ឧកញ៉ាទៀ វិចិត្រ ប្រធានក្រុមកង់មនុស្សធម៌ខេត្តព្រះសីហនុ ដឹកនាំកម្មវីធីជិះកង់មនុស្សធម៌ ប្រមូលថវិកាបានជិត៣ម៉ឺនដុល្លារ ជួយដល់មន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប

ខេត្តសៀមរាប៖ មិនមែនជាលើកទីមួយទេ ដែលលោកឧកញ៉ា ទៀ វិចិត្រ ប្រធានក្រុមហ៊ុន ជី.ធី.វី.ស៊ី, ស្ពីតបូត កម្ពុជា (G.T.V.C, Speed Boat Cambodia) និងជាប្រធានក្រុមកង់មនុស្សធម៌ខេត្តព្រះសីហនុ បានរៀបចំកម្មវីធីជិះកង់មនុស្សធម៌ ដើម្បីប្រមូលថវិកា សម្រាប់ជួយឧបត្ថម្ភដល់មន្ទីរពេទ្យ, សាខាកាកបាទក្រហមខេត្ត និងជួយដល់អង្គការធ្វើការងារពាក់ព័ន្ធកុមារ និងចាស់ជរាជាដើម..។

ជាក់ស្តែង ចំពោះការរៀបចំកម្មវិធីជិះកង់មនុស្សធម៌ នៅថ្ងៃអាទិត្យ ទី១១ ខែតុលានេះ លោកឧកញ៉ា ទៀ វិចិត្រ បានប្រមូលថវិកាបានចំនួនជិត ៣ម៉ឺនដុល្លារអាមេរិក (២៩៩១៥) ហើយបាននាំយកទៅជួយឧបត្ថម្ភដល់មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប។

លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍បន្តថា កម្មវិធីជិះកង់មនុស្សធម៌ខាងលើនេះ ធ្វើឡើងក្រោមពាក្យស្លោក “សៀមរាបផ្ទះខ្ញុំ” ហើយកម្មវិធីនេះរៀបចំឡើងនៅក្នុងខេត្តសៀមរាប ព្រឹកថ្ងៃអាទិត្យ ទី១១ ខែតុលាឆ្នាំ២០២០។

លោកឧកញ៉ាបន្តថា គោលបំណងបង្កើតកម្មវិធីនេះឡើង ប្រយោជន៍ដើម្បីប្រមូលថវិកា ជួយដល់មន្ទីរពេទ្យកុមារអង្គរ ក្រុងសៀមរាប សម្រាប់ទៅប្រើប្រាស់ក្នុងប្រតិបត្តិការផ្នែកមនុស្សធម៌ ពិនិត្យ ថែទាំសុខភាព និងព្យាបាលជំងឺ ជូនកុមារនៅទូទាំងប្រទេសកម្ពុជា ដោយមិនគិតថ្លៃ។

នាឱកាសនោះដែរ លោក ទៀ សីហា អភិបាលខេត្តខេត្តសៀមរាប និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានថ្លែងអំណរគុណដល់ លោក ទៀ សុខា, លោកឧកញ៉ា ទៀ វិចិត្រ រួមនិងសប្បុរសជនទាំងអស់ ដែលបានចូលរួមឧបត្ថម្ភថវិកា តាមរយៈសកម្មភាព នៃការជិះកង់មនុស្សធម៍ ជាបន្តបន្ទាប់នាពេលកន្លងមក និងបម្តរហូតមកដល់ពេលនេះ។

សូមបញ្ជាក់ថា កម្មវិធីជិះកង់មនុស្សធម៌ ដើម្បីប្រមូលមូលនិធិជួយដល់មន្ទីរពេទ្យកុមារអង្គរលើកនេះ គឺមានការចូលរួមពីក្រុមជិះកង់ចំនួន០៦ រួមមាន៖ ក្រុមកង់មនុស្សធម៌ខេត្តព្រះសីហនុ, សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប, ក្រុមសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប, ក្រុមចលនាយុវជនកម្ពុជាក្រុម ១៥៧ សាខាខេត្តព្រះសីហនុ, ក្រុមកង់ភ្នំអារ៉ែង និង ក្រុមហ៊ុន ជី.ធី.វី.ស៊ី, ស្ពីតបូត កម្ពុជា (G.T.V.C, Speed Boat Cambodia)។

ងាកមក នាយកគ្រប់គ្រង និងបុគ្គលិក របស់មន្ទីពេទ្យកុមារអង្គរ ខេត្តសៀមរាប ក៏បានថ្លៃងអំណរអរគុណ សម្រាប់ទឹកចិត្តមនុស្សធម៌ និងការចែករំលែកព្រមទាំងផ្ដល់ នូវស្នាមញញឹមសម្រាប់កុមារកម្ពុជា ដែលបានមកទទួលសេវាព្យាបាល នៅមន្ទីពេទ្យកុមារអង្គរ ខេត្តសៀមរាបនេះ៕

អត្ថបទដែលជាប់ទាក់ទង