ផ្លូវលំគ្រួសក្រហម១ខ្សែស្ថាបនារួចជិត១ឆ្នាំ ត្រូវបុគ្គលឈ្មោះ ជ័យ សៅពិសិទ្ធ និង កាន់ ពុទ្ធី យកគ្រឿងចក្រកាយផ្តាច់ចោល ដោយអះអាងថា ធ្វើចូលដីខ្លួន

ខេត្តកំពត៖ ផ្លូវលំក្រាលគ្រួសក្រហម១ខ្សែ ដែលមានប្រវែង ៣០០០ម៉ែត្រ ដែលស្ថិតនៅភូមិទទឹងថ្ងៃ ឃុំបឹងទូក ស្រុកទឹកឈូ ខេត្តកំពត ត្រូវបានកាត់ផ្តាច់ដោយគ្រឿងចក្រអេស្ការវ័ទ័រ។

ហេតុការនេះ បានកើតឡើងកាលពីថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២០ ក្នុងចន្លោះម៉ោង ១២ថ្ងៃត្រង់ បង្ករដោយឈ្មោះ ជ័យ សៅពិសិទ្ធ និងឈ្មោះ កាន់ ពុទ្ធី ។

ប្រជាពលរដ្ឋ បានឲ្យដឹងថា ផ្លូវលំមួយខ្សែ ដែលត្រូវកាត់ផ្តាច់នេះ ដើមឡើយ គឺជាផ្លូវរទេះគោ ដោយកាលនោះតំបន់មួយនេះ ស្ថិតក្នុងមូលដ្ឋានក្រុងកំពត ប៉ុន្តែក្រោយមក តំបន់នេះ បានកាត់ចូលឃុំបឹងទូក ស្រុកទឹកឈូវិញ។

ចំណែកផ្លូវរទេះគោខាងលើនេះ កន្លងមក ត្រូវបានប្រជាពលរដ្ឋ ធ្វើដំណើរចេញចូល ទៅចំការខាងក្នុងនៅតំបន់នោះ។

ប្រជាពលរដ្ឋបន្តថា ដោយបច្ចុប្បន្ននេះ ប្រទេសជាតិ មានសុខសន្តិភាព ក្នុងនោះអចលនទ្រព្យដីធ្លី ក៏ចេះតែកើនឡើង ក៏មានការអភិវឌ្ឍន៍ដីពុះឡូតិ៍ នៅក្នុងតំបន់នេះ មានតម្លៃហាងឆេងខ្ពស់ ហើយក៏មានអថិតិជនចូលទិញដីលក់ដូរជាបន្តបន្ទាប់ ទើបឈានដល់កាលពីថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៩ ផ្លូវរទេះគោះមួយនេះ ត្រូវបានប្រជាពលរដ្ឋ និងអ្នកមានដីច្រើន នៅផ្នែកខាងក្នុង បានស្នើសុំទៅអាជ្ញាធរឃុំបឹងទូកអភិវឌ្ឍន៍ទៅជាផ្លូវក្រាលគ្រួសក្រហម ដែលមានប្រវែងប្រមាណ ៣០០០ម៉ែត្រ ដើម្បីដាក់ជូនប្រជាពលរដ្ឋប្រើប្រាស់ជាសាធារណៈ។

ប្រជាពលរដ្ឋបន្តថា ចំពោះការអភិវឌ្ឍន៍ផ្លូវខាងលើនេះ រយៈកាលជិត ០១ឆ្នាំកន្លងមកនេះ គឺមិនមានបុគ្គលណា មករារាំង ឬហាមឃាត់ ស្ថាបនាចូលដី របស់ខ្លួនឡើយ ពោលគឺការស្ថាបនាផ្លូវនេះ គឺបានធ្វើនៅលើផ្លូវចាស់ និងក្រោមខ្សែភ្លើងធំ របស់ក្រុមហ៊ុនអគ្គីសនីតែប៉ុណ្ណោះ។ ប៉ុន្តែបែរជានៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២០ ឃើញឈ្មោះ ជ័យ សៅពិសិដ្ឋ បានយកគ្រឿងចក្រអេស្ការវ័ទ័រ មកកាយផ្តាច់ផ្លូវខាងលើបំផ្លាញចោល។

សប្បុរសជនជួយស្ថាបនាផ្លូវខាងលើ គឺលោក ឈុន សារឿន បានប្រាប់ក្រុមអ្នកព័ត៌មានថា ផ្លូវលំ១ខ្សែនេះ គឺជាប្រភេទផ្លូវលំគ្រាលគ្រួសក្រហម ហើយ កាលដើមឡើយផ្លូវនេះ គឺជាផ្លូវរទេះគោ ប៉ុន្តែដោយលោកមើលឃើញពីការលំបាក របស់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរ ទើបរូបលោក និងសម្បុរសជនផ្សេងទៀត បានរួមសហការគ្នាស្ថាបនាឡើង ដោយបានស្នើសុំច្បាប់ពីអាជ្ញាធរត្រឹមត្រូវ កាលពីថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៩ និងបានស្ថាបនាផ្លូវខាងលើនេះឡើង។ ហើយបើគិតមកដល់ខែតុលា ឆ្នាំ២០២០នេះ មានរយៈពេលជិត ០១ឆ្នាំហើយ ដែលប្រជាពលរដ្ឋបាមប្រើប្រាស់ផ្លូវនេះ ជាប្រយោជន៍សាធារណៈ។

