅ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ យក​ធ្វើជា​ធាតុ​ចូល​លើ​សេចក្តីព្រាងស្ដីពី គោលនយោបាយ យកទៅ​ស​ម្រ​ច នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី រួច​ទើប​យកមក​អនុវត្តតាម​តម្រូវការ​ជាក់ស្តែង នៅតាម​ក្រសួង​នីមួយៗ​។​

លោក ហ៊ុយ វណ្ណៈ​ ឲ្យដឹងដូច្នេះ រួចបញ្ជាក់ថា ចំពោះ​ក្រសួងមហាផ្ទៃ បាន​ផ្តោត​សំខាន់​លើ​វិស័យ​អាទិភាព​ចំនួន​០៤ ដែល​ត្រូវ​រៀបចំ​ឯកសារ​ជា​ប្រព័ន្ធ​បច្ចេកវិទ្យា​ឌីជីថល រួមមាន​៖
វិស័យ​ទី​១÷ ការចុះបញ្ជី​អត្រានុកូលដ្ឋាន និង​អត្តសញ្ញាណ​កម្ម​ប្រជាពលរដ្ឋ
– វិស័យ​ទី​២÷ ការងារ​ចុះ​ប​ញ្ចី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ក្នុងស្រុក
– វិស័យ​ទី​៣÷ ការគ្រប់គ្រង​ជនអន្តោប្រវេសន៍ និង​វិស័យ​
– វិស័យទី​៤÷ ការផ្តល់សេវា​រដ្ឋា​បាល​ថ្នាក់ក្រោម​ជាតិ តាម​ការិយាល័យ​ច្រកចេញចូល​តែមួយ ក្រុង-ស្រុក-ខណ្ឌ​។​

​គួរបញ្ជាក់ថា ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ បានសម្រេច​បង្កើត​ក្រុមការងារ​រៀបចំ សេចក្ដី​ព្រាង​ក្របខណ្ឌ​គោលនយោបាយ​រដ្ឋាភិបាល​ឌីជីថល ដែលមាន​សមាសភាព​ចំនួន ៤៤​រូប​។ ក្រុមការងារ​នេះ មាន​តួនាទី និង​ភារកិច្ច ដូចខាងក្រោម​៖

​ទី​១-​ រៀបចំសេចក្ដី​ព្រាង​ក្របខណ្ឌ​គោលនយោបាយ​រដ្ឋាភិបាល​ឌីជីថល ដើម្បី​ដាក់ជូន​រាជរដ្ឋាភិបាល​ពិនិត្យ និង​សម្រេច​។​

​ទី​២-​ សិក្សា និង​ស្រាវជ្រាវ​អំពី​ស្ថានភាព​នៃ​ការរៀបចំ និង​អនុវត្ត​គោលនយោបាយ​រដ្ឋាភិបាល ឌីជីថល នៅតាម​បណ្ដា​ប្រទេស​ក្នុង​តំបន់ និង​សកលលោក​។​

ទី​៣-​ ពិនិត្យ និង​វាយតម្លៃ​លើ​ចំណុចខ្លាំង ចំណុចខ្សោយ កាលានុវត្តភាព និង​បញ្ហា​ប្រឈម ព្រមទាំង​និន្នាការ​នៃ​ការអភិវឌ្ឍ​រដ្ឋាភិបាល ឌីជីថល នៅ​កម្ពុជា ដើម្បី​តម្រង់ទិស​ការរៀបចំ​សេចក្ដី​ព្រាង​ក្របខណ្ឌ​គោលនយោបាយ​រដ្ឋាភិបាល ឌីជីថល​។​

​ទី​៤-​ សហការ​ជាមួយ​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ​នានា និង​ដៃគូ​អភិវឌ្ឍន៍ ដើម្បី​ពិនិត្យ សិក្សា និង​ស្នើសុំ​ធាតុ​ចូល​បន្ថែម ក្នុង​ការធានា​សង្គតិភាព​រវាង​គោលនយោបាយ​រដ្ឋាភិបាល ឌីជីថល កម្ពុជា ជាមួយ​គោលនយោបាយ​ពាក់ព័ន្ធ​។​

ទី​៥-​ រៀបចំ​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​ ជាមួយ​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ ដៃគូ​អភិវឌ្ឍន៍ និង​វិស័យ​ឯកជន លើ​សេចក្ដីព្រាង​ក្របខណ្ឌ​គោលនយោបាយ​រដ្ឋាភិបាល ឌីជីថល​៕​

ប្រភព៖ Swift  News

អត្ថបទដែលជាប់ទាក់ទង