លោក ស៊ុន ចាន់ថុល៖ ផ្លូវជាតិលេខ៤ នឹងត្រូវពង្រីកពី ៧ទៅ១១ម៉ែត្រ ក្រោយដាក់ដេញថ្លៃរួចរាល់

ខេត្តព្រះសីហនុ៖ រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល បានឲ្យដឹងថា ផ្លូវជាតិលេខ៤ ដែលជាផ្លូវសេដ្ឋកិច្ចដ៏មមាញឹក ក្នុងការដឹកជញ្ជូន​ទំនិញចេញចូលកំពង់ផែនានា ក្នុងខេត្តព្រះសីហនុ នឹងត្រូវពង្រីកទទឹងពី ៧ម៉ែត្រ ទៅ១១ម៉ែត្រ ក្រោយទទួលបានការអនុម័តហិរញ្ញប្បទាន ពីធនាគារពិភពលោកប្រមាណ ១១០លានដុល្លារអាមេរិក។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ឲ្យដឹងដូច្នេះធ្វើឡើង នៅក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការមណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត ហៅថា ឆៀក សាខាកំបូល ស្ថិតក្នុងខណ្ឌកំបូល រាជធានីភ្នំពេញ តាមបណ្តោយផ្លូវជាតិលេខ៤ កាលពីព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២០។

លោក ស៊ុន ចាន់ថុល មានប្រសាសន៍ថា ផ្លូវជាតិលេខ៤ នឹងត្រូវពង្រីកទទឹងពី ៧ម៉ែត្រ ទៅ១១ម៉ែត្រ ទៅតាមទីតាំងភូមិសាស្ត្រជាក់ស្តែង។ ហើយថា ការពង្រីកនេះ នឹងត្រូវចាក់កៅស៊ូឡើងវិញ និងស្ថាបនាផ្លូវ ដែលលិចលង់ដោយទឹកភ្លៀងឡើងវិញ។ ក្នុងនោះដែរ ក៏នឹងអភិវឌ្ឍន៍ស្ពានកាត់ផ្លូវមួយចំនួនផងដែរ។

លោក ស៊ុន ចាន់ថុល បន្តថា រហូតមកទល់ពេលនេះ ក្រសួង បានដាក់ឱ្យដេញថ្លៃគម្រោងស្ថាបនាផ្លូវជាតិលេខ៤ឡើងវិញ នេះ បានចំនួន២កញ្ចប់រួចហើយ ដោយនៅសល់តែ ២ ឬ៣កញ្ចប់ទៀតប៉ុណ្ណោះ នឹងឈានទៅអភិវឌ្ឍន៍ផ្លូវនេះបានហើយ។

ផ្លូវជាតិលេខ៤ តភ្ជាប់ពីភ្នំពេញ ឆ្ពោះទៅក្រុងព្រះសីហនុ និងមានប្រវែង ២៣២គីឡូម៉ែត្រ ត្រូវបានធនាគារពិភពលោកអនុម័តហិរញ្ញប្បទានចំនួន ១១០លានដុល្លារអារមេរិក សម្រាប់ប្រើប្រាស់លើការបង្កើនគុណភាពបណ្តោយផ្លូវឱ្យល្អជាងមុន និងការរៀបចំកែលម្អចិញ្ចើមសងខាងផ្លូវដាក់លូបង្ហូរទឹក និងធ្វើស្ពាន តាមរចនាបទបែបនវានុវត្តន៍ និងមានភាពធន់ទៅនឹងអាកាសធាតុ។

គម្រោងផ្លូវនេះ ក៏នឹងផ្តោតផងដែរ ទៅលើការបង្កើនគុណភាពស្ថានីយថ្លឹងទម្ងន់រថយន្តធំ ដែលមានស្រាប់ កាត់បន្ថយហានិភ័យ នៃការដឹកលើសទម្ងន់ ការដំឡើងសញ្ញាតំបន់ល្បឿនមានកម្រិត សញ្ញានាំផ្លូវ ប្រព័ន្ធភ្លើងបំភ្លឺប្រើថាមពលពន្លឺព្រះអាទិត្យ និងកាមេរ៉ាចាប់ល្បឿនបើកបរ៕

អត្ថបទដែលជាប់ទាក់ទង