នគរបាលក្រសួងមហាផ្ទៃ បង្ហាញលទ្ធផលបង្ក្រាបគ្រឿងញៀន និងសារធាតុគីមីផ្សំជិត៣តោន

រាជធានីភ្នំពេញ៖ កម្លាំងសមត្ថកិច្ចក្រសួងមហាផ្ទៃ បានបង្ហាញលទ្ធផល នៃការបង្ក្រាបគ្រឿងញៀន និងសារធាតុគីមីផ្សំជិត ៣តោន ដែលជនល្មើសនាំឆ្លងដែនពីប្រទេសឡាវ ចូលមកប្រទេសកម្ពុជា ដើម្បីនាំបន្តទៅកោះតៃវ៉ាន់។ ប្រតិបត្តិការនេះ សមត្ថកិច្ច ចាប់ខ្លួនជនជាតិចិនតៃវ៉ាន់ ចំនួន ០៤នាក់។

ករណីបង្ក្រាបទ្រង់ទ្រាយធំនេះ សមត្ថកិច្ច បានប្រមូលភស្តុតាង និងកសាងសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យ ០៤នាក់ ទៅកាន់តុលាការ នៅថ្ងៃពុធ ទី១៤ ខែតុលា ឆ្នាំ២០២០នេះ។

យុទ្ធនាការបង្ក្រាបការដឹកជញ្ជូន ជួញដូរឆ្លងដែន និងរក្សាទុកកែឆ្នៃគ្រឿងញៀនខុសច្បាប់ ចេញពីប្រទេសឡាវ ឆ្លងកាត់ប្រទេសកម្ពុជា ឆ្ពោះទៅកោះតៃវ៉ាន់ខាងលើនេះ បានធ្វើឡើងកាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២០ នៅខេត្តព្រះសីហនុ ចំនួន ០៣គោលដៅ និងនៅរាជធានីភ្នំពេញ ០៤គោលដៅ។

របាយការណ៍ របស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានបង្ហាញថា គ្រឿងញៀន ដែលសមត្ថកិច្ច ដកហូតបានមានទម្ងន់ ២១០៦គីឡូក្រាម និង២១៥,៨៩ក្រាម ព្រមទាំងសារធាតុគីមីផ្សំ ៦០០គីឡូក្រាម ហើយមានតម្លៃប្រមាណ ១០លានដុល្លារអាមេរិក។

ជាលទ្ធផល នៃប្រតិបត្តិការចុះបង្ក្រាបនេះ កម្លាំងសមត្ថកិច្ច បានចាប់ខ្លួនជនសង្ស័យចំនួន ០៤នាក់ ភេទប្រុស ជនជាតិចិន (តៃវ៉ាន់) រួមមាន៖

១- ឈ្មោះ ចិន ជឺជា (CHEN CHIH CHIEH) ហៅ JACKY ភេទប្រុស ជនជាតិចិនតៃវ៉ាន់ កាន់អត្តសញ្ញាណប័ណ្ណសញ្ជាតិតៃវ៉ាន់ លេខ 05196333 (អ្នកបញ្ជាការដឹកជញ្ជូន)។
២- ឈ្មោះ ចាង ឈិជឺ (Zhan Qi Zhi) ភេទប្រុស ជនជាតិចិនតៃវ៉ាន់ កាន់លិខិតឆ្លងដែនលេខ 313641977 (អ្នកដឹកជញ្ជូន)។
៣- ឈ្មោះ យ៉ូវ យ៉ាវជុង (YU Yao Tsung) ភេទប្រុស ជនជាតិចិនតៃវ៉ាន់ កាន់លិខិតឆ្លងដែនលេខ 352875960 (អ្នកដឹកជញ្ជូន)។
៤- ឈ្មោះ ឈិន ប៉ាវជីន (Chen Pao Jiun) ភេទប្រុស ជនជាតិចិនតៃវ៉ាន់ លិខិតឆ្លងដែនគ្មាន (អ្នកដឹកជញ្ជូន)។

