សម្តេចតេជោ ហ៊ុន សែន អញ្ជើញប្រជុំបូកសរុបការងារឆមាសទី៤ របស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់

រាជធានីភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពប្រជុំបូកសរុបការងារឆមាសទី៤ របស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់។ ក្នុងកិច្ចប្រជុំនេះ ប្រធានគណៈប្រតិភូ នៃគណបក្សនយោបាយជាសមាជិក បានត្រូវអនុញ្ញាតឱ្យផ្តល់ នូវទស្សនទាន ដើម្បីផ្តល់ធាតុចូលក្នុងន័យស្ថាបនាអំពីបរិបទបច្ចុប្បន្នភាពសង្គម ដោយផ្អែកលើការរកឃើញតម្រុយ និងភស្តុតាងនានា តាមរយៈបេសកកម្មការងារបន្ថែមជាមួយនឹងការប្រឈមនឹងជំងឺកូវីដ-១៩ផងដែរ។

នៅក្នុងកិច្ចប្រជុំនេះផងដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានស្នើឱ្យប្រតិភូគណបក្ស នយោបាយ នៅក្នុងឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ចូលរួមជាមតិយោបល់ជុំវិញបញ្ហាកូវីដ–១៩ ដែលរាជរដ្ឋាភិបាលបានដាក់ចេញវិធានការ ឆ្លើយតប រួមទាំងបញ្ហាផ្សេងៗ ដែលជាដំណោះស្រាយលើបញ្ហាសេដ្ឋកិច្ច-សង្គម។

សម្តេចតេជោនាយករដ្ឋមន្ត្រី​ បានមានប្រសាសន៍ថា បញ្ហាជំងឺកូវីដ-១៩ មិនមែនជាបញ្ហាដាច់ដោយឡែក របស់កម្ពុជានោះទេ វាជាបញ្ហារួមរបស់សកលលោក។ សម្តេចតេជោ បានបញ្ជាក់ប្រាប់ទៅប្រតិភូបក្សនយោបាយ នៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់ យោបល់ ថាសម្តេចចង់ឱ្យតំណាងប្រតិភូគណបក្សនយោបាយ នៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ចូលរួមផ្ដល់នូវមតិទៅលើបញ្ហាការដោះស្រាយរបស់រាជរដ្ឋាភិបាល ទៅលើបញ្ហាកូវីដ-១៩នេះ ថាតើ បានដោះស្រាយសមស្រប ឬនៅ តើនៅមានអ្វីទៀតជាចន្លោះប្រហោង។

កិច្ចប្រជុំឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់នេះ បានផ្តល់ឱកាសឲ្យប្រធានប្រតិភូគណ បក្សនីមួយៗ ម្នាក់ៗបានចូលរួមទស្សនៈទាន១០នាទី នៃការផ្តល់ធាតុចូល ក្នុងន័យស្ថាបនា អំពីបរិបទ បច្ចុប្បន្នភាពសង្គម ផ្អែកលើការរកឃើញតម្រុយ ឬភស្តុតាង តាមរយៈបេសកកម្មការងារបន្ថែម ជាមួយ នឹងការប្រឈមនឹងកូវីដ-១៩។

ទាក់ទងទៅនឹងបញ្ហាព្រំដែន នៅក្នុកិច្ចប្រជុំនេះផងដែរ សម្ដេចតេជោ ហ៊ុន សែន ក៏បានអោយ លោក វ៉ា គឹមហុង ប្រធានគណៈកម្មាធិការចម្រុះ កិច្ចការព្រំដែន កម្ពុជា ចុះទៅជួបប្រជាពលរដ្ឋ ដែលអះអាងថា បាត់ដីនៅខេត្តត្បូងឃ្មុំ ក្រោយការបោះបង្គោលព្រំដែន។

ជាមួយគ្នានេះដែរ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានណែនាំទៅកាន់ លោកឧបនាយករដ្ឋមន្រ្តី ប៊ិន ឈិន រដ្ឋមន្រ្តីទីស្ដីការគណៈរដ្ឋមន្រ្តី អោយបើកសិក្ខាសាលាមួយដើម្បីឲ្យប្រជាពលរដ្ឋ សិស្ស និស្សិតចូលស្តាប់ និងសួរអំពីរឿងព្រំដែន។

សូមបញ្ជាក់ថា ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ត្រូវបានបង្កើតឡើងតាមព្រះរាជក្រឹត្យចុះថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨ ដោយមានការស្នើសុំរបស់សម្តេចតេជោ ហ៊ុន សែន ក្រោយពេលបោះឆ្នោតជាតិអាណត្តិទី៦។

ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ មានសមាសភាពមកពីគណបក្សយោបាយចំនួន១៦ ក្នុងចំណោមគណបក្សនយោបាយចំនួន២០ ដែលបានចូលរួមការបោះឆ្នោតជាតិឆ្នាំ២០១៨។

ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ មានតួនាទីផ្តល់យោបល់ជូនរាជរដ្ឋាភិបាលក្រៅក្របខណ្ឌសភា ក្នុងគោលដៅលើកស្ទួយប្រសិទ្ធភាពការងារ ដើម្បីជាប្រយោជន៍ដល់ការបម្រើសេវាប្រជាពលរដ្ឋ និងការអភិវឌ្ឍសង្គមប្រកបដោយសក្តានុពល៕

អត្ថបទដែលជាប់ទាក់ទង