លោក ឈុន សារឿន បន្តថា ចំពោះទង្វើ របស់លោក ជ័យ សៅពិសិទ្ធ ដែលបាននាំយកគ្រឿងចក្រមកកាយបំផ្លាញផ្លូវសាធារណៈបែបនេះ រូបលោកក៏ដូចជា ប្រជាពលរដ្ឋផ្សេងទៀត ដែលប្រើប្រាស់ផ្លូវនេះ មិនអាចទទួលយកបាននោះទេ ហើយស្នើសុំឲ្យ អាជ្ញាធរពាក់ព័ន្ធ ជាពិសេស លោក ជាវ តាយ អភិបាលខេត្ត កំពត ជួយរកដំណោះស្រាយ និងមានវិធានការលើបុគ្គល ដែលបំផ្លាញសម្បត្តិសាធារណៈនេះតាមច្បាប់។

ចំណែក លោកស្រី មូល សុខខុម មេឃុំបឹងទូក ក៏បានឲ្យដឹងដែរថា ករណីទំនាស់រឿងកាយផ្តាច់ផ្លូវកាលពីថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២០កន្លងមកនេះ លោកស្រីបានទទួលពាក្យបណ្តឹងរួចហើយៗ ថា ពេលរឿងហេតុកើតឡើងភ្លាមៗ លោកស្រី ក៏បានឲ្យមន្ត្រីអាជ្ញាធរឃុំចុះហាមឃាត់ និងបន្តរហូតមកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ លោកស្រីបានបន្តធ្វើការសម្របសម្រួល ដោយតម្រូវឲ្យភាគី លោក ជ័យ សៅពិសិទ្ធ ដែលតំណាងឲ្យម្ចាស់ដី គឺលោក កាន់ ពុទ្ធី យកឯកសារពាក់ព័ន្ធមកពិភាក្សារកដំណោះស្រាយតាមផ្លូវច្បាប់។

មេឃុំបឹងទូក បានទទួលស្គាល់ថា លោកស្រីពិតជាបានចុះហត្ថលេខាលើ លិខិតស្នើសុំធ្វើផ្លូវនោះមែន ការដែរលោកអនុញ្ញាតឲ្យធ្វើផ្លូវនេះ ដោយសយល់ថា ផ្លូវនោះ ជាផ្លូវរទេះចាស់ និងមិនមានប៉ះពាល់លើដីកម្មសិទ្ធិ របស់បុគ្គលណានោះទេ គឺស្ថិតនៅក្រោមបង្គោលភ្លើងធំ។ ហើយថា ករណីនេះ លោកស្រីមានការសប្បាយចិត្ត ព្រោះមានសប្បុរសជន បានជួយអភិវឌ្ឍន៍ក្នុងមូលដ្ឋាន ដើម្បីបម្រើផលប្រយោជន៍រួម នៅក្នុងមូលដ្ឋាននេះទាំងមូល។

ចំណែក លោក នាក់ សុវណ្ណរី អភិបាលស្រុកទឹកឈូ ថ្លែងថា មិនទាន់បានទទួលពាក្យប្តឹងភាគីខាងណានៅឡើយទេ តែលោកក៏បានដឹងឮដំណឹងខាងលើនេះខ្លះៗហើយដែរ។

យ៉ាងនេះក្តី អ្វីដែលលោកអភិបាលបានបញ្ជាក់ប្រាប់អ្នកព័ត៌មាន គឺហាក់មានជំហ៊គាំទ្រភាគីអ្នកកាយផ្លូវដាច់ទៅវិញ ដោយលោកអះអាងថា អ្នកធ្វើផ្លូវ ធ្វើចូលដីគេ មាន ប័ណ្ណកម្មសិទ្ធិ។

ដោយឡែក លោក ជ័យ សៅពិសិទ្ធ និង លោក កាន់ ពុទ្ធី គេហទំព័រ”កម្ពុជាថ្ងៃនេះ” នៅមិនអាចមានប្រភពទាក់ទង ដើម្បីស្នើសុំការបំភ្លឺបាននៅឡើយទេ ប៉ុន្តែយោងតាមលិខិតកាន់កាប់ដីធ្លី របស់លោកមួយច្បាប់ ដែលទទួលបសនពីអាជ្ញាធរជំនាញ ចុះថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០០៧ ចំពោះទីតាំងដី មានព្រំប្រទល់ ខាងជើងទល់ផ្លូវ ,ខាងត្បូងទល់នឹង ទេព រីយ៉ា , ខាងកើតទល់នឹងផ្លូវលំធំ ចូលទៅវត្តវាលពួច ខាងលិចទល់នឹងអៀង ធារ័ត្ន។

យ៉ាងណាក៏ដោយចុះ ករណីទំនាស់កាយផ្តាច់ផ្លូវខាងលើនេះ ត្រូវបានប្រជាពលរដ្ឋ ដាក់ពាក្យប្តឹងទៅកាន់តុលាការរួចហើយ នៅដើមសប្ដាហ៍នេះ ពីបទបំផ្លិតបំផ្លាញទ្រព្យសម្បត្តិសាធារណៈ៕

អត្ថបទដែលជាប់ទាក់ទង