ប្រជាពលរដ្ឋខេត្តព្រះសីហនុ បិទផ្លូវសម្តេចសង្ឃ ទេព វង្ស មិនឲ្យយានជំនិះឆ្លងកាត់ ព្រោះខឹងអាជ្ញាធរប្រើគ្រឿងចក្រឈូសផ្ទះ

ខេត្តព្រះសីហនុ៖ សមត្ថកិច្ចរដ្ឋបាលស្រុកស្ទឹងហាវ បានឲ្យដឹងថា នៅមុនថ្ងៃត្រង់ថ្ងៃទី០៨ ខែតុលាឆ្នាំ២០២០នេះ មានករណីប្រជាពលរដ្ឋប្រមូលផ្តុំគ្នា បិទនៅផ្លូវសម្តេចសង្ឃ ទេព វង្ស ត្រង់ចំណុចច្រកចូលទៅទីតាំងដីសង្គមកិច្ច ស្ថិតក្នុងភូមិ០១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ មិនឲ្យចរាចរណ៍យានយន្តគ្រប់ប្រភេទឆ្លងកាត់បានទេ។

សកម្មភាព នៃការបិទផ្លូវនេះ ប្រជាពលរដ្ឋជាច្រើននាក់ បាននាំគ្នានាំយកយដុំថ្ម និងមែកឈេី មកដាក់លើផ្លូវថ្នល់ បណ្តាលឲ្យចរាចរណ៍តាមផ្លូវនោះកកស្ទះ ដោយយានយន្តគ្រប់ប្រភេទមិនអាចបើកបរឆ្លងកាត់បានទេ។

ប្រជាពលរដ្ឋ បានឲ្យដឹងថា ការបិទផ្លូវនេះ ដើម្បីតវ៉ាចំពោះវិធានការរបស់រដ្ឋបាលស្រុកព្រៃនប់ ចុះរុះរើសំណង់ដែលពលរដ្ឋសង់លើដីតំបន់នោះ។

លោក ឆាយ សុគន្ធដា អភិបាលស្រុកស្ទឹងហាវ បានឲ្យដឹងថា ចំពោះការបិទផ្លូវនេះ គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក បានចុះទៅសម្របសម្រួលដោះស្រាយភ្លាមៗ និង ដោយសន្តិវិធី។

បន្ថែមលើនេះ នៅរសៀលថ្ងៃដដែល ក៏មានវត្តមានថ្នាក់ដឹកនាំខេត្ត គឺលោក លៀម សុដា អភិបាលរងខេត្តព្រះសីហនុ ក៏បានចុះមកសម្របសម្រួលជាមួយប្រជាពលរដ្ឋ ឲ្យបើកផ្លូវធ្វើចរាចរណ៍ឡើងវិញ ហើយប្រជាពលរដ្ឋក៏បានបើកផ្លូវឲ្យានជំនិះគ្រប់ប្រភេទបើកឆ្លងកាត់វិញ ជាមួយលក្ខ័ណ្ឌមួយចំនួន..។

អាជ្ញាធរបញ្ជាក់ថា សកម្មភាពសង់ផ្ទះ របស់ប្រជាពលរដ្ឋនៅតំបន់ខាងលើធ្វើឡើងដោយខុសច្បាប់។

នាឱកាសនោះដែរ ប្រជាពលរដ្ឋ ក៏បានសំណូមពរដល់អាជ្ញាធរខេត្តព្រះសីហនុ ជួយបែងចែកដីជូនពួកគាត់សម្រាប់សង់លំនៅដ្ឋាន និងបង្កបង្កើនរបរកសិកម្មផ្សេងៗ។

ជាការឆ្លើយតប ថ្នាក់ដឹកនាំរដ្ឋបាលស្រុកព្រៃនប់ និងរដ្ឋបាលខេត្តព្រះសីហនុ ក៏បានណែនាំទៅប្រជាពលរដ្ឋ ដែលមិនមានដីសង់លំនៅដ្ឋាន សូមឲ្យដាក់ពាក្យស្នើសុំទៅកាន់រដ្ឋបាលខេត្ត ដើម្បីឲ្យថ្នាក់ដឹកនាំខេត្តព្រះសីហនុ ពិនិត្យសម្រេច ឬដោះស្រាយជូនទៅតាមការជាក់ស្តែង៕

អត្ថបទដែលជាប់ទាក់ទង