តោះទៅច្រៀងនៅខារ៉ាអូខេ ឬKTV អាត់ជួង ព្រោះនៅបន្តបើកធ្វើអាជីវកម្មជាធម្មតា និងដោយរលូន ដោយអ្នកគ្រប់គ្រង KTVនេះ អះអាងថា មានសមត្ថកិច្ចកាងការពារ..

រាជធានីភ្នំពេញ៖ តោះនាំគ្នា ទៅច្រៀងខារ៉ាអូខេ នៅ KTV យីហោអាត់ជួង ព្រោះទំនងជាសមត្ថកិច្ច នៃអធិការដ្ឋាននគរបាលខណ្ឌប្ញស្សីកែវ និងអាជ្ញាធរមូលដ្ឋានប៉ុស្តិ៍រដ្ឋបាលសង្កាត់គីឡូម៉ែត្រលេខ០៦ បានអនុញ្ញាតឲ្យបើកដំណើរការវិញហើយ ទើបបានជា KTV ខាងលើនេះ អាចបើកដំណើរការបំរើអតិថិជន បានដោយរលូនបែបនេះ។

ជាក់ស្តែង នៅល្ងាចថ្ងៃពុធ ទី០៧ ខែតុលា ឆ្នាំ២០២០ គេសង្កេតឃើញថា ខារ៉ាអូខេ ឬ KTV អាត់ជួង ដែលមានទីតាំងនៅសង្កាត់លេខ០៦ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ បានបន្តបើកដំណើរ ទទួលអតិថិជនជាធម្មតា ដោយមិនខ្វល់ពីបំរាម របស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩នោះទេ។

យ៉ាងនេះក្តី គេហទំព័រ “កម្ពុជាថ្ងៃនេះ” នៅមិនទាន់អាចទាក់ទង លោក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌប្ញស្សីកែវ ដើម្បីបំភ្លឺលើករណី KTV អាត់ជួង មានទីតាំងនៅសង្កាត់គីឡូម៉ែត្រលេខ០៦ ខណ្ឌប្ញស្សីកែវ បាននៅឡើយទេ នៅល្ងាចថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២០នេះ។

ត្រង់ចំណុចនេះ ប្រជាពលរដ្ឋមូលដ្ឋានសង្កាត់គីឡូម៉ែត្រលេខ០៦ ក៏បានជូនដំណឹងដល់ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ឲ្យបានជ្រាបជាព័ត៌មាន និងមានចំណាត់ការទៅលោកអធិការនគរបាលខណ្ឌប្ញស្សីកែវ និង លោក ញាណ ពុទ្ធា មេប៉ុស្តិ៍រដ្ឋបាលសង្កាត់គីឡូម៉ែត្រលេខ០៦ ឲ្យជៀសផុតពីអំពើពុករលួយ ជាថ្នូរអនុញ្ញាត ឲ្យខារ៉ាអូខេ ឬ KTV អាត់ជួង អាចបើកដំណើរ ដោយរលូនបែបនេះទៅវិញ។

ដោយឡែក លោក ស្តើង ម៉ានិត ចៅសង្កាត់គីឡូម៉ែត្រលេខ០៦ ខណ្ឌប្ញស្សីកែវ ក៏មិនអាចទាក់ទង ដើម្បីបំភ្លឺបានទេ នៅល្ងាចថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២០នេះ៕

អត្ថបទដែលជាប់ទាក់ទង