ប្រជាពលរដ្ឋរស់នៅតាមសណ្ដរស្ទឹងព្រែកត្នោត ក្នុងខណ្ឌដង្កោ ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ ព្រោះទឹកស្ទឹងព្រែកត្នោត ជនឡើងខ្លាំង

រាជធានីភ្នំពេញ៖ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានអំពាវនាវដល់ប្រជាពលរដ្ឋ ​រស់នៅតាមសណ្ដរស្ទឹងព្រែកត្នោត ក្នុងមូលដ្ឋានខណ្ឌដង្កោ ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ ព្រោះទឹកស្ទឹងព្រែកត្នោត កាន់តែហក់ឡើងខ្លាំង ហើយងាយប្រឈមគ្រោះថ្នាក់កើតឡើងជាយថាហេតុ។

លោក ឃួង ស្រេង បានអំពាវនាវដូច្នេះ នាងឱកាសដឹកនាំមន្ដ្រីជំនាញពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យស្ថានភាពតាមភូមិដ្ឋាន របស់ប្រជាពលរដ្ឋដែលត្រូវជំនន់ទឹកស្ទឹងព្រែកត្នោត វាយប្រហារនៅរសៀលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០នេះ។

នាឱកាសនោះ លោកអភិបាលរាជធានីភ្នំពេញ ក៏បានណែនាំឲ្យអភិបាលខណ្ឌដង្កោ ចុះចលនាប្រជាជនតាមភូមិ ចូលរួមលើកដី ធ្វើជាទំនប់ទប់ទឹក នៅតាមសណ្ដរស្ទឹងព្រែកត្នោត ជាពិសេសអ្នកមានដីតាមដងស្ទឹង ចូលរួមចែករំលែកជួយជាគ្រឿងចក្រ កាយដី ដើម្បីលើកជាទំនប់ ការពារទឹកហូរកុំឱ្យដល់ភូមិដ្ឋានផ្សេងទៀត ដូចនៅសង្កាត់គងនយ ខណ្ឌដង្កោ និងមួយផ្នែកទៀតនៅស្រុកកណ្តាលស្ទឹងខេត្តកណ្តាល ។

គិតត្រឹមម៉ោង៣រសៀល ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០នេះ ប្រជាពលរដ្ឋចំនួន៧៧១គ្រួសារ រស់នៅខណ្ឌដង្កោ ត្រូវបានទឹកជំនន់វាយប្រហារ។

ចំណែក ស្ថានភាពទឹកនៅទ្វារទំនប់អាងទឹក ៧មករា ព្រឹកថ្ងៃទី១៣ ខែតុលានេះ ទឹកមានកម្ពស់ ៨,៨០ម៉ែត្រ បើធៀបថ្ងៃម្សិលមិញមានការកើនឡើង ០,៤៥ម៉ែត្របន្ថែមទៀត គឺ លើសកម្ពស់ទឹក តម្រូវឲ្យមានការប្រុងប្រយ័ត្ន ដែលមានកម្ពស់៧ម៉ែត្រ ធ្វើឲ្យកម្ពស់ទឹកក្នុងស្ទឹងព្រែកត្នោត កើនឡើងជិតស្មើខ្នងទំនប់ នៅតាមទីទំនាបមួយចំនួន៕

អត្ថបទដែលជាប់ទាក់ទង