កម្ពុជា នឹង​បន្ត​ទទួលរង​ឥទ្ធិពល​ព្យុះ​ ហើយត្រូវប្រយ័ត្នបាតុភូត​ផ្គររន្ទះខ្យល់​កន្ត្រាក់ ជាពិសេស​ជំនន់​ទឹកភ្លៀង ចាប់ពី​ថ្ងៃទី​១៨-២០ ខែតុលា​

រាជធានីភ្នំពេញ​៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម បានជូនដំណឹងដល់​សាធារណជន ក៏ដូចជាបងប្អូនប្រជាពលរដ្ឋ ឲ្យបន្ត​ការប្រុងប្រយ័ត្ន​ ចំពោះ​បាតុភូត​ផ្គរ រន្ទះ ខ្យល់​កន្ត្រាក់ ជាពិសេស​ប្រជាពលរដ្ឋ​រស់នៅ​ទតំបន់ទំនាប ក្បែរ​ផ្លូវទឹក និងជាប់​តំបន់ភ្នំជាដើម ត្រូវប្រុងប្រយ័ត្ន​ខ្ពស់ ចំពោះ​ជំនន់​ទឹកភ្លៀង ចាប់ពី​ថ្ងៃទី​១៨ ដល់ថ្ងៃទី២០ ខែតុលា​ ឆ្នាំ២០២០។

ដោយឡែកចំពោះ អ្នកនេសាទ និង​អ្នកដំណើរ​សមុទ្រ ក៏ត្រូវមានការប្រុងប្រយ័ត្ន​ដូចគ្នាដែរ ព្រោះនឹងមានភ្លៀង​ធ្លាក់​ច្រើន​ លាយឡំ ខ្យល់​បក់​ខ្លាំង និង​រលក​សមុទ្រ​ខ្ពស់ៗ ចាប់ពី​ថ្ងៃទី​១៦ ដល់ថ្ងៃទី២០ ខែតុលា​។​

ផ្តើមពីបញ្ហានេះ ​ក្រសួង​ធនធានទឹក និង​ឧតុនិយម បានចេញសេចក្តីជូនដំណឹង នៅ​ព្រឹក​ថ្ងៃទី​១៣ ខែតុលា ឆ្នាំ​២០២០នេះថា នៅលើ​សមុទ្រ​ចិន​ខាងត្បូង បានកើត​ព្យុះ​ទី​១៦ ឈ្មោះ ណា​ង​កា​។ ហើយថា តាម​ការ​ព្យាករ ព្យុះ​នេះ នឹង​ឆ្លងកាត់ឈូង​សមុទ្រ​តុងកឹង រួចឆ្លងកាត់​កោះ​ហៃណាំ មុននឹង​ចូលមកដល់​ភាគ​ខាងជើង​ប្រទេសវៀតណាម នៅ​ថ្ងៃទី​១៥ ខែតុលា​។

សេចក្តីជូនដំណឹងដដែល បញ្ជាក់ថា ក្នុង​រង្វង់​ថ្ងៃទី​១៦-១៧ ខែតុលា ព្យុះ​ថ្មី​មួយទៀត នឹង​កើតឡើង ដែល​រាប់​ថា ជា​ព្យុះ​ទី​១៧ ឈ្មោះ សូ​ដែល ដែលមាន​កម្លាំង​ខ្លាំង​អស្ចារ្យ។

តាម​ការរំពឹងទុក ព្យុះ​នេះ នឹង​ចូល​ប្រទេស​វៀតណាម ត្រង់ចំណុច​គី​ញើ​ន រួច​បន្ថយឥទ្ធិពល​ជា​បន្តបន្ទាប់ ដោយ​បន្ត​ឆ្លងកាត់​ចូល​ប្រទេសកម្ពុជា​យើង តាម​ខេត្តរតនគិរី នាថ្ងៃទី​១៨-១៩ ខែតុលា ក្នុង​កម្លាំង​ជា​វិ​សម្ពាធ និ​ងសម្ពាធ​ទាប​។​

ត្រង់ចំណុចនេះ ​ក្រសួង​ធនធានទឹក បានប្រកាសថា ស្ថិតក្នុងស្ថានភាព​បែបនេះ នឹងបណ្តាលឲ្យ​បណ្តា​ខេត្ត នៅ​តំបន់​វាលទំនាប​កណ្តាល មាន​សីតុណ្ហភាព​ចន្លោះពី ២៣-២៩°C នឹង​អាចមាន​ភ្លៀង​ធ្លាក់​រាយប៉ាយ ក្នុង​កម្រិត​បរិមាណ​ពី​តិច​ទៅ​បង្គួរ​។

នៅ​ថ្ងៃទី​១៨-១៩ ខែតុលា នៅតាមបណ្តា​ខេត្ត​នៅ​វាលទំនាប​មួយចំនួន ពិសេស​នៅ​ភាគ​ពាយ័ព្យ និង​ភាគ​ខាងជើង នឹង​អាចមាន​ភ្លៀងធ្លាក់ ពី​បង្គួរ ទៅ​ច្រើន​។​

​ដោយឡែក បណ្តា​ខេត្ត​ជាប់​ជួរ​ភ្នំ​ដងរែក និង​ខ្ពង់រាប​ឦសាន ក៏ត្រូវ​បាន​ក្រសួង​ធនធានទឹក ប្រកាសថា សីតុណ្ហភាព មាន​ចន្លោះពី ២១-២៨°C នឹង​អាចមាន​ភ្លៀង​ធ្លាក់​រាយប៉ាយ នៅក្នុង​កម្រិត​បរិមាណ​ពី​មធ្យម ទៅ​បង្គួរ​។

រីឯ​តំបន់​មាត់សមុទ្រ មាន​សីតុណ្ហភាព​ចន្លោះពី ២២-២៨°C នឹង​អាចមាន​ភ្លៀង​ធ្លាក់​រាយប៉ាយ នៅក្នុង​កម្រិត​បរិមាណ​ពី​មធ្យម ទៅ​បង្គួរ​។

ចំណែកនៅលើ​ផ្ទៃសមុទ្រ នឹង​អាចមាន​ភ្លៀង​ធ្លាក់​ច្រើន លាយឡំ​ខ្យល់​បក់បោក និង​រលក​សមុទ្រ​ខ្ពស់ៗ​។

គួររំលឹកថា ចាប់តាំងពីថ្ងៃទី៩ ខែតុលា ឆ្នាំ២០២០មក កម្ពុជាទទួលរងឥទ្ធិពលព្យុះជាបន្តបន្ទាប់ និងបង្កជាជំនន់ទឹកភ្លៀង ដែលគិតមកដល់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ គឺជំនន់ទឹកភ្លៀង​ បានជន់លិចរាជធានី-ខេត្តចំនួន ១៧។ ហើយក្នុងនោះ ខេត្តជាប់ព្រំដែនថៃ បានរងផលប៉ះពាល់ធ្ងន់ធ្ងរជាងគេ គឺខេត្តពោធិ៍សាត់, បាត់ដំបង, បន្ទាយមានជ័យ និងខេត្តប៉ៃលិន​៕

អត្ថបទដែលជាប់ទាក់ទង