សម្ដេចក្រឡាហោម ស ខេង កោតសរសើរគណៈមេធាវី ដែលបានបំពេញការងារជាច្រើន ក្នុងការដោះស្រាយបញ្ហាសង្គម

រាជធានីភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានកោតសរសើរចំពោះគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានបំពេញការងារជាច្រើនចូលរួមចំណែកក្នុងការដោះស្រាយបញ្ហាសង្គម ។

សម្តេចក្រឡាហោមលើកឡើងដូចនេះ ធ្វើឡើងកាលពីព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ ខណៈសម្តេចបានអនុញ្ញាតជូនប្រតិភូគណៈមេធាវី ដឹកនាំដោយលោកមេធាវី សួន វិសាល ប្រធានគណៈមេធាវី ចូលជួបសម្ដែងការគួរសម នៅទីស្ដីការក្រសួងមហាផ្ទៃ ។

ជាកិច្ចស្វាគមន៍ សម្ដេចក្រឡាហោម បានចាត់ទុកការអញ្ជើញមកក្រសួងមហាផ្ទៃ របស់ប្រតិភូគណៈមេធាវីកម្ពុជា ថាជាការផ្ដួចផ្ដើមមួយដ៏ល្អប្រសើរ ដើម្បីផ្ដល់ឱកាសឲ្យភាគីទាំងពីរ បានជួបជែកពិភាក្សារួមគ្នាទាំងនៅក្នុងពេលនេះ និងសម្រាប់ពេលខាងមុខ ដើម្បីបុព្វហេតុពង្រឹងយុត្តិធម៌សង្គមនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

សម្ដេចក៏បានថ្លែងអបអរសាទរចំពោះជោគជ័យទាំងឡាយ ដែលគណៈមេធាវីកម្ពុជា ក្នុងរយៈពេលកន្លងមក ក៏ដូចជានៅក្នុងអាណត្តិបច្ចុប្បន្ននេះ បានបំពេញការងារជាច្រើនចូលរួមចំណែកក្នុងការដោះស្រាយបញ្ហាសង្គម។

សម្ដេចបានមានប្រសាសន៍ថា នៅក្រសួងមហាផ្ទៃ ក៏មានលោក ប៊ុន ហុន អតីតប្រធានគណៈមេធាវី បានមកជួយការងារច្បាប់ក្រសួងក្នុងឋានៈជារដ្ឋលេខាធិការផងដែរ។

សម្ដេចបញ្ជាក់ថា ក្រសួងមហាផ្ទៃ គឺជាក្រសួងដែលធ្វើកិច្ចការពាក់ព័ន្ធនឹងច្បាប់ច្រើន ទាំងការកសាងច្បាប់ និងការអនុវត្តច្បាប់ ដែលទាមទារឲ្យមានការប្រុងប្រយ័ត្ន ដើម្បីអនុវត្តឲ្យបានត្រឹមត្រូវ។ ដូច្នេះក្រសួងក៏ទាមទារឲ្យមានអ្នកច្បាប់មកចូលរួមជួយច្រើន ក្នុងនោះក្រសួងក៏មានក្រុមប្រឹក្សានីតិកម្ម ដើម្បីធានាថាគ្រប់កិច្ចការ គឺត្រូវតែអនុវត្តតាមច្បាប់ មិនមែនទៅតាមមាត់បុគ្គលនោះទេ។

នាឱកាសនោះ លោក សួន វិសាល ប្រធានគណៈមេធាវីកម្ពុជា មានប្រសាសន៍រាយការណ៍ជូនសម្ដេច ស ខេង ថា គិតមកដល់ពេលនេះ គណៈមេធាវីមានសមាជិកចំនួន១៧៥៦ ជាសមាជិកពេញសិទ្ធិ និងមេធាវីកម្មសិក្សាចំនួន៣៤៩នាក់ ដោយក្នុងអាណត្តិចុងក្រោយនេះ ចំនួនមេធាវីមានការកើនឡើង ដោយសារសេដ្ឋកិច្ចមានការរីកចំរើន តម្រូវការផ្លូវច្បាប់មានច្រើន ហើយគណៈមេធាវីក៏បានពង្រាយមេធាវីទៅកាន់ខេត្តដាច់ស្រយាល។

លោកបានបន្តថា ចំនួនមេធាវីនៅកម្ពុជា ប្រសិនបើប្រៀបធៀបនឹងចំនួនប្រជាពលរដ្ឋ គឺមេធាវីម្នាក់មានទំនៃការផ្ដល់សេវាកម្មច្បាប់ជូនប្រជាពលរដ្ឋដល់ទៅ១៥០០នាក់។

លោកក៏បានជម្រាបជូនសម្ដេចអំពីការងារកំណែទម្រង់ការងាររដ្ឋបាលនៅគណៈមេធាវី ដើម្បីឲ្យមានតម្លាភាព តាមរយៈការបង្កើតគោលនយោបាយហិរញ្ញវត្ថុ គ្រប់គ្រងបុគ្គលិក សុខមាលភាពមេធាវី និងប្រព័ន្ធគ្រប់គ្រងទិន្នន័យឯកសារ។

