លទ្ធផលបង្ក្រាបក្លិបកម្សាន្តជនជាតិចិន នៅក្រុងព្រះសីហនុ សមត្ថកិច្ចឃាត់ខ្លួមនុស្ស ៣៧៥នាក់ ដកហូតថ្នាំញៀនជាង១២គីឡូ

ខេត្តព្រះសីហនុ៖ សមត្ថកិច្ចនគរបាល ក្រសួងមហាផ្ទៃបានឲ្យដឹងថា លទ្ធផលផ្លូវការ នៃការបង្ក្រាបក្លឹបកម្សាន្តលួចបើកខារ៉ាអូខេ ឬ KTV និងម៉ាស្សាបម្រើសេវាផ្លូវភេទ របស់ជនជាតិចិនមួយកន្លែងយីហោ “ចិនស៊ីនខាយសៀនមិន” សមត្ថកិច្ច បានឃាត់ខ្លួនមនុស្សចំនួន ៣៧៥នាក់។ ក្នុងនោះមានជនជាតិចិន និងវៀតណាម ព្រមទាំងដកហូតថ្នាំញៀនមួយចំនួនធំ និងកាំភ្លើងវែងខ្លីចំនួន០៣ដើម។

មន្ត្រីនគរបាលបន្តទៀតថា បន្តស្វែងរកមេខ្លោង និងបក្ខពួកដែលពាក់ព័ន្ធ ដើម្បីយកមកផ្តន្ទាទោសតាមច្បាប់។
ក្នុងចំណោមមនុស្សទាំង ៣៧៥នាក់ខាងលើនេះ គឺមានមួយចំនួនពាក់ព័ន្ធករណីជួញដូរ និងសម្រួលឲ្យប្រើប្រាស់ថ្នាំញៀន។

សមត្ថកិច្ចបន្តថា ទីតាំងខារ៉ាអូខេយីហោ “ចិនស៊ីនខាយសៀនមិន” ត្រូវបានសមត្ថកិច្ចបើកប្រតិបត្តិការបង្ក្រាបជាទ្រង់ទ្រាយធំ កាលពីរំលងអាធ្រាតឈានចូលថ្ងៃទី៣០ ខែកញ្ញា ក្នុងភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។

សមត្ថកិច្ចបញ្ជាក់ថា លទ្ធផល នៃការបង្ក្រាបក្លិបកម្សាន្តនៅក្នុងក្រុងព្រះសីហនុ បានឃាត់ខ្លួនមនុស្ស ៣៧៥នាក់ ដកហូតថ្នាំញៀនជាង ១២គីឡូក្រាម។

លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ បានឲ្យប្រព័ន្ធផ្សព្វផ្សាយដឹង នៅរសៀលថ្ងៃទី០២ ខែតុលា ឆ្នាំ២០២០ថា ការបង្ក្រាបក្លិបកម្សាន្តលួចបើកខារ៉ាអូខេ និងម៉ាស្សាបម្រើសេវាផ្លូវភេទ យីហោ “ចិនស៊ីនខាយសៀនមិន” សមត្ថកិច្ចបានឃាត់ខ្លួនមនុស្សសរុបចំនួន ៣៧៥នាក់ ក្នុងនោះមានពាក់ព័ន្ធករណីគ្រឿងញៀនចំនួន ៥២នាក់ (ចិន៤២នាក់ និងវៀតណាម១០នាក់)។ ជួញដូរ និងសម្រួលឲ្យប្រើមានចំនួន ០៩នាក់ បញ្ជូនទៅតុលាការ។

លោកឧត្តមសេនីយ៍ឯក បញ្ជាក់បន្ថែមទៀតបន្តថា សារធាតុញៀន ដែលសមត្ថកិច្ចដកហូតបានមានចំនួនជាង ១២គីឡូក្រាម (១២.៤៨៣g) និងឧបករណ៍សម្ភារប្រើប្រាស់ រួមទាំងដកហូតអាវុធចំនួន០៣ដើម (អាវុធខ្លីពីរដើម និងវែងមួយដើម) និងគ្រាប់កាំភ្លើងចំនួន១០២គ្រាប់។

ចំណែកអ្នកប្រើប្រាស់គ្រឿងញៀនមានចំនួន ៤៣នាក់ ក្នុងនោះមានជនជាតិចិនចំនួន ៣៣នាក់ និងវៀតណាមចំនួន ១០នាក់។ នារីម៉ាស្សាបម្រើសេវាផ្លូវភេទចំនួន ៣៣នាក់ (ជនជាតិចិន២៤នាក់ និងវៀតណាម ០៩នាក់)។

ដោយឡែក អ្នកមិនជាប់ពាក់ព័ន្ធ បានធ្វើការអប់រំណែនាំ និងធ្វើកិច្ចសន្យា រួចឲ្យត្រឡប់ទៅលំនៅឋានវិញ។

លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន មន្ត្រីនាំពាក្យអគ្គស្នងការនគរបាលជាតិ បញ្ជាក់បន្តទៀតថា ពេលនេះសមត្ថកិច្ចបានបន្តស្រាវជ្រាវរកប្រភពអាវុធ ដែលផ្តល់ឲ្យជនល្មើសស្វែងរកចាប់ខ្លួន យកមកផ្តន្ទាទោសតាមច្បាប់ និងបន្តសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធទាំងក្នុងនិងក្រៅប្រទេសរកប្រភពផ្គត់ផ្គង់សារធាតុញៀន និងបក្ខពួកមេក្លោង។

សេចក្តីរាយការណ៍ បានឲ្យដឹងថា ទីតាំងខារ៉ាអូខេ ដែលមានថៅកែជាជនជាតិចិន យីហោ “ស៊ីនខាយសៀនមិន” ជាកម្មសិទ្ធិ របស់ឈ្មោះ Bao Fangze ជាជនជាតិចិន។

ប្រតិបត្តិការបង្ក្រាបបទល្មើសជាទ្រង់ទ្រាយធំខាងលើនេះ ក្រោមការដឹកនាំបញ្ជាផ្ទាល់ពី លោក គួចចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត, លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្ត, លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ ដោយមានការសម្របសម្រួលនីតិវិធីដោយ លោក សៀង សុខ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រះសីហនុ។

ទាក់ទិនបទល្មើសនេះ កម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ និងកម្លាំងស្នងការនគរបាលខេត្តព្រះសីហនុ កំពុងសហការបន្តនីតិវិធី ជាមួយអយ្យការខេត្តព្រះសីហនុ ក្រោមការដឹកនាំពី គណៈបញ្ជាកាឯកភាពខេត្តព្រះសីហនុ៕

IMG_20201001_180733_983

អត្ថបទដែលជាប់ទាក់ទង