លោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី និងមន្ត្រីមួយចំនួនទៀត ត្រូវរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដាក់វិន័យរដ្ឋបាលនិងទណ្ឌកម្ម លើករណីវិនាសកម្មព្រៃឈើ

ខេត្តមណ្ឌលគិរី៖ ប្រភពព័ត៌មានលោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី និងមន្ត្រីមានឋានៈធំៗមួយចំនួនទៀត ត្រូវបានថ្នាក់លើដាក់វិន័យរដ្ឋបាល និងដាក់ទណ្ឌកម្ម លើករណីបណ្តែតបណ្តោយឲ្យមានសកម្មភាពកាប់ទន្ទ្រានដីព្រៃ នៅមូលដ្ឋានខេត្តមណ្ឌលគិរី។

ប្រភពព័ត៌មានពីមន្ត្រីក្រសួងមហាផ្ទៃ បានឲ្យដឹងនៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២០នេះថា មន្ត្រីគ្រាក់ៗឬមានតួនាទីខ្ពស់ ដែលត្រូវបានថ្នាក់លើ អនុវត្តវិន័យរដ្ឋបាល និងទណ្ឌកម្មនោះ រួមមាន៖

១- លោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី ត្រូវបានថ្នាក់លើដាក់វិន័យនិងអប់រំណែនាំ ឲ្យខិតខំអនុវត្តតួនាទីឲ្យបានល្អឡើងវិញ។
២- លោក ស៊ិន វណ្ណវុឌ្ឍ អភិបាលស្រុកកោះញែក ខេត្តមណ្ឌលគិរី ត្រូវបាន សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ចេញអនុក្រឹត្យបញ្ចប់តំណែង និង ឲ្យមកបម្រើការងារនៅទីស្តីការក្រសួងមហាផ្ទៃវិញ។
៣- លោក សុក សេរ៉ា នាយករងរដ្ឋបាលសាលាខេត្តមណ្ឌលគិរី ត្រូវបានបញ្ចប់តំណែង និងឲ្យមកបម្រើការងារនៅទីស្តីការក្រសួងមហាផ្ទៃវិញ។
៤- លោក សៀក មុន្នី អភិបាលស្រុកអូររាំង ត្រូវបានអនុវត្តវិន័យរដ្ឋបាល។
៥- លោក ណយ ស្រូន សមាជិកព្រឹទ្ធសភា ត្រូវបានបញ្ជូនឲ្យ លោក សាយ ឈុំ ប្រធានព្រឹទ្ធសភា ដើម្បីអនុវត្តវិន័យ។
៦- លោកឧត្តមសេនីយ៍ ជេត ហ៊ាង មេបញ្ជាការរងកងឯកភាពស្ថាបនាថ្នល់លេខ៧១៦ និង ជាប្រធានការដ្ឋានខ្សែក្រវាត់ព្រំដែន ត្រូវបានបញ្ជូនទៅក្រសួងការពារជាតិ ដើម្បីអនុវត្តវិន័យកងកម្លាំង។
៧- លោកស្រី ថ្ចាន់ ត្រែល ចៅសង្កាត់សែនមនោរម្យ ស្រុកអូររាំង ត្រូវដាក់វិន័យរដ្ឋបាល។
៨- លោក ប៊ុត សំអែល មេឃុំស្រែខ្ទុម ស្រុកកែវសីមា ត្រូវដាក់វិន័យរដ្ឋបាល។
៩- លោក ពឿប ពេ មេឃុំស្រែព្រះ ស្រុកកែវសីមា ត្រូវដាក់វិន័យរដ្ឋបាល។

ប្រភពព័ត៌មានដដែលបានឲ្យដឹងទៀតថា ករណីខាងលើនេះ សម្តេច ហ៊ុន សែន បានឯកភាព​លើ​លទ្ធផល​ របស់​ក្រុម​ការងារ​អន្តរក្រសួង​ ចំពោះ​ការចុះ​ស្រាវជ្រាវ​ករណី​កាប់​រានទន្ទ្រាន​កាន់កាប់​ដីព្រៃ​ខុសច្បាប់​ ក្នុង​តំបន់​ការពារ​ធម្មជាតិ​ក្នុង​ខេត្ត​មណ្ឌលគិរី នេះរួចហើយ។

ដោយឡែក លោកនាយឧត្តមសេនីយ៍​ ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ ​បាននិយាយប្រាប់អ្នកសារព័ត៌មានថា ក្រុម​ការងារ​អន្តរក្រសួង​ បាន​បំពេញ​ការងារ​ចុះ​សិក្សា​ស្រាវជ្រាវ​លើ​ករណី​ការកាប់​រាន ទន្ទ្រាន កាន់កាប់​ដីព្រៃ​ខុសច្បាប់​ ក្នុង​តំបន់ ការពារ​ធម្មជាតិ ស្ថិត​ក្នុង​ខេត្ដ​មណ្ឌលគិរី ប្រកប​ដោយ​តម្លាភាព សុចរិតភាព និង​ មាន​ភស្តុតាង​ គ្រប់គ្រាន់។ លោកបន្តថា អ្នកជាប់ពាក់ព័ន្ធសកម្មភាពកាប់ទន្ទ្រានដីព្រៃរដ្ឋខុសច្បាប់ នៅខេត្តមណ្ឌលគិរីនេះ គឺ ថ្នាក់លើមាន​គោលការណ៍​រួចអស់ហើយ។ ប៉ុន្ដែ​មិនទាន់កំណត់ពេល​ណា​ជាក់លាក់នៅឡើយទេ។

