ទឹកស្ទឹងពោធិ៍សាត់ ជន់ឡើងដល់កម្រិតប្រកាសអាសន្នជាលើកទី២ និងអាចបង្កឲ្យមានទឹកជំនន់

ខេត្តពោធិ៍សាត់៖ មន្ទីរធនធានទេក និងឧតុនិយមខេត្តពោធិ៍សាត់   នៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២០ បានជូនដំណឹងថា ស្ថានភាពទឹកស្ទឹងពោធិ៍សាត់ មានកម្ពស់ទឹកកើនឡើងក្នុងកម្រិត ដែលត្រូវប្រកាសអាសន្នជាលើកទី២ និងអាចបង្កឲ្យមានគ្រោះទឹកជំនន់ ក្នុងខេត្តពោធិ៍សាត់។

លោក កែវ វ័យ ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តពោធិ៍សាត់ បញ្ជាក់ថា មានភ្លៀងធ្លាក់មកពីតំបន់ជួរភ្នំក្រវាញ ស្ទឹងធំ ស្ទឹងអារ៉ែ និង ស្ទឹងព្រៃខ្លុង មានកម្រិតខ្ពស់មកលើដងស្ទឹងពោធិ៍សាត់ បណ្តាលឲ្យទឹកស្ទឹងពោធិ៍សាត់ កើនខ្ពស់។

លោកបន្តថា ឥទ្ធិពលទឹកស្ទឹងខាងលើនេះ នឹងធ្វើឲ្យទឹកស្ទឹងពោធិ៍សាត់ មានសន្ទុះកើនឡើងជាបន្តបន្ទាប់ និង អាចបង្កឲ្យមានទឹកជំនន់នៅក្នុងខេត្តពោធិ៍សាត់។

ផ្តើមពីបញ្ហានេះ អាជ្ញាធរខេត្តពោធិ៍សាត់ បានអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវបង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ ដើម្បីជៀសវាងគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងដោយយថាហេតុ និង ត្រៀមរកទីទួលមានសុវត្ថិភាព សម្រាប់ជម្លៀសប្រជាពលរដ្ឋ ដែលងាយរងគ្រោះ៕

អត្ថបទដែលជាប់ទាក់ទង