លោកប្រធានគណៈមេធាវី ក៏បានឲ្យដឹងដែរថា នៅក្នុងអាណត្តិនេះ គណៈមេធាវីបានទទួលអាគាររដ្ឋបាលបន្ថែមពីសាលាក្ដីខ្មែរក្រហម ដោយបានរៀបចំជាបន្ទប់រៀនចំនួន ០២បន្ទប់ គឺបន្ទប់បណ្ណាល័យ បន្ទប់ក្រុមប្រឹក្សាវិន័យ និងបន្ទប់ផ្សេងៗទៀតទៅតាមតម្រូវការចាំបាច់ របស់គណៈមេធាវី ខណៈការបណ្ដុះបណ្ដាលមេធាវីក៏ត្រូវបានកែទម្រង់ ដោយមានការបន្ថែមម៉ោងបង្រៀនផងដែរ។

លោកបន្ត ក៏បានសម្រេចបានបង្កើតក្រុមប្រឹក្សាវិន័យតូចនៅក្រោមក្រុមប្រឹក្សាវិន័យធំ ដោយរៀបចំឲ្យមានការជំនុំជម្រះដូចសវនាការនៅតុលាការ ដើម្បីឲ្យមេធាវីដែលមានរឿងអាចដាក់ភស្តុតាង ឬពលរដ្ឋដែលប្ដឹងមេធាវីអាចដាក់ភស្តុតាង និងមានសវនាការត្រឹមត្រូវស្របពេល ដែលការងារសង្គមក៏ត្រូវបានគណៈមេធាវីខិតខំបំពេញយ៉ាងសកម្ម ជាពិសេសការផ្ដល់សេវាមេធាវីឥតគិតកម្រៃជូនប្រជាពលរដ្ឋក្រីក្រ។

លោក សួន វិសាល បន្តថាក្នុងរយៈពេល៤ឆ្នាំកន្លងទៅនេះ គណៈមេធាវីបានទទួលក្ដីជួយជនក្រីក្រចំនួន១៥៣៧៣ករណី និងពីកូនក្ដីទូទី២៣៤២៩ករណី ក្នុងនោះមានស្ត្រី១៧០៥នាក់ និងកុមារ៥៩០៣នាក់ ដោយការងារនេះ គណៈមេធាវីបានទទួលការជួយគាំទ្រពីរាជរដ្ឋាភិបាល។ លោកបន្តកំណើនរឿងក្ដីនេះក៏ដោយសារទំនុកចិត្តពីកូនក្ដីដែលកន្លងមកធ្លាប់ពឹងលើមេធាវីសង្គមស៊ីវិល។

លោក សួន វិសាល មានប្រសាសន៍បន្តថាកន្លងមកនេះមេធាវីមានឱកាសធ្វើការងារផ្នែកសង្គមនេះបានច្រើន បន្ទាប់ពីមានការរៀបចំបន្ទប់មេធាវីនៅតាមពន្ធនាគារ ជាសមិទ្ធផលមួយដ៏ធំធេងរបស់សម្ដេចក្រឡាហោម ដែលបានផ្ដល់ឱកាសឲ្យគណៈមេធាវីបានរៀបចំសាងសង់បន្ទប់នៅតាមបណ្ដាពន្ធាគារ ដើម្បីបង្កើន និងពង្រឹងសេវាប្រឹក្សាច្បាប់ក្នុងពន្ធនាគារ និងបានជួបកូនក្ដីនៅកន្លែងនគរបាល។

ជាការតបស្នងចំពោះគុណូប្បការៈរបស់សម្ដេចក្រឡាហោម លោកប្រធានគណៈមេធាវី បានជម្រាបសម្ដេចថា គណៈមេធាវីបានសម្រេចគោរពជូនសម្ដេចនូវអាវកិត្តិយសថ្នាក់លេខ២ ដើម្បីជាអនុស្សាវរិ៍ និងការដឹងគុណចំពោះសម្ដេចដែលបានជួយគណៈមេធាវីក្នុងការងារពង្រឹងសេវាកម្មផ្នែកច្បាប់ និងយុត្តិធម៌សង្គម។

លោកប្រធានក៏បានស្នើសុំសម្ដេចបន្តជួយគណៈមេធាវីដើម្បីឲ្យវិជ្ជាជីវៈកាន់តែរឹងមាំ ក្នុងនោះក៏មានការជំរុញឲ្យមេធាវីអាចចូលជួបកូនក្ដីនៅកន្លែងនគរបាលបានច្រើន ជាងមុន ដោយសារកន្លែងខ្លះនៅមិនទាន់មានកិច្ចសហការពេញលេញនៅឡើយ លោកក៏បានស្នើសុំសម្ដេចពិនិត្យលទ្ធភាពឲ្យមេធាវីបាននៅប្រចាំការនៅការិយាល័យនគរបាលនីមួយៗដើម្បីអាចផ្ដល់មតិយោបល់ផ្នែកច្បាប់ចៀសវាងមានបញ្ហាពេលបញ្ជូនរឿងក្ដីទៅតុលាការ៕

អត្ថបទដែលជាប់ទាក់ទង