ភិក្ខុ ឡុង ចន្ថា ដែលមានរឿងអាស្រូវទាក់ទងញោមស្រីៗ បានផ្សឹកហើយ..

ខេត្តតាកែវ៖ ភិក្ខុ ឡុង ចន្ថា គង់នៅវត្តភ្នំបូរី ឃុំព្រែកផ្ទោល ស្រុកអង្គរបូរី ខេត្តតាកែវ ដែលមានរឿងអាស្រូវទាក់ទងញោមស្រីៗ ត្រូវបានផ្សឹកហើយ កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០។
នេះបើយោងតាមហ្វេសប៊ុកផេកផ្លូវការ របស់ ភិក្ខុ ឡុង ចន្ថា។

គួររំលឹកថា សម្តេចព្រះសង្ឃនាយក នន្ទ ង៉ែត បានសម្រេចមិនអោយ ភិក្ខុ ឡុង ចន្ថា គង់នៅវត្តភ្នំបូរី ឃុំព្រែកផ្ទោល ស្រុកអង្គរបូរី ខេត្តតាកែវ ស្ថិតនៅក្នុងភេទជាបុព្វជិត ក្នុងសាសនាបន្តទៀតបានឡើយ ។

សម្តេចព្រះសង្ឃនាយក នន្ទ ង៉ែត បានប្រគេនមកព្រះមេគណទាំង២៥ រាជធានី-ខេត្ត តាមរយៈលិខិតមួយ កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ កន្លងទៅ ថា «សូមព្រះមេគណទូទាំងប្រទេស កុំផ្តល់អាវាសដល់បុគ្គលរូបនេះ អោយស្នាក់បន្តក្នុងសាសនានេះតទៅទៀត។ ផ្ទុយទៅវិញ បើឃើញបុគ្គលរូបនេះ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ត្រូវសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធចាត់វិធានការ អោយលាចាកសិក្ខាបទតាមកិច្ចសន្យា របស់ខ្លួន ដែលបានធ្វើជាមួយសាលាគណខេត្តតាកែវ»។

គណៈសង្ឃនាយក បានឃើញថា ភិក្ខុ ឡុង ចន្ថា បានរំលោភលើកិច្ចសន្យា របស់ខ្លួន ដែលបានធ្វើជាមួយសាលាគណខេត្តតាកែវ ក្នុងសកម្មភាពប្រព្រឹត្តខុសវិន័យក្នុងអតីតកាលជាច្រើន លើកច្រើនសារមកហើយ ។

ភិក្ខុ ឡុង ចន្ថា ជាបុគ្គលមិនលុះក្នុងធម៌វិន័យ និង ការអប់រំ ជាអ្នកប្រទូស្តសារ៉ាយសាសនា ជាអ្នកមិនចម្រើនដល់សាសនា និង ជាអ្នកទំលុះរដ្ឋបាលសង្ឃ ពុំអាចអោយស្ថិតនៅក្នុងភេទជាបុព្វជិត ក្នុងសាសនាបន្តទៀតបានឡើយ៕

អត្ថបទដែលជាប់ទាក់ទង