រថយន្តធុនធំគ្រប់ប្រភេទ ត្រូវផ្អាកមិនធ្វើឱ្យដំណើរឆ្លងកាត់ផ្លូវខេត្ត និងផ្លូវជាតិ ទូទំាងខេត្តបាត់ដំបង ព្រោះជំនន់ជន់លិចខ្លាំង

ខេត្តបាត់ដំបង៖ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបង បានចេញសេចក្តីជូនដំណឹងចុះថ្ងៃទី១១ ខែតុលា ឆ្នំា២០២០នេះថា រថយន្តធុនធំគ្រប់ប្រភេទត្រូវបានហាមឃាត់ មិនឱ្យធ្វើដំណើរឆ្លងកាត់ផ្លូវខេត្ត ផ្លូវជាតិ ទូទាំងខេត្តបាត់ដំបងនោះទេ ពោលគឺត្រូវផ្អាកជាបណ្តោះអាសន្ន ដោយសារជំនន់ទឹកភ្លៀងជន់លិចខ្លាំង។

សេចក្តីជូនដំណឹងដដែល បញ្ជាក់ថា ក្រោយទទួលរងឥទ្ធិពលព្យុះជាបន្តបន្ទាប់ និងមានភ្លៀងធ្លាក់ខ្លាំង បានបណ្តាលឲ្យផ្លូវទូទាំងខេត្តបាត់ដំបង បានរងនូវការខូចខាត។

ផ្តើមពីបញ្ហានេះ មន្ទីរសាធារណការខេត្តបាត់ដំបង បានអំពាវនាវថា ដើម្បីការពារសុវត្ថិភាព ក្នុងការធ្វើដំណើរ ជូនប្រជាពលរដ្ឋ និងបញ្ចៀសគ្រោះថ្នាក់ ដែលអាចកើតមានជាយថាហេតុណាមួយកើតឡើង មន្ទីរសាធារណការ ខេត្តបាត់ដំបង សូមផ្អាកបណ្តោះអាសន្ន នូវរថយន្តធុនធំគ្រប់ប្រភេទ ដែលធ្វើដំណើរឆ្លងកាត់ទូទាំងខេត្តបាត់ដំបង ចាប់ពីពេលជូនដំណឹងនេះតទៅ។ ហើយថា នឹងធ្វើការបើកឲ្យចរាចរណ៍ឡើងវិញ នូវរថយន្តធុនធំគ្រប់ប្រភេទ បន្ទាប់ពីស្ថានភាពទឹកជំនន់ថយចុះ និងក្រោយការជួសជុលរួចរាល់។

ត្រង់ចំណុចនេះ មន្ទីរសាធារណការខេត្តបាត់ដំបង សង្ឃឹមថា សាធារណជន និងបងប្អូនប្រជាពលរដ្ឋ នឹងអនុវត្តតាមសេចក្តីជូនដំណឹងខាងលើនេះ ដោយស្មារតីយោគយល់ និងសូមធ្វើដំណើរដោយប្រុងប្រយ័ត្នខ្ពស់៕

អត្ថបទដែលជាប់ទាក់ទង