លោក កឹម សុខា ផ្ញើសាររំលែកទុក្ខប្រជាពលរដ្ឋរងគ្រោះទឹកជំនន់ និងនាំយកស្បៀងទៅឧបត្ថម្ភជូនពលរដ្ឋជាង១០០គ្រួសារ នៅខេត្តបាត់ដំបង..

ខេត្តបាត់ដំបង៖ នៅថ្ងៃពុធ ទី១៤ ខែតុលា ឆ្នាំ២០២០នេះ លោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ បានបង្ហោះសារ នៅតាមបណ្តាញសង្គមហ្វេសប៊ុក របស់លោកថា “ទោះបីមិនមានអ្វីធំដុំច្រើនក៏ដោយ ក៏ខ្ញុំ និងសហការី បានមកជួបមុខសួរសុខទុក្ខ​ និងបានរួមចំណែកផ្តល់ស្បៀងអាហារ ជូនបងប្អូន ដែលរងគ្រោះដោយទឹកជំនន់ ប្រមាណជាមួយរយគ្រួសារដោយផ្ទាល់ នៅស្រុករុក្ខគិរី​ ខេត្តបាត់ដំបង​ ហេីយខ្ញុំនឹងព្យាយាមចូលរួមចែករំលែកបន្តទៅទៀតតាមលទ្ធភាព​”។

មេបក្សប្រឆាំងរូបនេះ បន្តថា “ខ្ញុំសូមអំពាវនាវឲ្យបងប្អូនជនរួមជាតិ បន្តប្រុងប្រយត្ន័ខ្ពស់ចំពោះគ្រោះទឹកជំនន់នេះ។​ សូមខ្មែរជួយគ្នាក្នុងគ្រាអាសន្ន តាមលទ្ធភាពរៀងៗខ្លួន”។​

លោក កឹម សុខា ឲ្យដឹងដូច្នេះ រួចបញ្ជាក់ថា “ជាថ្មីម្តងទៀត ខ្ញុំសូមអរគុណសប្បុរសជន និងសូមអរគុណសមត្ថកិច្ច ដែលបាន​ និងកំពុងជួយសង្គ្រោះ បងប្អូនប្រជាពលរដ្ឋយើង។​ សូមឲ្យបងប្អូនជនរួមជាតិខ្មែរ មានសេចក្តីសុខ ចាកផុតគ្រោះ និងទុក្ខទាំងឡាយ”៕

អត្ថបទដែលជាប់ទាក់ទង