ជំនន់ទឹកភ្លៀងនៅខេត្តបន្ទាយមានជ័យ លិចក្រុង-ស្រុកចំនួន៨ និងស្លាប់មនុស្ស៣នាក់

ខេត្តបន្ទាយមានជ័យ៖ ប្រភពព័ត៌មាន បានឲ្យដឹងថា គិតត្រឹមថ្ងៃទី១០ ខែតុលាឆ្នាំ២០២០ ទឹកភ្លៀងបានធ្លាក់មកមធ្យមទូទាំង ០៩ក្រុង-ស្រុក នៃបន្ទាយមានជ័យ ដែលបណ្តាលឲ្យទឹកស្ទឹងមង្គលបូរី, ស្ទឹងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បន្តកើនឡើង ហើយបានហូរធ្លាក់តាមអូរព្រំដែនពីប្រទេសថៃ បណ្តាលឲ្យជន់លិច នៅតាមតំបន់ទំនាប ស្ថិតក្នុងភូមិតាមមាត់អូរ  និងមាត់ស្ទឹង ហើយបានប៉ះពាល់ដល់សុវត្ថិភាពការរស់នៅ របស់ប្រជាពលរដ្ឋ និងបំផ្លាញហេដ្ឋារចនាសម្ព័ន្ធមួយចំនួន..។

ជំនន់ទឹកភ្លៀងនេះ បានផលប៉ះពាល់ក្រុង-ស្រុកចំនួន ០៨ និងមានមនុស្សលង់ទឹកស្លាប់ ០៣នាក់ (កុមារ ០១នាក់) ព្រមទាំងលិចលំនៅដ្ឋានសរុបចំនួន ១២២៥ខ្នង ។ ក្នុងនោះ អាជ្ញាធរ បានជន្លៀស ប្រជាពលរដ្ឋទៅកាន់ទៅទីទួលសុវត្ថិភាពចំនួន ២៨៤គ្រួសារ ឬ (ស្មើនឹង ១,០១៣នាក់-ស្រី ៦៣០នាក់ ), លិចស្រែចំនួន ១,៤៨១ហិកតា, ចំការដំឡូងមី ១,០៩០ហិកតា និងដំណាំរួមផ្សំ ៣១ហិកតា, លិចសាលារៀន ចំនួន ១២សាលា (ត្រូវផ្អាកការសិក្សាបណ្តោះអាសន្ន), លិចវត្ត ចំនួន០៣ និងលិចផ្លូវ ៥៨កន្លែង មានប្រវែង ១១,៣៩៥ម៉ែត្រ៕

អត្ថបទដែលជាប់ទាក់ទង