លោក លូ គឹមឈន់ ទទួលពានរង្វាន់ ពីសមាគមវិស្វករសុីវិលជប៉ុន(JSCE) ដែលជាពានរង្វាន់សម្រាប់អ្នកមានស្នាដៃឆ្នើម

ខេត្តព្រះសីហនុ៖ លោក លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ បានទទួលពានរង្វាន់ International Lifetime Contribution Award ពីសមាគមវិស្វករសុីវិលជប៉ុន(JSCE) ដែលជាពានរង្វាន់ជូនសម្រាប់អ្នកមានស្នាដៃឆ្នើម ក្នុងកិច្ចសហប្រតិបត្តិការទំនាក់ទំនងទ្វេរភាគី រវាងប្រទេសកម្ពុជា ជាមួយជប៉ុន ក្នុងបុព្វហេតុ នៃការចូលរួមអភិវឌ្ឍន៍កំពង់ផែស្វយ័តក្រុងព្រះសីហនុ រយៈពេល ២០ឆ្នាំកន្លងមកនេះ។

មន្ត្រីរដ្ឋបាលកំពង់ផែស្វយ័តក្រុងព្រះសីហនុ បានឲ្យដឹងថា ដោយសារតែជំងឺកូវីដ-១៩ សមាគមវិស្វករសុីវិលជប៉ុន(JSCE) មិនអាចធ្វើពិធីជួបជុំប្រគល់ទទួលដោយផ្ទាល់បានទេ ដោយកម្មវិធីទទួលពានរង្វាន់ខាងលើនេះ បានរៀបចំឡើងនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ រសៀលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០ តាមរយៈភ្ជាប់ប្រព័ន្ធអនឡាញ ពីប្រទេសជប៉ុន ជាមួយ កំពង់ផែស្វយ័តក្រុងព្រះសីហនុ រវាងសមាគមវិស្វករសុីវិលជប៉ុន និងថ្នាក់ដឹកនាំកំពង់ផែស្វយ័តក្រុងព្រះសីហនុ។

ពិធីនោះដែរ ក៏មានវត្តមាន លោក តូច ចាន់កុសល រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានចូលរួមផងដែរ។

មន្ត្រីរដ្ឋបាលកំពង់ផែស្វយ័តក្រុងព្រះសីហនុ បានឲ្យដឹងថា នេះជាលើកទី២ហើយ ដែលសមាគមវិស្វករសុីវិលជប៉ុន បានផ្តល់ពានរង្វាន់នេះជូនមន្ត្រីកម្ពុជា ដោយលើកទី១ បានផ្តល់ជូន លោក តូច ចាន់កុសល រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងលើកទី២នេះ ផ្តល់ជូន លោក លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ៕

អត្ថបទដែលជាប់ទាក់ទង