តុលាការសម្រេចឃុំខ្លួន លោកអធិការរងនគរបាលស្រុកសំរោងទង និងកូនចៅ៦នាក់ រឿងបាញ់បោះសេរី

ខេត្តកំពង់ស្ពឺ៖ សាលាដំបូងខេត្តកំពង់ស្ពឺ បានសម្រេចឃុំខ្លួនអធិការរង ទទួលការងារសន្តិសុខ នៃអធិការដ្ឋាននគរបាលស្រុកសំរោងទង រួមទាំងមន្ត្រីនគរបាលចំនួន ០៦នាក់ទៀត (សរុប០៧នាក់) ពាក់ព័ន្ធករណីបាញ់បោះសេរី និងប្រើប្រាស់កាំភ្លើងអត់ច្បាប់ កាលពីព្រលប់ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០ បន្ទាប់ពីតុលាការ បានសាកសួររួចរាល់។

លោកស្រី ទិត្យ ដាលីន ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់ស្ពឺ បានសម្រេចចេញដីកាឃុំខ្លួនមន្ត្រីនគរបាលទាំង
០៧នាក់ ខាងលើនេះ ដាក់ពន្ធនាគារជាបណ្តោះអាសន្ន។

កម្លាំងស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានបញ្ជូនខ្លួនអធិការរងទទួលការងារសន្តិសុខ នៃអធិការដ្ឋាននគរបាលស្រុកសំរោងទង រួមទាំងមន្ត្រីនគរបាលចំនួន ០៦នាក់ទៀត ទៅតុលាការកាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២០។

ការបញ្ជូនមន្ត្រីនគរបាលទាំង ០៧នាក់ ទៅកាន់តុលាការ បានកើតឡើង បន្ទាប់ពីនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានបញ្ជាឲ្យស្នងការនគរបាលខេត្តកំពង់ស្ពឺ បញ្ជូនខ្លួនមន្ត្រីនគរបាលទាំង ០៧នាក់នេះ ទៅតុលាការដើម្បីចាត់ការតាមផ្លូវច្បាប់ ពាក់ព័ន្ធករណីផឹកស្រាស្រវឹងបាញ់បោះសេរី។

មន្ត្រីនគរបាលទាំង ០៧នាក់ ដែលផឹកស្រវឹងនាំគ្នាបាញ់បោះសេរីមានដូចជា៖
១- លោកវរសេនីយ៍ទោ កង ភារី អធិការរងទទួលការងារសន្តិសុខ នៃអធិការដ្ឋាននគរបាលស្រុកសំរោងទង បាញ់បោះសេរីចំនួន ០៣គ្រាប់ កាលពីថ្ងៃទី១៨-១៩ ខែសីហា ឆ្នាំ២០២០ នៅក្នុងបរិវេណសាលាស្រុកសំរោងទង។
២- លោកអនុសេនីយ៍ឯក ដន សុខុម នាយរងផ្នែកសន្តិសុខ បាញ់ចំនួន ០២គ្រាប់។
៣- លោកអនុសេនីយ៍ត្រី ព្រីង ឡង់ឌី នាយរងប៉ុស្តិ៍វល្លិសរ បាញ់ចំនួន ០២គ្រាប់។
៤- លោកអនុសេនីយ៍ត្រី កាន់ សៅលី នាយរងផ្នែកគ្រឿងញៀន បាញ់ចំនួន ០២គ្រាប់។
៥- លោកអនុសេនីយ៍ត្រី ម៉ាន់ ប៊ុណ្ណារ៉ា នាយរងផ្នែកគ្រឿងញៀន បាញ់ចំនួន ០២គ្រាប់។
៦- លោកព្រិន្ទបាលទោ នី សុភាក់ មន្ត្រីប៉ុស្តិ៍ទំព័រមាស បាញ់ចំនួន ០២គ្រាប់។
៧- លោក ម៉ាន់ ប៊ុណ្ណារែក។

យោងតាមរបាយការណ៍ របស់អធិការនគរបាលស្រុកសំរោងទង បានឲ្យដឹងថា កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២០ លោក កង ភារី អធិការរងទទួលការងារសន្តិសុខ នៃអធិការដ្ឋាននគរបាលស្រុកសំរោងទង បានធ្វើសកម្មភាពបាញ់បោះសេរីចំនួន ០៣គ្រាប់ នៅចំណុចបរិវេណសាលាស្រុកសំរោងទង និងនៅថ្ងៃទី១៩ ខែសីហា បាននាំកូនចៅឈរបាញ់ដោយសេរីជាច្រើនគ្រាប់ ប៉ុន្តែនៅកន្លែងកើតហេតុ បានរកឃើញសំបកគ្រាប់ចំនួន១១គ្រាប់។

យ៉ាងនេះក្តី នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២០ លោកវរសេនីយ៍ទោ កង ភារី អធិការរងទទួលការងារសន្តិសុខ នៃអធិការដ្ឋាននគរបាលស្រុកសំរោងទង ត្រូវបានកម្លាំងការិយាល័យអន្តរាគមន៍ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានហៅមកសាកសួរ ជុំវិញករណីចោទប្រកាន់ខាងលើនេះ៕

ប្រភព៖ Bayon radio

អត្ថបទដែលជាប់ទាក់ទង