ចំណែកជនសង្ស័យម្នាក់ទៀត ឈ្មោះ វូ ឈីសុន (WU Chi Hsun) ភេទប្រុស ជនជាតិចិនតៃវ៉ាន់ បានកាន់គ្រឿងញៀន លួចសំរូតចុះតាមបង្កាន់ដៃអគារ ហើយបានធ្លាក់ស្លាប់។

សមត្ថកិច្ច បានបញ្ជាក់ថា មុនឈានដល់ចុះបង្ក្រាបករណីជួញដូរគ្រឿងញៀនដ៏ធំនេះ គឺកម្លាំងជំនាញបានធ្វើការពន្លាតករណីនេះ ដោយស្រាវជ្រាវរកឃើញ ករណីរក្សាទុក និងប៉ុនប៉ង ផលិតកែច្នៃគ្រឿងញៀន ដែលពាក់ព័ន្ធករណី ដែលសមត្ថកិច្ចធ្លាប់បង្ក្រាបរួច រួចម្តងហើយ កាលពីថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២០កន្លងទៅ។

កាលនោះ សមត្ថកិច្ច បានឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ឈ្មោះ ចិន ជឺជា (CHEN CHIH CHIEH) ហៅ JACKY ភេទប្រុស ជនជាតិចិនតៃវ៉ាន់។

ចំពោះ វត្ថុតាងចាប់យកបានរួមមាន៖
– គ្រឿងញៀនប្រភេទកាទីណូន (Methcathinone) ចំនួន ៧៦បាវ ស្មើទម្ងន់ ១៩០០គីឡូក្រាម
– គ្រឿងញៀនប្រភេទមេតំហ្វេតាមីន (ICE) ទម្ងន់ ៥៩,៩៤ក្រាម
– គ្រឿងញៀនប្រភេទមេតំហ្វេតាមីន (WY) ទម្ងន់ ២,៣៦ក្រាម
– គ្រឿងញៀនប្រភេទអ៊ិចស្តាស៊ី អឹមឌីម៉ា (MDMA) ទម្ងន់ ២៦៧៥,៦០ក្រាម
– គ្រឿងញៀនកេតាមីន (Ketamine) ទម្ងន់ ៦២០,៩៩ក្រាម
– គ្រឿងញៀនប្រភេទ នីមេតាហ្សេប៉ាម ទម្ងន់ ១៣២៧៥ ក្រាម
– សារធាតុគីមីប្រភេទ ភីអឹមខេ (អឹមឌីភីធូភី) មេទីលគ្លីស៊ីដេត PMK(MDP2P) Methyl Glycidate ចំនួន២៤បាវ ស្មើទម្ងន់ ៦០០ គីឡូក្រាម (តារាង៤)
– សារធាតុផ្សំ អេតាណុល ៣៧កាដុង ស្មើទម្ងន់ ៧០៣ គីឡូក្រាម
– សារធាតុផ្សំ ០៤កញ្ចប់ ទម្ងន់១០គីឡូក្រាម (មិនច្បាស់លាស់)
– សារធាតុផ្សំ កាហ្វេអ៊ី ទម្ងន់ ១០០៣,៩៤ក្រាម
– សារធាតុផ្សំ DEXTROSE ទម្ងន់២៤៤,៧៦ក្រាម
– ម៉ាស៊ីនផលិតកែច្នៃ ០១ឈុត។

សមត្ថកិច្ច បានបន្តថា ចំពោះករណីខាងលើនេះ កម្លាំងជំនាញ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានបន្តចុះស្រាវជ្រាវរកបក្ខពួក ដែលនៅសេសសល់ និងសហការជាមួយសមត្ថកិច្ច នៃបណ្តាប្រទេសពាក់ព័ន្ធ ដើម្បីស្រាវជ្រាវបង្ក្រាបឧក្រិដ្ឋជនជាមេក្លោងធំ យកមកផ្តន្ទាទោសតាមច្បាប់នាថ្ងៃខាងមុខ៕

អត្ថបទដែលជាប់ទាក់ទង