សម្តេច ហ៊ុន សែន សម្រេចបិទផ្លូវជាតិលេខ៣ ជាបណ្តោះអាសន្ន

រាជធានីភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសផ្អាកជាបណ្តោះអាសន្ន ការធ្វើចរាចរណ៍តាមផ្លូវជាតិលេខ៣ ចាប់ពីយប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០តទៅ រហូតដល់មានការជូនដំណឹងជាថ្មី។ ការសម្រេចផ្អាកធ្វើចរាចរណ៍ផ្លូវជាតិលេខ៣ភ្លាមៗនេះ ដោយសារស្ថានភាពជំនន់ទឹកភ្លៀង កំពុងវាយលុកយ៉ាងគំហុក នៅខេត្តកំពង់ស្ពឺ និងនៅរាជធានីភ្នំពេញ។

ទាក់ទិនបញ្ហានេះ លោក​ ឃួង​ ស្រេង​ អភិបាល​រាជធានី​ភ្នំពេញ​ ក៏បានគោរព​រាយការណ៍​ជូន​សម្ដេចតេជោ​ ហ៊ុន​ សែន​ តាម​ទូរស័ព្ទ​អំពី​សភាពការណ៍​ទឹក​ជំនន់​ កាលពីយប់ថ្ងៃទី១៣ ខែតុលាថា ទឹកជំនន់ដែលមកតាមទំនប់សណ្តរស្ទឹងព្រែកត្នោត គឺបុកទៅខាងត្បូង ហូរតាមស្រុកកណ្តាលស្ទឹងវិញ អត់ហូរទៅខាងខណ្ឌដង្កោនោះទេ។

មន្ត្រីរដ្ឋបាលខណ្ឌដង្កោ រាជធានីភ្នំពេញ បានឱ្យដឹងថា ជំនន់ទឹកភ្លៀងជន់ឡើងតាមសណ្ដទឹកស្ទឹងព្រែកត្នោត បានធ្វើឲ្យជន់លិចផ្ទះ ប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់ គងនយ សង្កាត់ទៀន សង្កាត់ស្ពានថ្ម និងសង្កាត់សាក់សំពៅ៕

អត្ថបទដែលជាប់ទាក់ទង