ទាក់ទិនបញ្ហានេះ សម្តេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០ កន្លងទៅ បានចេញសេចក្តីសម្រេចស្តីពី «ការបង្កើតក្រុមការងារអន្តរក្រសួង ដើម្បីចុះសិក្សាស្រាវជ្រាវ លើករណីការកាប់រាន ទន្ទ្រានកាន់កាប់ដីព្រៃខុសច្បាប់ ក្នុងតំបន់ការពារធម្មជាតិ ស្ថិតក្នុងខេត្តមណ្ឌលគិរី»។

សេចក្តីសម្រេច សម្តេច ស ខេង បញ្ជាក់ថា ក្រុមការងារអន្តរក្រសួងនេះ មានតួនាទី និងភារកិច្ចដូចជា៖

– ចុះសិក្សាស្រាវជ្រាវលើករណីនីមួយៗ នៃការកាប់រានទន្ទ្រានកាន់កាប់ដីព្រៃខុសច្បាប់ ក្នុងតំបន់ការពារធម្មជាតិ ក្នុងខេត្តមណ្ឌលគិរី ឲ្យស្របតាមរបាយការណ៍របស់ទីស្តីការគណៈរដ្ឋមន្ត្រី ចុះថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០ ឲ្យបានជាក់ស្តែង និង ប្រមូលឯកសារ ព្រមទាំងភស្តុតាងពាក់ព័ន្ធនានា ជាមួយមន្ត្រី និង អ្នកឃុបជិតរានដីព្រៃឈើ របស់រដ្ឋ ដោយខុសច្បាប់។
– សហការជាមួយអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងដំណើរការចុះស្រាវជ្រាវនេះ។
– សិក្សានិងលើកយោបល់អំពីវិធានការដោះស្រាយសមស្របនានា ចំពោះករណីនីមួយៗ តាមការជាក់ស្តែង។
-រៀបចំរបាយការណ៍អំពីលទ្ធផលនៃការចុះពិនិត្យសិក្សា និង វិធានការដោះស្រាយនានា ដើម្បីគោរពស្នើសុំគោលការណ៍ពិនិត្យ និង សម្រេចពី សម្តេចក្រឡាហោម ស ខេង។
– អនុវត្តភារកិច្ចផ្សេងទៀត តាមការប្រគល់ពី សម្តេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

ប្រភពបញ្ជាក់ថា សេចក្តីសម្រេចរបស់ សម្តេច ស ខេង នាពេលនេះ បានធ្វើឡើងក្រោយពីសមត្ថកិច្ចអង្គភាពប្រឆាំងអំពើពុករលួយ បានចាប់ខ្លួន លោក សេង សុវណ្ណារ៉ា អតីតអនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ ពាក់ព័ន្ធករណីឈូសឆាយ និង ទន្ទ្រានយកដីព្រៃចំការស្រស់សាធារណៈ របស់រដ្ឋ ប្រមាណ ១ពាន់ហិកតា ធ្វើជាកម្មសិទ្ធិឯកជនផ្ទាល់ខ្លួន មានទីតាំងនៅចំណុចភូមិអន្ត្រេះ ឃុំអរបួនលើ ស្រុកកោះញែក ខេត្តមណ្ឌលគិរី។

ក្រុមអ្នកឃ្លាំមើលបរិស្ថាន ថ្លែងសាទរ ចំពោះចំណាត់ការក្តៅ របស់សម្តេចក្រឡាហោម ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីសង្គ្រោះព្រៃឈើ ឬដីព្រៃឈើរដ្ឋ ដែលត្រូវជនទុចរិតរានកាប់បំផ្លាញធ្វើកម្មសិទ្ធិ ដោយខុសច្បាប់ នៅខេត្តមណ្ធលគិរី។

បន្ថែមលើនេះ ក្រុមអ្នកឃ្លាំមើលសង្គម ក៏បានស្នើដល់ សម្តេច ស ខេង ត្រូវជួយសង្គ្រោះដីព្រៃចំការស្រល់ របស់រដ្ឋ ឲ្យបានគង់វង់ផង ព្រោះដីចំការស្រល់ ដែលបន្សល់ទុកតាំងពីសម័យសង្គមរាស្រ្តនិយម គឺត្រូវឈ្មួញ និងមន្ត្រីមានអំណាចរំលោភធ្វើកម្មសិទ្ធិស្ទើរទាំងស្រុងអស់ទៅហើយៗ ថែមទាំងមានប្លង់កម្មសិទ្ធិស្របច្បាប់ថែមទៀតផង៕

អត្ថបទដែលជាប់ទាក់ទង