កម្មករនិយោជិត ស៊ីន​ទ្រី ចូលធ្វើការប្រមូល​សំរាម​ជាធម្មតា​វិញ នៅ​រសៀល​ថ្ងៃទី​៧​តុលា​នេះ ដោយ​រដ្ឋបាល​រាជធានី​ភ្នំពេញ ជា​អ្នកធានា​ខុសត្រូវ​!

រាជធានីភ្នំពេញ​៖ នៅទីបំផុត​ទៅ បងប្អូន​កម្មករនិយោជិត​ជាង ២០០០​នាក់ របស់​ក្រុមហ៊ុន​ប្រមូល​សំរាម ស៊ីន​ទ្រី បាន​យល់ព្រម​ចូលធ្វើ​ការងារ​ជាធម្មតា​វិញ​ហើយ ចាប់ពី​រសៀល​ថ្ងៃទី​០៧ ខែតុលា ឆ្នាំ​២០២០ នេះ​តទៅ​។ រាល់​ការទាមទារ​ទាំងអស់រ​បស់​បុគ្គលិក​កម្មករ​និយោជិត​ស៊ីន​ទ្រី គឺ​រដ្ឋបាល​រាជធានី​ភ្នំពេញ ជា​អ្នកធានារ៉ាប់រង​ទាំងស្រុង​។​
​ការចរចា​ឯកភាពគ្នា​នេះ បានធ្វើ​ឡើង កាលពី​ព្រឹក​ថ្ងៃ​ពុធ ទី​០៧ ខែតុលា ឆ្នាំ​២០២០ ដឹកនាំ​ដោយ​អភិបាល​រាជធានី​ភ្នំពេញ ឯកឧត្តម ឃួ​ង ស្រេង ចូលរួម​ដោយ​អភិបាលរង​រាជធានី​ភ្នំពេញ មន្ត្រី​ពាក់ព័ន្ធ អគ្គលេខាធិការដ្ឋាន​គ​ណៈ​ក​ម្មា​ធិ​ការដោះស្រាយ​បាតុកម្ម ( គ​.​ក​.​ប ) នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ តំណាង​ក្រសួងបរិស្ថាន នាយកដ្ឋាន​វិវាទ​ការងារ នៃ​ក្រសួង​ការងារ នាយក​ក្រុមហ៊ុន​ស៊ី​ទ្រី និង​ប្រធាន​សហជីព ប្រចាំ​ក្រុមហ៊ុន ស៊ីន​ទ្រី​។​
​បងប្អូន​កម្មករនិយោជិត ក្រុមហ៊ុន ប្រមូល​សំរាម ស៊ីន​ទ្រី សរុប​ចំនួន ២១៥០​នាក់ បាន​ប្រមូល​ផ្តុំគ្នា ធ្វើ​កូដកម្ម នៅមុខ​ទីតាំង​យានដ្ឋាន​ក្រុមហ៊ុន ស៊ីន​ទ្រី ចាប់ពី​ល្ងាច​ថ្ងៃទី​០២ ខែតុលា ឆ្នាំ​២០២០ រហូតដល់​ព្រឹក​ថ្ងៃទី​៧ ខែតុលា ឆ្នាំ​២០២០​។​
​ប៉ុន្តែ​ឆ្លងតាម​កិច្ចប្រជុំ​ពិភាក្សា​ដោះស្រាយ​ជាមួយ​ម្ចាស់​ក្រុមហ៊ុន និង​កម្មករនិយោជិត តំណាង​ប្រតិភូ​បុគ្គលិក និង​សហជីព ដោយមាន​ការសម្របសម្រួល​ពី​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ និង​អភិបាល​រាជធានី​ភ្នំពេញ រួចមក នៅ​ព្រឹក​ថ្ងៃទី​៧​តុលា​នេះ អង្គប្រជុំ ទទួលបាន​លទ្ធផល ដូចខាងក្រោម​៖

១-​ចំពោះ​សំណើ​របស់​បងប្អូន​កម្ម​ករ​និយោជិត ទាមទារ​ឲ្យ​ក្រុមហ៊ុន​ដោះស្រាយ​ពេល​បញ្ចប់​កិច្ចសន្យា ក្រុមហ៊ុន​ទទួលដោះស្រាយ​តាមច្បាប់​ស្តីពី​ការងារ ហើយ​រដ្ឋបាល​រាជធានី​ភ្នំពេញ ជា​អ្នកធានា​ខុសត្រូវ​។​

២-​ចំពោះ​ការងារ​របស់​បងប្អូន​កម្មករនិយោជិត ទៅ​ថ្ងៃ​ខាងមុខ រដ្ឋបាល​រាជធានី​ភ្នំពេញ ធានា​មិន​ឲ្យ​បាត់បង់​ឡើយ ទោះបី​ក្រុមហ៊ុន​ស៊ីន​ទ្រី ដេញថ្លៃ​ជាប់ ឬ​មិន​ជាប់​ក៏ដោយ​។​

៣-​សូម​ឲ្យ​បងប្អូន​កម្មករនិយោជិត​ទាំងអស់ នាំគ្នា​ចូលធ្វើ​ការងារ​ជាធម្មតា​វិញ ចាប់ពី​រសៀល​ថ្ងៃទី​០៧ ខែតុលា ឆ្នាំ​២០២០ នេះ​តទៅ​៕​

ប្រភព៖ TNM

អត្ថបទដែលជាប់ទាក់ទង