សហគមន៍កសិកម្មដាំប្ញស្សីទំពាំងផ្អែម ចំនួនបីនៅខេត្តព្រះវិហារ កំពុងមានតម្រូវការទីផ្សារខ្ពស់

ខេត្តព្រះវិហារ៖ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ បានឲ្យដឹងថា សហគមន៍កសិកម្មចំនួន ០៣ នៅខេត្តព្រះវិហារ បាននាំគ្នាដាំឫស្សីទំពាំងផ្អែម  ដែលកំពុងមានតម្រូវការទីផ្សារល្អ និងអាចផ្ដល់ចំណូលបានច្រើនសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ។

ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ លោក ពឹង ទ្រីដា មានប្រសាសន៍ថា  មន្ទីរកសិកម្មខេត្ត បានជំរុញឲ្យប្រជាសហគមន៍ចំនួន០៣ ស្ថិតនៅស្រុករវៀង និងស្រុកឆែប ឲ្យនាំគ្នាដាំឫស្សីទំពាំងផ្អែមនេះឲ្យបានច្រើន ព្រោះកំពុងមានទីផ្សារ  អាចរកប្រាក់ចំណូលសម្រាប់ប្រជាសហគមន៍បន្ថែមទៀត  ស្របពេលរាជរដ្ឋាភិបាលកម្ពុជា កំពុងជំរុញឲ្យមានការធ្វើកសិកម្ម ក្នុងប្រទេសឲ្យបានច្រើនថែមទៀត។

លោកប្រធានមន្ទីរបន្តថា បច្ចុប្បន្ននេះ ទីផ្សារទំពាំងផ្អែមមានការពេញនិយមពីសំណាក់អ្នកបរិភោគ ក្នុងស្រុក  និងកំពុងមានតម្លៃខ្ពស់  នៅលើទីផ្សារ។ ហើយថា បើនៅរដូវប្រាំងវិញ ទំពាំងផ្អែមនេះ អាចលក់បាន ០១ម៉ឺនរៀល ក្នុងមួយគីឡូក្រាម ហើយរដូវវស្សាលក់បានចន្លោះពី ៥ពាន់រៀល ទៅ ៧ពាន់រៀលក្នុងមួយគីឡូក្រាម។

លោក ពឹង ទ្រីដា បន្តថា ការដាំឫស្សីទំពាំងផ្អែមនេះ ក៏បានជួយការពារដី កុំឲ្យទឹកហូរច្រោះដី និងរក្សាបាននៅភាពបៃតងជាប់ជានិច្ច។

លោកបន្តថា ដំណាំឫស្សីទំពាំងផ្អែម វាមានភាពងាយស្រួលដាំ និងថែទាំជាងដំណាំផ្សេងៗ  ដោយមានការលូតលាស់រហ័ស​ហេីយ​ អាចទាញយកផលបានគ្រប់រដូវកាល។

បច្ចុប្បន្ននេះខេត្តព្រះវិហារ មានដាំដំណាំឫស្សីទំពាំងផ្អែម បានចំនួនជាង ៣០ហិកតា នៅក្នុងសហគមន៍ចំនួន ០៣ នៃស្រុករវៀង និងឆែបខេត្តព្រះវិហារ៕

ប្រភព៖ ក្រសួងព័ត៌មាន

អត្ថបទដែលជាប់ទាក់ទង