អភិបាលក្រុងព្រះសីហនុថា ផ្សារអនាធិបតេយ្យតាមចិញ្ចើមផ្លូវជាតិលេខ៤ នៅចំណុចឃ្លាំងលើ និងមុខរោងចក្រ Newstar លែងមានទៀតហើយ ចាប់ពីដើមខែតុលានេះតទៅ!
ខេត្តព្រះសីហនុ៖ អភិបាលក្រុងព្រះសីហនុ បានដឹកនាំកម្លាំងសមត្ថកិច្ចចម្រុះ សរុបចំនួន ជិត៣០០រយនាក់ សហការជាមួយមន្ត្រីមន្ទីរសាធារណការ និងមន្ទីរបរិស្ថានខេត្តព្រះសីហនុ បានចុះរៀបចំសណ្តាប់ធ្នាប់ទៅលើអ្នកលក់ដូរ ដែលបាននាំយក ម្ហូបអាហារបន្លែ ត្រី សាច់ និងសម្ភារប្រើប្រាស់ ដាក់នៅលើចិញ្ចើមផ្លូវជាតិលេខ៤ អនាធិបតេយ្យចំនួន ២ទីតាំង គឺនៅចំណុចទីតាំងឃ្លាំងលេី និងមុខរោងចក្រ Newstar ដោយកាលពីថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២០ បានប្រើពេល ០១ថ្ងៃពេញ ដើម្បីចុះរៀបចំរបៀបរៀបរយ ហើយទទួលបានលទ្ធផល ១០០ភាគរយ។
លោក អ៊ី សុខឡេង អភិបាលក្រុងព្រះសីហនុ បានបញ្ជាក់ក្នុងគណនីហ្វេសប៊ុក របស់លោកថា សកម្មភាពចុះរៀបចំសណ្តាប់ធ្នាប់ខាងលើនេះ ទទួលបានលទ្ធផលដូចខាងក្រោម៖
១- បានចាប់យកម្ហូបអាហារ បន្លែ ត្រី សាច់ និងសម្ភារប្រើប្រាស់ជាច្រើនមុខយកមករក្សាទុកនៅសាលាក្រុង។
២- បានរុះរើ និងយកគ្រឿងចក្ររុញបំបាក់សំយ៉ាប និងឈូសសំណង់រំលោភលើចិញ្ចើមផ្លូវចោល។
៣- បានយកគ្រឿងចក្រឈូសសម្អាត និងដឹកកាកសំណល់ ដើម្បីឲ្យចិញ្ចើមផ្លូវមានសណ្តាប់ធ្នាប់ របៀបរៀបរយ សោភ័ណភាព និងបរិស្ថានល្អឡើងវិញ។
៤- បានដាក់កំលាំងចម្រុះ និងគ្រឿងចក្រចំនួន ០២គ្រឿង ជាប្រចាំរយៈពេល ១ខែ ដាច់ខាតមិនអនុញ្ញាតឲ្យយកចិញ្ចើមផ្លូវជាតិលេខ៤ ទាំងនៅទីតាំងឃ្លាំងលើ និងមុខរោងចក្រ Newstar ដាក់លក់ដូរម្ហូបអាហារ បន្លែ ត្រី សាច់ និងសម្ភារប្រើប្រាស់ អនាធិបតេយ្យទៀតទេ៕

