អាណាព្យាបាលរស់នៅខេត្តព្រះសីហនុ បន្តព្រួយបារម្ភអំពីបទល្មើសគ្រឿងញៀន គ្មានសញ្ញាថយចុះ..

ខេត្តព្រះសីហនុ៖ អាណាព្យាបាលរស់នៅខេត្តព្រះសីហនុ បន្តព្រួយបារម្ភ ចំពោះបទល្មើសគ្រឿងញៀន ដែលបន្តវាយលុកក្នុងមូលដ្ឋាននេះ ហើយសមត្ថកិច្ចស្ថាប័នពាក់ព័ន្ធ ចុះបង្ក្រាបមិនទាន់មានប្រសិទ្ធភាពទេ។

ទាក់ទិនករណីគ្រឿងញៀននេះ ទាំងមន្ត្រីរាជការ និងអាណាព្យាបាល រស់នៅខេត្តព្រះសីហនុ អះអាងថា បទល្មើសនេះ ហាក់មិនទាន់មានសញ្ញាថយចុះទេ ទោះបីជាបន្តបន្ទាប់មកនេះ ឃើញមានកម្លាំងនគរបាល និងកងរាជអាវុធហត្ថខេត្តព្រះសីហនុជាដើម បានចុះបង្ក្រាប និងចាប់បញ្ជូនជនសង្ស័យ ព្រមទាំងវត្ថុតាង ទៅកាន់តុលាការផ្តន្ទាទោសបែបណាក្តី។

សូមបញ្ជាក់ថា កាលពីល្ងាចថ្ងៃទី២៨ ខែសីហា កម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានចាប់ខ្លួនជនសង្សយ័ជនជាតិចិនម្នាក់ ពាក់ព័ន្ធបទល្មើសជួញដូរគ្រឿងញៀន ប្រព្រឹត្តនៅភូមិ៣ សង្កាត់៤ ក្រុងព្រះសីហនុ។

លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការអាវុធហត្ថខេត្តព្រះសីហនុ បានប្រាប់បណ្ដាញផ្សព្វផ្សាយថា ជនសង្ស័យលើបទល្មើសគ្រឿងញៀនខាងលើមានឈ្មោះ ទាន់ អាន ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិចិន មុខរបរមិនពិតប្រាកដ ស្នាក់នៅបណ្ដោះអាសន្ន ភូមិ៣ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ។

វត្ថុតាងដកហូតបាន មានថ្នាំញៀនម្សៅពណ៌សចំនួន ៨កញ្ចប់ , ម្សៅសថ្លាចំនួន២កញ្ចប់,ថ្នាំគ្រាប់ពណ៌ក្រហមចំនួន ១២៣ គ្រាប់,ថ្នាំគ្រាប់ពណ៌លឿងចំនួន ១៥ គ្រាប់,ទូរសព្ទ២គ្រឿង,ជញ្ជីងថ្លឹង១, កញ្ឆាចំនួន ៣កញ្ចប់, ថ្នាំបន្ទះចំនួន ៣បន្ទះ ស្មើនឹង ៣០ គ្រាប់, ម្សៅកញ្ចប់ពណ៌ទឹកប្រាក់ចំនួន ៥៨កញ្ចប់, ម្សៅកញ្ចប់ពណ៌បៃតងចំនួន ៥កញ្ចប់, ម្សៅកញ្ចប់កាហ្វេចំនួន ២កញ្ចប់, ថ្នាំទឹក២ដប, ថ្នាំគ្រាប់១ដប, លិខិតឆ្លងដែនចំនួន១ច្បាប់, កាំភ្លើងខ្លីបាញ់គ្រាប់ឃ្លី១គ្រឿង, រថយន្តចំនួន ១ គ្រឿង ម៉ាក RANGE ROVER ស្លាកលេខភ្នំពេញ 2V- 4518។

បច្ចុប្បន្នកម្លាំងការិយាល័យជំនាញកំពុងសាកសួរនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ និងឈាមដល់កសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ផ្តន្ទាទោសតាមច្បាប់៕

អត្ថបទដែលជាប់ទាក់ទង