ស្នងការនគរបាលខេត្តព្រះសីហនុ ត្រៀមកម្លាំង ជួយសង្គ្រោះប្រជាពលរដ្ឋ ដោយជំនន់ទឹកភ្លៀង

ខេត្តព្រះសីហនុ៖ ស្នងការនគរបាលខេត្តព្រះសីហនុ គឺលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ នៅថ្ងៃចន្ទ ទី១២ ខែតុលា ឆ្នាំ២០២០នេះ បានដាក់បទបញ្ជារដល់កងកម្លាំងជំនាញតាមដានបញ្ហាបម្រែបម្រួលអាកាសធាតុ ឲ្យបានជាប្រចាំ ដើម្បីដាក់ផែនការ និងកម្លាំង ត្រៀមជួយសង្គ្រោះប្រជាពលរដ្ឋ រងគ្រោះ ដោយជំនន់ទឹកភ្លៀង ដែលអាចនឹងកើតមានឡើងជាយថាហេតុ ណាមួយកើតឡើង។

តាមការពិនិត្យជាក់ស្តែង នៅរសៀលថ្ងៃនេះ បញ្ហាអាកាសធាតុលើផ្ទៃសមុទ្រ មានរលកសមុទ្រ និងខ្យល់បោកបក់ខ្លាំង ហើយនៅលើមេឃ ក៏មានពពកអាប់អួរខ្លាំងផងដែរ។

ត្រង់ចំណុចនេះ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ក៏បានដាក់បទបញ្ជារឲ្យកងកម្លាំងជំនាញបន្តចុះផ្សព្វផ្សាយណែនាំអប់រំ ដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ស្តីពីអាកាសធាតុ ទាក់ទិនវត្តមានព្យុះ លីនហ្វា ទៅតាមសេចក្តីជូនដំណឹង របស់ក្រសួងធនធានទឹក និងឧត្តុនិយម ក៏ដូចជា រដ្ឋបាលខេត្តព្រះសីហនុ ហើយជាពិសេសត្រូវតាមដានអាកាសធាតុជាប្រចាំ ដើម្បីគ្រប់គ្រងសភាពការណ៍ឲ្យបានទាន់ពេលវេលា និងទាន់ហេតុការណ៍៕

អត្ថបទដែលជាប់ទាក់ទង