នគរបាលខេត្តព្រះសីហនុ ចាប់បានជនសង្ស័យ៩នាក់ ដែលធ្វើសកម្មភាពលួចកាច់សោរកម៉ូតូ របស់ប្រជាពលរដ្ឋ

ខេត្តព្រះសីហនុ៖ ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានឲ្យដឹងថា ជនសង្ស័យចំនួន៩នាក់ មានទាំងមេក្លោង និងបក្ខពួក ដែលធ្វើសកម្មភាពលួចកាច់បំបែកសោរកម៉ូតូ របស់ប្រជាពលរដ្ឋ ត្រូវបានបង្ក្រាបជាបន្តបន្ទាប់ ក្នុងនោះមានអ្នកទទួលផលចោរកម្មផងដែរ។

របាយការណ៍នគរបាលបង្ហាញថា កាលពីល្ងាចថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០ នៅចំណុចភូមិអូរតាប៉ាង ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានអំពើចោរកម្ម (លួចម៉ូតូ) ដោយជនសង្ស័យ ធ្វើសកម្មភាពលួចម៉ូតូ ០១គ្រឿង ម៉ាក ហុងដាសេ១២៥ ស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ កំពង់ស្ពឺ 1I-9447 ដែលជនរងគ្រោះចតទុកនៅលើផ្លូវ រួចជិះគេចខ្លួនបាត់។

បន្ទាប់ពីទទួលបានបណ្តឹងរបស់ជនរងគ្រោះ កម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌ បានសហការជាមួយកម្លាំងអធិការដ្ឋានស្រុកព្រៃនប់ បានចុះស្រាវជ្រាវ រហូតដល់ថ្ងៃទី២៦ ខែសីហា វេលាម៉ោង ១៧ និង ៣០នាទីល្ងាច ទើបចាប់ឃាត់ខ្លួនបានជនសង្ស័យ ០១នាក់ នៅចំណុចផ្ទះជួលមួយកន្លែង ស្ថិតនៅក្នុងភូមិអូរតាប៉ាង ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ បន្ទាប់មកសមត្ថកិច្ច ក៏បានបន្តស្រាវជ្រាវតាមចាប់ឃាត់ខ្លួនបានជនសង្ស័យ ដែលជាបក្ខពួកបានចំនួន ០៣នាក់ បន្ថែមទៀត នៅវេលាម៉ោង ២១ និង ៣០នាទីយប់ ថ្ងៃដដែល នៅចំណុច ភូមិអាចម៍មឹក ស្ថិតនៅ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ។

សមត្ថកិច្ច បញ្ជាក់ថា ជនរងគ្រោះឈ្មោះ នាវ សូថា ភេទប្រុស អាយុ ៥៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ ធ្វើស្រែ មានទីលំនៅ ភូមិត្រពាំងស្អុយ២ ឃុំអណ្តូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ចំណែកសម្ភារបាត់បង់រួមមាន៖ ម៉ូតូ ០១គ្រឿងម៉ាក ហុងដាសេ១២៥ ស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខៈ កំពង់ស្ពឺ 1I-9447។
បន្ទាប់ពីធ្វើការសាកសួរ ជនសង្ស័យបានសារភាពថា នៅមានបក្ខពួកខ្លួនជាច្រើននាក់ទៀត ដែលជាជនសកម្មក្នុងការលួចម៉ូតូក្នុងខេត្តព្រះសីហនុ កំពុងលាក់ខ្លួននៅផ្ទះមួយកន្លែងនៅក្នុងព្រៃភូមិថ្មី ស្ថិតនៅ ភូមិ៣ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ និងមានមេក្លោងឈ្មោះ ឈិន សុផានិត ហៅ ពេជ្រធំ នៅពេលដែលលួចម៉ូតូបានគឺយកទៅផ្ទះនោះ ដើម្បីដោះបំបែកចេញ និងធ្វើសោរថ្មី។

កម្លាំងសមត្ថកិច្ចបានធ្វើការស្រាវជ្រាវតាមចាប់បក្ខពួក របស់ជនសង្ស័យ និងមេក្លោងឈ្មោះ ឈិន សុផានិត ហៅ ពេជ្រធំ រហូតដល់រំលងអាធ្រាត្រ ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០ កម្លាំងសមត្ថកិច្ចកំណត់បានទីតាំងផ្ទះដែលមេក្លោងឈ្មោះ ឈិន សុផានិត ហៅ ពេជ្រធំ ព្រមទាំងបក្ខពួក កំពុងលាក់ខ្លួន ក៏បើកប្រតិបត្តិការដើម្បីចាប់ជនសង្ស័យទាំងនោះ ដោយមានការចូលរួមសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុង និងកម្លាំងអន្តរាគមន៍ពិសេស ។ ប៉ុន្តែនៅពេលដឹងថាកម្លាំងសមត្ថកិច្ចឡើងព័ទ្ធចាប់ខ្លួន ក្រុមជនសង្ស័យទាំងនោះ ក៏បាននាំគ្នារត់គេចខ្លួនចូលក្នុងព្រៃបាត់អស់ កម្លាំងជំនាញ បានធ្វើការុករកជនសង្ស័យ រហូតដល់ភ្លឺម៉ោង ០៨ ព្រឹក ទើបចាប់ ខ្លួនបានមេក្លោងឈ្មោះ ឈិន សុផានិត ហៅ ពេជ្រធំ និងបក្ខពួករបស់វាចំនួន ០២នាក់ ទៀត ព្រមទាំងដកហូតបានម៉ូតូ ០៤គ្រឿង ក្នុងនោះមាន ០៣គ្រឿង កំពុងដោះបំបែក។

