ប្រជាពលរដ្ឋផ្ទុះការតវ៉ា និងចោទ លោកផ្កាយ៣យោធា មាស ប៊ុនឡី ថាបានរំលោភឈួសឆាយដីធ្លីស្របច្បាប់គាត់ដី

522

ខេត្តកំពត៖ ក្រុមប្រជាពលរដ្ឋ ដែលអះអាងថា ជាម្ចាស់ដីកសិកម្មធ្លាប់រស់អាស្រ័យផល ប៉ុន្តែក្រោយមកពួកបានលក់ដីទាំងនោះឲ្យទៅក្រុមហ៊ុន ធូដេ ឌីវេហ្វ្លុកមេន ដើម្បីបង្កើតទីក្រុងរណប ដែលមានលិខិតទិញលក់ ទទួលស្គាល់ពីអាជ្ញាធរពាក់ព័ន្ធត្រឹមត្រូវ។

ប្រជាពលរដ្ឋបន្តថា ដោយមើលឃើញភាពអយុត្ដិធម៌ ក្រោយឃើញ លោកផ្កាយ៣​យោធាម្នាក់ដែលគេស្គាល់មានឈ្មោះ មាស ប៊ុនឡី បានដាក់គ្រឿងចក្រឈួសឆាយ និង ចូលកាន់កាប់ដីស្របច្បាប់របស់ក្រុមហ៊ុនធូដេ ឌីវេហ្វ្លុកមេន ដែលទទួលសិទ្ធិវិនិយោគពីរាជរដ្ឋាភិបាល ទើបនៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២០ ក្រុមប្រជាពលរដ្ឋជាច្រើនគ្រួសារ បានផ្ទុះការតវ៉ាដោយប្រមូលផ្តុំគ្នា នៅមុខដីមានជម្លោះ ស្ថិតនៅភូមិព្រែកអំពិល ឃុំកោះតូច ស្រុកទឹកឈូ ខេត្ដកំពត។

ទាក់ទិនបញ្ហានេះ លោក តឹក ង៉ូយ តំណាងក្រុមហ៊ុនធូដេ បូកគោ ឌីវេឡុបមេន បានឲ្យដឹងថា លោកផ្កាយ៣ មាស ប៊ុនឡី បានកាន់កាប់ទន្ទ្រានយកដីក្រុមហ៊ុនជាងមួយឆ្នាំកន្លងមកហើយ ដោយថែមទាំងបានយកកម្លាំងយោធាជាច្រើននាក់មកពង្រាយការពារ និងដាក់ប៉ារ៉ាស់បិទផ្លូវលើដីឯកជនថែមទៀតទៀតផង។

លោក តឹក ង៉ូយ បន្តថា ក្រុមហ៊ុន ធូដេ ឌីវេហ្វ្លុកមេន បានសិទ្ធិវិនិយោគស្របច្បាប់ពីរាជរដ្ឋាភិបាល តាំងពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៦មកម្លេះ ដើម្បីអភិវឌ្ឍន៍ជាតំបន់សេដ្ឋកិច្ចពិសេស រោងចក្រ និងតំបន់ទេសចរណ៍ជាដើម…។

លោក តឹក ង៉ូយ តំណាងក្រុមហ៊ុនធូដេ បូកគោ ឌីវេឡុបមេន បានបញ្ជាក់បន្ថែមថា រយៈពេលជាងមួយឆ្នាំកន្លងមកនេះ ឃើញវត្តមានលោកឧត្ដមសេនីយ៍ឯក មាស ប៊ុនឡី បានចូលមកទន្ទ្រានយកដីក្រុមហ៊ុន ដែលបានទិញពីប្រជាពលរដ្ឋទាំងបំពាន។

លោកបន្តថា តាមពិតដី របស់លោកឧត្ដមសេនីយ៍ឯក មាស ប៊ុនឡី មានទំនាស់ជាមួយ លោកឧកញ៉ា វិញ ហួរ ឯណោះវិញទេ ប៉ុន្ដែដោយសារបានសម្របសម្រួលត្រូវគ្នាហើយ ទើបមកបំពានដីក្រុមហ៊ុន របស់លោកតែម្ដង។

យ៉ាងនេះក្តី ក្រុមប្រជាពលរដ្ឋជាច្រើននាក់ បានប្រមូលផ្ដុំគ្នាតវ៉ា ចំពោះភាពអយុត្ដិធម៌ ដែលបុគ្គលមានអំណាច មកដណ្ដើមដីធ្លី របស់ក្រុមហ៊ុន ដែលពួកគាត់បានលក់ជូនដោយស្របច្បាប់កន្លងមកនេះ។

ប្រជាពលរដ្ឋ បានអះអាងទៀតថា ដីមានវិវាទខាងលើនេះ មានទំហំជាង ១០០ហិកតា ហើយត្រូវប្រជាពលរដ្ឋពួកគាត់ បានលក់ទៅឲ្យ លោក ជឹម ផល ជាយូរណាស់មកហើយៗក៏ត្រូវ លោក ជឹម ផល បានលក់បន្តទៅឲ្យក្រុមហ៊ុន ធូដេបូកគោ ឌីវេហ្វ្លុកមេន ដោយកន្លងមកមិនមានបញ្ហាអ្វីកើតឡើងនោះទេ។

ត្រង់ចំណុចនេះ ក្រុមប្រជាពលរដ្ឋ ក៏បានសូមសំណូមពរដល់លោក ជាវ តាយ អភិបាលខេត្ដកំពត ជាពិសេសសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា ជួយរកដំណោះស្រាយផ្តល់យុត្តិធម៌ជូន ក្រុមហ៊ុន ធូដេបូកគោ ឌីវេហ្វ្លុកមេន ដោយអនុគ្រោះផងចុះ។

យ៉ាងណាក៏ដោយចុះ គេហទំព័រ “កម្ពុជាថ្ងៃនេះ” មិនទាន់អាចមានប្រភពទាក់ទង លោកឧត្ដមសេនីយ៍ឯក មាស ប៊ុនឡី
ដើម្បីបំភ្លឺជុំវិញការចោទប្រកាន់ខាងលើបាននៅឡើយទេ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០៕

អត្ថបទដែលជាប់ទាក់ទង