បញ្ចប់ការពង្រីក និងជួសជុលផ្លូវរត់(Runway) នៅអាកាសយាន្តដ្ឋានអន្តរជាតិ ខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃអង្គារ ទី១៣ ខែតុលា ឆ្នាំ២០២០នេះ លោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការអាកាសចរណ៍សុីវិល​ និង លោក គួច ចំរើន អភិបាល នៃគណៈអភិបាល ខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីក្នុងពិធីសូត្រមន្តប្រោះព្រំ បញ្ចប់ការងារពង្រីក និងជួសជុលផ្លូវរត់(Runway) នៅអាកាសយាន្តដ្ឋានអន្តរជាតិ ខេត្តព្រះសីហនុ ស្ថិតនៅឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ផ្លូវរត់យន្តហោះ(Runway)នេះ ធ្វើឡើងក្រោមកម្មវិធីវិនិយោគ ដែលមានទឹកប្រាក់ចំនួន ៥៨ លានដុល្លារអាមេរិក ត្រូវបានគ្រោងឱ្យដំណើរ ការជាផ្លូវការនៅក្នុងត្រីមាសចុងក្រោយ នៃឆ្នាំ២០២០ ដើម្បីឆ្លើយតប ទៅនឹងសន្ទុះ នៃកំណើនអ្នកដំណើរ។

ផ្លូវរត់យន្តហោះ(Runway)នេះ នឹងអាចទទួលការចុះចតយន្តហោះធំៗ (កូដ E) ដូចជាយន្តហោះ B-777-300ER ឬយន្តហោះ A-350- 1000 ដែលធ្វើប្រតិបត្តិការហោះហើរត្រង់ ក្នុងរយៈចម្ងាយឆ្ងាយ ទៅមក​ពីអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ។

សូមបញ្ជាក់ថា ក្នុងរយៈពេល ០៥ឆ្នាំចុងក្រោយនេះ ខេត្តព្រះសីហនុ បានក្លាយជាទិសដៅគួរឲ្យទាក់ទាញតាមរយៈកំពង់ផែសមុទ្រទឹកជ្រៅ ដែលស្ថិតនៅក្រោមដំណើរការអភិវឌ្ឍ និងឆ្នេរសមុទ្រធម្មជាតិយ៉ាងស្រស់ស្អាត ដែលបានទាក់ទាញវិនិយោគិន ធុរកិច្ច និងភ្ញៀវទេសចរជាតិ-អន្តរជាតិយ៉ាងច្រើនកុះករ។

ដើម្បីប្រើប្រាស់សក្តានុពល​ដ៏សំបូរបែប របស់ខេត្តព្រះសីហនុ រាជរដ្ឋាភិបាលកម្ពុជា​ បានកំណត់អាទិភាពទៅលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងការអភិវឌ្ឍបណ្តាញតភ្ជាប់ផ្លូវអាកាស និងដើម្បីឆ្លើយតបនឹងតំរូវការជាក់ស្តែង​ អាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ បានជង្រីកផ្លូវរត់បន្ថែមពី ២,៥០០ម៉ែត្រ ឲ្យដល់ ៣,៣០០ម៉ែត្រ បន្ថែមពីលើការពង្រឹងផ្លូវផ្លូវយន្ត ហោះឡើងចុះ (airstrip) នាពេលបច្ចុប្បន្ន៕

អត្ថបទដែលជាប់ទាក់ទង