លោក កឹម សុខា បួងសួងឲ្យប្រជាពលរដ្ឋ មានសុវត្ថិភាព និងរួចចាកផុតពីផលប៉ះពាល់ នៃគ្រោះទឹកជំនន់..

រាជធានីភ្នំពេញ៖ លោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ បានផ្ញើសារតាមបណ្តាញសង្គមហ្វេសប៊ុក កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០ថា ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ មានទឹកជំនន់យ៉ាងធ្ងន់ធ្ងរ នៅតាមតំបន់មួយចំនួនក្នុងព្រះរាជាណាចក្រកម្ពុជា ជាពិសេស ដូចជាក្នុងខេត្តបាត់ដំបង និងខេត្តពោធិ័សាត់ ជាដើម ដែលស្ថានភាពបច្ចុប្បន្ននេះ នៅមិនទាន់ធូរស្រាលនៅឡើយ។

លោកបន្តថា គ្រោះទឹកជំនន់នេះ អាចប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់ខ្លះ ជាពិសេសអ្វីដែលរូបលោក មានការព្រួយបារម្ភចំពោះមុខនេះ គឺផលប៉ះពាល់អាយុជីវិត សុវត្ថិភាព ទ្រព្យសម្បត្តិ ផ្ទះសម្បែង ដំណាំ សត្វ ហើយនិងមុខរបបរចិញ្ចឹមជីវិត របស់ប្រជាពលរដ្ឋ។

លោក កឹម សុខា ឲ្យដឹងដូច្នេះ រួចបញ្ជាក់ថា “ទោះបីខ្ញុំពុំមានលទ្ធភាព និងសមត្ថកិច្ច ក្នុងការជួយសង្រ្គោះ នូវផលប៉ះពាល់នៃទឹកជំនន់នេះក៏ដោយ ក៏ខ្ញុំសូមសម្តែង នូវសមានចិត្តចូលរួមដោយស្មោះ ចំពោះកង្វល់ និងការរំលែកទុក្ខលំបាក របស់បងប្អូនជនរួមជាតិ នៅតាមតំបន់ ដែលរងផលប៉ះពាល់ដោយសារទឹកជំនន់នេះ និងសូមបងប្អូនមានការប្រុងប្រយ័ត្នខ្ពស់”។

បន្ថែមលើនេះ លោក កឹម សុខា ក៏បានថ្លែងកោតសរសើរ និងលើកទឹកចិត្តដល់សមត្ថកិច្ចគ្រប់លំដាប់ ចំពោះការជួយសង្គ្រោះបងប្អូន ដែលកំពុងតែរងគ្រោះនៅពេលនេះ។

លោក កឹម សុខា បន្តថា នៅក្នុងគ្រាលំបាកចំពោះមុខនេះ រូបលោក សូមធ្វើការអំពាវនាវដល់បងប្អូនជនរួមជាតិខ្មែរទាំងអស់ និងសប្បុរសជនចូលរួមជួយរំលែកទុក្ខលំបាកទាំងស្មារតី និងសម្ភារជូនដល់បងប្អូនជនរងគ្រោះ ដោយទឹកជំនន់នេះផង។

ឆ្លៀតឱកាសនេះដែរ លោក កឹម សុខា ក៏បានបួងសួងឲ្យបងប្អូនជនរួមជាតិ មានសុវត្ថិភាព និងរួចចាកផុតពីផលប៉ះពាល់ នៃគ្រោះទឹកជំនន់នេះ៕

អត្ថបទដែលជាប់ទាក់ទង