កម្លាំងសមត្ថកិច្ច បានបន្តស្រាវជ្រាវតាមចាប់ខ្លួនបក្ខពួកបាន ០១នាក់ បន្ថែមទៀត នៅវេលាម៉ោង៩យប់ ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០ នៅចំណុច ផែរ៉ូយ៉ាល់ ស្ថិតនៅ ភូមិ៣ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ។

សមត្ថកិច្ចបន្តថា បន្ទាប់ពីធ្វើការសាកសួរ ជនសង្ស័យបានសារភាពថា ម៉ូតូដែលលួចបានគឺយកទៅបញ្ជាំឲ្យឈ្មោះ រ៉ឹម មាទ ភេទប្រុស នៅម្តុំផ្លូវអូរ២ រហូតដល់វេលាម៉ោង ១១ និង ០០នាទី ថ្ងៃទី ២៩ ខែសីហា ឆ្នាំ២០២០ កម្លាំងសមត្ថកិច្ច បានបន្តការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ដែលទទួលផលចោរកម្ម នៅចំណុចផ្ទះជួលមួយកន្លែង ស្ថិតនៅ ភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ និងធ្វើការដកហូតបានម៉ូតូចំនួន ០៣គ្រឿង ដែលជាផលចោរកម្ម។

ជារួមក្នុងកិច្ចប្រតិបត្តិការនេះ កម្លាំងសមត្ថិច្ចបានធ្វើការឃាត់ខ្លួនបានជនសង្ស័យសរុបចំនួន ០៩នាក់ ដែលមានឈ្មោះដូចខាងក្រោម៖
១- ឈ្មោះ ឈិន សុផានិត ហៅ ពេជ្រធំ ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅ ភូមិ៣ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ (មេក្លោង)
២- ឈ្មោះ សុះ សាក់រ៉នី ហៅ វីន ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិ ខ្មែរអ៊ីស្លាម មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិអូរចំណារ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ (សហចារី)

៣- ឈ្មោះ ម៉ៅ ចាន់បូរ៉ា ហៅ យ៉ត ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ(សហចារី)
៤- ឈ្មោះ ប្រាក់ ទ្រី ហៅ ពេជ្រតូច ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិ២ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ (សហចារី)
៥- ឈ្មោះ សី សុភា ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិ២ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ(សហចារី)
៦- ឈ្មោះ អ៊ុច សីហា ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅ មិនពិតប្រាកដ (សហចារី)
៧- ឈ្មោះ វ៉ាន់ ចាន់សុធី ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិ៣ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ (សហចារី)
៨- ឈ្មោះ ភួង រ៉ាវីន ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ភូមិ៣ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ (សហចារី)
៩- ឈ្មោះ រ៉ឹម មាទ ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ រកស៊ី ស្នាក់នៅផ្ទះជួល ភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ(ទទួលផលនៃអំពើលួច)

ចំណែកវត្ថុតាងចាប់យកបាន៖
– កម្បាំងម៉ូតូមួយចំនួន
– សម្ភារៈ និងគ្រឿងម៉ូតូមួយចំនួន
– ម៉ូតូចំនួន ១០គ្រឿង
១- ម៉ាក លែត ពណ៌ស គា្មនផ្លាកលេខ
២- ម៉ាក លែត ពណ៌ស-ខៀវ គា្មនផ្លាកលេខ
៣- ម៉ាក VISION ពណ៌ក្រហម គា្មនផ្លាកលេខ
៤- ម៉ាក ហុងដាសេ១២៥ ស៊េរីឆ្នាំ២០០៩ ពណ៌ខ្មៅ ផ្លាកលេខៈ ភ្នំពេញ 1AF-7352
៥- ម៉ាក CLICK ស៊េរីឆ្នាំ២០២០ ពណ៌ខ្មៅ គ្មានផ្លាកលេខ
៦- ម៉ាក វីនន័រ ពណ៌ខ្មៅ បិតតែមពណ៌ស គា្មនផ្លាកលេខ
៧- ម៉ាក វីនន័រ ពណ៌ខ្មៅ បិតតែមពណ៌ចំរុះ គា្មនផ្លាកលេខ
៨- ម៉ាក ស្មាស់ ពណ៌ខ្មៅ គា្មនផ្លាកលេខ
៩- ម៉ាក WAVE RSX ពណ៌ខ្មៅ គា្មនផ្លាកលេខ
១០- ម៉ាក ហុងដាសេ១២៥ ស៊េរីឆ្នាំ២០១៦ ពណ៌ខ្មៅ ប្រើផ្លាកលេខក្លែងបន្លំ ដោយដោះផ្លាកលេខដើមចេញ “ព្រះសីហនុ 1G-9045” រួចយកផ្លាកលេខរបស់ម៉ូតូ ហុងដាសេ១២៥ ស៊េរីឆ្នាំ២០២០ “ភ្នំពេញ 1ID-2146” ដែលពួកវាលួចបាន យកមកដាក់បន្លំ។

បច្ចុប្បន្ននគរបាល បានចាត់ការតាមនីតិវិធីបញ្ជូនទៅផ្តន្ទាទោសតាមច្បាប់៕

អត្ថបទដែលជាប់ទាក់ទង